បើសិនជារយៈពេលច្រើនឆ្នាំមកនេះ អ្នកពិបាករកវិធានការដើម្បីគ្រប់គ្រងសម្ពាធឈាម វាគួរតែដល់ពេលញ៉ាំផ្លែចេកហើយ។

ផ្លែចេកគឺជាប្រភពនៃជាតិប៉ូតាស្យូមពីធម្មជាតិដ៏ល្អបំផុតមួយ ហើយផ្លែចេកដ៏ធំមួយផ្លែមានប៉ូតាស្យូម ៤៨៧មីលីក្រាម ឬស្មើនឹង ១៤ភាគរយៈនៃតម្លៃប្រើប្រាស់ប្រចាំថ្ងៃ (Daily Value, DV)។ ការសិក្សាស្រាវជ្រាវជាច្រើនអោយដឹងថា អ្នកដែលញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូមជួយបន្ថយការប្រឈមមុខនឹងការឡើងសម្ពាធឈាមខ្ពស់ និងជំងឺដែលទាក់ទងគ្នាដូចជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
យោងទៅតាមអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យនេប៉ាលក្នុងប្រទេសអ៊ីតាលីបានអោយដឹងថា ទោះបីជាអ្នកធ្លាប់មានបញ្ហាសម្ពាធឈាមខ្ពស់រួចហើយក៏ដោយ ក៏ការញ៉ាំផ្លែចេកបានច្រើនប្រហែលជាជួយបន្ថយការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមបាន។ អ្នកស្រាវជ្រាវជឿថា ផ្លែចេកជួយរក្សាសម្ពាធឈាមបានតាមរយៈជួយបង្ការការកើតមានកំណកជាប់ជញ្ជាំងសរសៃឈាមអាកទែរ។ ការងាររបស់វាគឺការពារកុំអោយកូលេស្ទើរ៉ុល Low-density Lipoprotein ធ្វើអុកស៊ីតកម្ម។ នេះហើយជាហេតុផលដែលផ្លែចេកមានមុខនាទីដ៏ល្អមួយសម្រាប់ប្រឆាំងនឹងជំងឺក្រិនរឹងសរសៃឈាម ដែលជាមេបង្កជំងឺលើសម្ពាធឈាមខ្ពស់, គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល៕