អ្នកមានជំងឺទឹកនោមផ្អែមច្រើនតែត្រូវការញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតអោយបានច្រើន និងកាត់បន្ថយអាហារខ្លាញ់។ ទាំងអស់នេះសុទ្ធតែជារឿងល្អហើយ ប៉ុន្តែវាមិនមែនជាដំបូន្មានដ៏មានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នានោះទេ។
គ្រូពេទ្យបានរកឃើញថា នៅពេលមនុស្សមួយចំនួនមានជំងឺទឹកនោមផ្អែម ហើយញ៉ាំអាហារសម្បូរកាបូអ៊ីដ្រាតច្រើន វាងាយនឹងធ្វើអោយពួកគេកើនចំនួនខ្លាញ់ប្រភេទ Trigylcerides ខ្ពស់ ដែលវាជាភ្នាក់ងារធ្វើអោយកើតជំងឺបេះដូង។ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា នៅពេល មនុស្សមួយចំនួនប្តូរពីកាបូនអ៊ីដ្រាតមកប្រើខ្លាញ់វិញជាពិសេសខ្លាញ់នៅក្នុងផ្លែប័រ វាបែរជាធ្វើអោយខ្លាញ់បង្កគ្រោះថ្នាក់ក្នុងចរន្តឈាមថយចុះទៅវិញ។
ផ្លែប័រគឺជាប្រភពដ៏ល្អមួយនៃពពួកខ្លាញ់ Monounsaturated Fats ជាពិសេស Oleic Acid។ វេជ្ជបណ្ឌិត អាបប៊ីម៉ានយូ ហ្គាក (Dr. Abhimanyu Garg, MD)សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលអាហាររូបត្ថម្ភរបស់មនុស្ស នៅឯសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Texas Southwastern ក្នុងទីក្រុង Dallasនិយាយថា “យើងបានរកឃើញថា ខ្លាញ់ប្រភេទ Monounsaturated Fats ទាំងនេះជួយពង្រឹងដល់កម្រិតជាតិខ្លាញ់ក្នុងរាងកាយ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន”។
ការសិក្សាមួយមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងសុខភាព Oregon បានធ្វើទៅលើអ្នកជំងឺទឹកនោមផ្អែមចំនួន ១១នាក់ ដែលមានកម្រិតជាតិខ្លាញ់ទាប, របបអាហារកាបូអ៊ីដ្រាតខ្ពស់ និងរបបអាហារជាតិខ្លាញ់ Monounsaturated Fat ខ្ពស់ រយៈពេល ៦សប្តាហ៍។ ចំពោះអ្នកដែលមានកូឡេស្ទើរ៉ុលសរុប និងកូឡេស្ទើរ៉ុល LDL តម្រូវអោយបន្ថយរបបអាហារ។ អ្នកដែលមានកម្រិតខ្លាញ់ Triglyceride, ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងស៊ាំជាមួយអាំងស៊ុយលីនក៏ត្រូវធ្វើដូចគ្នាដែរ។
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រក្នុងប្រទេសម៉ិចស៊ីកូ បានធ្វើទៅលើស្ត្រីកើតជំងឺទឹកនោមផ្អែម ១៦នាក់ដែលមានរបបអាហារជាតិខ្លាញ់ខ្ពស់ ព្រមទាំងទទួលបានកាឡូរីពីខ្លាញ់នោះ ៤០ភាគរយ។ ខ្លាញ់ភាគច្រើនបានមកពីផ្លែប័រ។ ជាលទ្ធផលឃើញថា ខ្លាញ់ប្រភេទ Triglycerides មានការធ្លាក់ចុះប្រមាណ ២០ភាគរយ។ ផ្ទុយទៅវិញ ចំពោះស្ត្រីដែលញ៉ាំអាហារកាបូអ៊ីដ្រាតខ្ពស់ កម្រិតខ្លាញ់ Triglycerides ត្រូវបានថយចុះ ៧ភាគរយតែប៉ុណ្ណោះ។
វេជ្ជបណ្ឌិត ហ្គាក បន្ថែមទៀតថា “អ្វីដែលល្អចំពោះផ្លែប័រគឺថា វាផ្តល់អោយយើងនូវខ្លាញ់ Monounsaturated Fat យ៉ាងច្រើន។ អ្នកអាចទទួលបានខ្លាញ់ប្រភេទនេះ ២០ក្រាមដោយគ្រាន់តែញ៉ាំផ្លែប័រមួយផ្លែ” ៕