ជំងឺក្រួសក្នុងតម្រងនោមអាចបង្កអាការៈព្រមានមួយចំនួនដែលអ្នកទាំងអស់គ្នាគួរយល់ដឹង។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈចំនួន ៥នៃជំងឺក្រួសក្នុងតម្រងនោម ៖
១. ឈឺចាប់ខ្លាំង
អ្នកអាចជួបប្រទះឈឺចាប់ខ្លាំងក្នុងពោះ, ខ្នង ឬក្រលៀន។ វាកើតឡើងនៅពេលក្រួសចាប់ផ្ដើមរំកិលនិងជាប់គាំងក្នុងបង្ហូរនោមតូចចង្អៀតបង្កើតជាសម្ពាធក្នុងតម្រងនោម។ ខណៈដែលក្រួសបំលាស់ទី, ការឈឺចាប់អាចចេញពីខ្នងទៅក្រលៀន។
២. ភាពប្រែប្រួលក្នុងទឹកនោម
ទឹកនោមអាចជួបប្រទះនូវភាពប្រែប្រួលមួយចំនួនកំឡុងពេលនៃជំងឺក្រួសក្នុងតម្រងនោម។
- អារម្មណ៍ចេះតែឈឺនោមញឹកញាប់និងមិនឈប់សោះអាចកើតមាននៅពេលក្រួសចាប់ផ្ដើមបំលាស់ទីទៅដល់ផ្លោកនោម។ វាក៏អាចបង្កជាអាការៈឈឺចាប់និងក្រហាយៗពេលកំពុងនោមផងដែរ។
- បរិមាណនៃទឹកនោមអាចថយចុះដោយសារក្រួសជាប់គាំងក្នុងបង្ហូរនោម។ វាក៏អាចនឹងបញ្ឈប់លំហូរនោមទាំងស្រុងតែម្ដង។
- ទឹកនោមអាចមានលាយឈាមដោយសារវត្តមាននៃក្រួសក្នុងបំពង់បង្ហូរនោម។ ក្លិនមិនល្អខ្លាំងនៃទឹកនោមអាចចង្អុលបង្ហាញថាអ្នកកំពុងឆ្លងមេរោគក្នុងតម្រងនោមដែលអាចធ្វើឱ្យទឹកស្រអាប់សម្បូរពពុះ។
៣. គ្រុនក្ដៅនិងព្រឺរងារ
សីតុណ្ហភាពខ្ពស់អាចលេចឡើងនៅពេលមានការឆ្លងមេរោគក្នុងផ្លូវបង្ហូរនោម ឬតម្រងនោម។ ជាលទ្ធផលអាចបណ្ដាលឱ្យមានផលវិបាកជាមួយនឹងជំងឺក្រួសក្នុងតម្រងនោម។
៤. ចង្អោរចង់ក្អួត
អាការៈចង្អោរចង់ក្អួរជាញឹកញយអមមកជាមួយការក្អួតតែម្ដង។ នេះកើតឡើងដោយសារតែតម្រងនោមនិងបំពង់រំលាយអាហារមានទំនាក់ទំនងសសៃប្រសាទរួមគ្នា។ រោគសញ្ញាទាំងនេះក៏អាចបង្កការឈឺចាប់ខ្លាំងផងដែរ។
៥. មានអារម្មណ៍ខ្សោយខ្លាំង ឬអស់កម្លាំង
មុខងារនៃតម្រងនោមនឹងត្រូវថយចុះប្រសិនបើអ្នកមានបញ្ហាក្រួសក្នុងតម្រងនោម។ ហើយដោយសារតែបែបនេះការប្រមូលផ្ដុំនូវជាតិពុលអាចកើតមានឡើងក្នុងរាងកាយ។ វាអាចមានឥទ្ធិពលលើការមានអារម្មណ៍របស់អ្នកដោយអាចនឹងអស់កម្លាំង ឬខ្សោយជាងធម្មតា។ ប្រសិនគួបផ្សំជាមួយការឈឺចាប់ខ្លាំងទៀតនោះ អ្នកអាចនឹងកាន់តែខ្សោយកម្លាំង។
- អ្នកកាន់តែងាយប្រឈមមុខខ្ពស់នឹងជំងឺក្រួសក្នុងតម្រងនោមប្រសិនបើអ្នក ៖
– មិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
– មានសាច់ញាតិកើតក្រួសក្នុងតម្រងនោម
– ឧស្សាហ៍ទទួលទានអាហារសម្បូរស្ករ, សូដ្យូម និងប្រូតេអ៊ីនច្រើនៗ
– ទទួលទានថ្នាំគ្រាប់វីតាមីន D និងថ្នាំគ្រាប់កាល់ស្យូម
– ធាត់លើសទម្ងន់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕