គ្រួសក្នុងតម្រងនោម គឺត្រូវបានកើតឡើងដោយសារតែ ជាតិអំបិល និង រ៉ែដែលមាននៅក្នុងទឹកនោមស្អិតជាប់ គ្នា រួចបន្ទាប់មកបង្កើតបានជា ដុំគ្រួស ។ពួកវាជាធម្មតា គឺមិនបណ្តាលអោយមានការឈឺចាប់អ្វីនោះទេខណៈពេលដែលវាស្ថិតនៅក្នុងតម្រងនោម ប៉ុន្តែពួកវាអាចធ្វើអោយមានការឈឺចាប់ធ្ងន់ធ្ងរ នៅពេលដែលវា ធ្វើដំណើរឆ្លងកាត់មកដល់ បំពង់ទឹកម៉ូត ( វាធ្វើអោយបំពង់ដែល ភ្ជាប់ពីតម្រងនោម ទៅ ប្លោកនោមរួមតូចចង្អៀត ) ដើម្បីចាកចេញពីរាងកាយ ក្នុងពេលបត់ជើងតូច ។
រោគសញ្ញារបស់ជម្ងឺគ្រួសក្នុងតម្រងនោម រួមមានដូចជា ការឈឺចាប់ធ្ងន់ធ្ងរ នៅផ្នែកណាមួយនៅតំបន់ចង្កេះគឺនៅខាងក្រោមប្រអប់ទ្រូង (ដែលគេហៅថា flank pain) ។ ការឈឺចាប់នេះ អាចរាលដាលដល់តំបន់ពោះផ្នែកខាងក្រោម ,ក្រលៀន និង តំបន់នៃសិរីរៈបន្តពូជ។ រោគសញ្ញាផ្សេងទៀតមានដូចជា វត្តមានឈាមនៅក្នុងទឹកនោម ( hematuria ), នោមឈឺ (dysuria) ឬ នោមញឹក និង ចង្អោរ ឬ ក្អួត ។
ដុំគ្រួសក្នុងតម្រងនោម គឺជាធម្មតាត្រូវបានព្យាបាលនៅឯគេហដ្ឋាន ជាមួយនឹងថ្នាំបំបាត់ការឈឺចាប់រហូតដល់វាជ្រុះចេញមក។ ចូរប្រាកដថា អ្នកទទួលទានសារធាតុរាវអោយបានគ្រប់គ្រាន់ ដូច្នេះអ្នកនឹងមិនខ្សោះជាតិទឹកនោះទេ។ ភាគច្រើន ដុំគ្រួសនេះនឹងជ្រុះចេញមក នៅក្នុងរយៈពេលពីរបីថ្ងៃ ។ ប្រសិនបើដុំគ្រួសហាក់ដូចជាមិន ជ្រុះចេញមកដោយខ្លួនវាទេ ឬ ធ្វើអោយអ្នកកាន់តែមានភាពឈឺចាប់ធ្ងន់ធ្ងរ ជំរើសនៃការព្យាបាលរួមមានដូចជាការព្យាបាលដោយរលករំញ័រ ( ការកិនគ្រួសក្នុងតម្រងនោមអោយម៉ដ្ឋ) ដែលវាអាចបំបែកដុំគ្រួសធំ អោយទៅជាបំណែកតូចៗដើម្បីអោយវាងាយធ្លាក់ចេញមក ឬ ក៏នៅក្នុងករណីកម្របំផុតគឺការវះកាត់យកវាចេញ ។
ប្រសិនបើដុំគ្រួសស្ទះនៅក្នុងបំពង់ទឹកម៉ូត្រ ឧបករណ៍ពិនិត្យមើលបំពង់ទឹកម៉ូត្រអាចត្រូវបានគេស៊កចូល ឆ្លង កាត់តាមរយៈ បំពង់បង្ហូរនោម និងប្លោកនោម ទៅកាន់ បំពង់ទឹកម៉ូត្រ ។ ដុំគ្រួសអាចត្រូវបានយកចេញដោយ ការប្រើកញ្ច្រែង តូចមួយនៅលើខ្សែដែលភ្ជាប់នឹងឧបករណ៍ថតឆ្លុះនៅក្នុងបំពង់ទឹកម៉ូត្រ។ ដុំគ្រួសនេះ ក៏អាចត្រូវ បានបំបែកផងដែរដោយការបាញ់កាំរស្មី និង បន្ទាប់មកទៀតវាត្រូវបានបង្ហូរចេញពីបំពង់ទឹកម៉ូត្រ ជាមួយនឹង សារធាតុរាវដែលត្រូវបានបាញ់បញ្ចូលដោយ ឧបករណ៍ពិនិត្យមើលបំពង់ទឹកម៉ូត្រ ។
ដុំគ្រួសក្នុងតម្រងនោមត្រូវបានចែកចេញជាបួនប្រភេទសំខាន់ៗ ហើយពួកវាអាចមានទំហំ តូចដូចគ្នាទៅនឹងគ្រាប់ខ្សាច់ ឬ ក៏អាចធំប៉ុនដុំបាល់កូនហ្គោល ។ គ្រួសក្នុងតម្រងនោម កើតមានឡើងជាញឹកញាប់ ចំពោះមនុស្សពេញវ័យ និង មានជាកម្រចំពោះកុមារ ៕