ជាញឹកញយ បញ្ហាគ្រួសក្នុងតម្រងនោមតែងកើតឡើងនៅពេលជាតិកាល់ស្យូមមានវត្តមានច្រើនលើសពេកក្នុងតម្រងនោម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រួសក្នុងតម្រងនោមអាចបង្កការឈឺចាប់ខ្លាំងនៅពេលវាប្រែជាមានទំហំធំ។ ការទទួលទានទឹកច្រើនអាចជួយកម្ចាត់គ្រួសចេញពីតម្រងនោមបាន ប៉ុន្តែក៏នៅមានវិធីងាយៗផ្សេងទៀតដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ថាតើវិធីទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញនូវភេសជ្ជៈដែលអ្នកគួរទទួលទានដើម្បីកម្ចាត់គ្រួសចេញពីតម្រងនោម ៖
១. ទឹក
ជាធម្មតា យើងត្រូវបានណែនាំឲ្យទទួលទានទឹកពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលអ្នកចង់កម្ចាត់គ្រួសចេញពីតម្រងនោមនោះ ចូរទទួលទានឲ្យបានដល់ ១២ កែវទើបប្រសើរ។ បើទោះជាគ្រួសត្រូវបានកម្ចាត់ចេញហើយក៏ដោយ ក៏អ្នកគួរបន្តការទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្វះ ឬខ្សោះជាតិទឹកក្នុងរាងកាយ។ វិធីងាយបំផុតដើម្បីអាចដឹងថាតើរាងកាយខ្វះជាតិទឹក ឬក៏អត់នោះ គឺការពិនិត្យមើលលើពណ៌នៃទឹកនោម។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ ឬដិតខ្លាំង នោះបានន័យថា រាងកាយត្រូវការជាតិទឹកបន្ថែម។ ប្រសិនបើទឹកនោមមានពណ៌លឿងស្រាលនោះមានន័យថា រាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ហើយ។
២. ទឹកខ្មេះផ្លែប៉ោម
ចូរលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកធម្មតា ១ កែវ ហើយទទួលទានភេសជ្ជៈនេះជាប្រចាំនៅមុនពេលអាហារទាំង ៣ ពេល រហូតដល់អាការៈធូរស្បើយ។ អ្នកក៏អាចអនុវត្តរូបមន្តនេះម្ដង ឬ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់ការកកើតឡើងនូវគ្រួសក្នុងតម្រងនោម។ ទឹកខ្មេះផ្លែប៉ោមអាចជួយបំបែកគ្រួសក្នុងតម្រងនោមឲ្យក្លាយជាតូចរហូតអាចហូរចេញក្រៅបាន។
៣. ទឹកក្រូចឆ្មារ
វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់មួយទៀតនោះ គឺការទទួលទានទឹកក្រូចឆ្មារ។ ក្រូចឆ្មារជាប្រភពនៃសារធាតុ citrate ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជាតិសូដ្យូមមិនឲ្យប្រមូលផ្ដុំកកើតជាគ្រួស។ ការទទួលទានទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយទំហំនៃគ្រួសរហូតអាចហូរចេញពីតម្រងនោមបានយ៉ាងងាយ។ វាក៏ជួយរារាំងការរីកលូតលាស់នៃពពួកបាក់តេរីផងដែរ។
៤. ទឹកម្រះព្រៅ
អ្នកក៏អាចប្រើប្រាស់ទឹកម្រះព្រៅដើម្បីព្យាបាលជំងឺគ្រួសក្នុងតម្រងនោមបានផងដែរ។ ជាតិអាស៊ីត acetic ក្នុងទឹកម្រះព្រោះអាចជួយកាត់បន្ថយទំហំនៃគ្រួស និងបំបាត់ការឈឺចាប់បានប្រកបដោយប្រសិទ្ធិភាព។ កម្រិតនៃជាតិអាស៊ីតអ៊ុយរិកខ្ពស់ក៏ត្រូវបានកាត់បន្ថយដូចគ្នាជាមួយនឹងការទទួលទានទឹកម្រះព្រៅ។ អ្នកអាចប្រើប្រាស់ស្លឹកម្រះព្រៅស្រស់ ឬក្រៀមយកមកឆុង ឬធ្វើជាទឹកម្រះព្រៅស្រស់។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកទទួលទានភេសជ្ជៈនេះបានពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃ។ ប៉ុន្តែក៏កុំអនុវត្តន៍រូបមន្តនេះជាប្រចាំ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមថយចុះ, បង្កើរការហូរឈាម ហើយដល់ថ្នាក់កាត់បន្ថយកម្រិតនៃជាតិស្ករក្នុង
ឈាម។
៥. ទឹកដូង
ភេសជ្ជៈធម្មជាតិមួយទៀតដែលជួយកម្ចាត់គ្រួសក្នុងតម្រងនោម គឺទឹកដូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដូងឲ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ កែវក្នុងមួយថ្ងៃជាប្រចាំ ដើម្បីបង្កើនការឈឺនោមបង្ហូរគ្រួសចេញ។ ជាតិប៉ូតាស្យូមដែលមានវត្តមានក្នុងទឹកដូង ក៏អាចជួយបំបែកគ្រួសផងដែរ ដូច្នេះអ្នកអាចកម្ចាត់វាចេញពីតម្រងនោមបានយ៉ាងងាយ៕