ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! នោះក៏ព្រោះតែអាហារមួយចំនួនមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយឱ្យស្បែកក្មេងជាងវ័យ, សុខភាពសក់, ឆ្អឹង, និងសន្លាក់រឹងមាំ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនការផលិតកូឡាជែន ៖
១. សាច់គោ
ជាប្រភពធម្មជាតិដ៏ប្រសើរបំផុតមួយនៃអាស៊ីតអាមីណូ និងកូឡាជែន។ ទោះជាយ៉ាងណាអ្នកមិនត្រូវទទួលទានច្រើនលើសកម្រិតឡើយ និងគួរញ៊ាំលាយជាមួយបន្លែផ្សេងៗ។
២. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពស្បែកទប់ស្កាត់ការបំផ្លាញកូឡាជែន។
៣. សាច់មាន់
ប្រសិនបើអ្នកឧស្សាហ៍ញ៊ាំសាច់គ្មានខ្លាញ់ និងចូលចិត្តសាច់មាន់ នោះអ្នកកំពុងតែផ្គត់ផ្គង់ឱ្យរាងកាយនូវកូឡាជែនដែលមានប្រភពពីធម្មជាតិហើយ។ កមាន់ និងឆ្អឹងខ្ចីជាផ្នែកដែលមានផ្ទុកសម្បូរដោយកូឡាជែនបំផុត! អ្នកអាចយកផ្នែកទាំងនេះមកចម្អិនជាទឹកស៊ុប។
៤. ស៊ុត
ជាប្រភពនៃអាស៊ីតអាមីណូដែលជួយបង្កើតកូឡាជែន។ ដូច្នេះកុំភ្លេចរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃផង។
៥. វីតាមីន C
រាងកាយមិនអាចផលិតវីតាមីន C បានដោយឯងឯងឡើយ ដូច្នេះវាចាំបាច់ណាស់ដែលអ្នកគួររួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីននេះក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែថាតើវីតាមីន C មានអ្វីពាក់ព័ន្ធនឹងកូឡាជែន? ការពិតនោះគឺ រាងកាយប្រើប្រាស់វីតាមីន C ដើម្បីផលិតកូឡាជែនផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមិនអាចរក្សាបាននូវកម្រិតវីតាមីន C គ្រប់គ្រាន់ទេនោះ អ្នកមិនត្រឹមតែឆាប់ជួបប្រទះនូវរោគសញ្ញានៃភាពចាស់តាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងងាយប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។ ម្ទេសផ្លោកក្រហម, ម្ទេសផ្លោកបៃតង, ក្រូចឆ្មារ, បឺរី, ប្រូខូលី និងដំឡូងបារាំងជាប្រភពដ៏ប្រសើរមួយចំនួននៃវីតាមីន C។
៦. ស័ង្កសី
ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងរក្សាសុខភាពឆ្អឹង។ ជាលទ្ធផលផ្សារភ្ជាប់នឹងការបង្កើតកូឡាជែនក្នុងរាងកាយផងដែរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ស័ង្កសីបង្កើនសកម្មភាពនៃកោសិកាដែលទទួលខុសត្រូវលើការផលិតកូឡាជែនក្នុងជាលិកាឆ្អឹង។ អយស្ទ័រ, គ្រាប់ធញ្ញជាតិ, សាច់ និងផលិតផលអាហារធ្វើឡើងពីទឹកដោះគោជាប្រសើរនៃស័ង្កសី។
- ក្រៅពីវីតាមីន C និងស័ង្កសី, សារធាតុចិញ្ចឹមផ្សេងទៀតដែលជួយបង្កើនការផលិតកូឡាជែនរួមមានទង់ដែង, អាស៊ីតខ្លាញ់អូមេហ្កា ៣ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕