ការឈឺពោះចូលបន្ទប់ទឹកឥតឈប់ គឺជាអាការៈគួរឱ្យរំខាន់មួយដែលបង្កឡើងដោយការឆ្លងមេរោគពោះវៀន។ ជាញឹកញយបណ្ដាលមកពីវីរុសដែលលូតលាល់ក្នុងក្រពះពោះវៀនបង្កការឆ្លងមេរោគនិងការរលាក។ បញ្ហាឆ្លងមេរោគពោះវៀនជាធម្មតាមានរយៈពេលចាប់ពី ៦ថ្ងៃ ឬច្រើនជាងនេះអាស្រ័យលើថាតើស្ថានភាពធ្ងន់ប៉ុណ្ណា។ អ្នកដែលឆ្លងមេរោគពោះវៀនក៏អាចជួបប្រទះនូវអាការៈលាមកមានលាយឈាម, ឈឺចាប់សាច់ដុំ, អស់កម្លាំង, ចង្អោរចង់ក្អួត, ឈឺក្បាល, ព្រឺរងារ, ក្អួត និងគ្រុនក្ដៅ។ ជាលទ្ធផលទាញយកនូវថាមពលទាំងអស់ចេញពីខ្លួន។ ការទទួលទានហាក់ដូចជាមិនអាចផ្ដល់នូវកម្លាំងមកវិញទេ ខណៈដែលវាត្រូវបញ្ចេញមកវិញភ្លាមៗដដែល។ ក្នុងកម្រិតស្រាលវាអាចបាត់ទៅវិញក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែអាចយូរជាងនេះនឹងត្រូវការថ្នាំក្នុងករណីធ្ងន់ធ្ងរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយព្យាបាលការឆ្លងមេរោគពោះវៀនកម្រិតស្រាល ៖
១. ទទួលទានអាហាររាវៗ
ក្រពះនឹងបញ្ចេញចោលរាល់អ្វីដែលអ្នកទទួលទានកំឡុងពេល ២ថ្ងៃដំបូងនៃការឆ្លងមេរោគ។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហាររឹងៗដូចជាសាច់ និងបាយជាដើម ហើយគួរប្ដូរញ៊ាំអាហាររាវៗ។ អ្នកក៏អាចបង្កើនការទទួលទានទឹកបន្លែស្រស់ៗ, ទឹកផ្លែឈើស្រស់ ឬទឹកផ្លែឈើក្រឡុក និងទឹកធម្មតា។ ការធ្វើបែបនេះនឹងជួយព្យាបាលការរលាកក្នុងក្រពះនិងការឆ្លងមេរោគពោះវៀន។
២. ទទួលទានទឹកឱ្យបានច្រើន
វាជាការសំខាន់ណាស់ក្នុងការទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ ជាពិសេសកំឡុងពេលមានបញ្ហាឆ្លងមេរោគពោះវៀនដើម្បីបំបាត់ការឈឺចាប់ដែលបង្កឡើងដោយការរលាកនៃក្រពះពោះវៀន។ ទឹកជួយបន្ទន់លាមក, រក្សាជាតិទឹកក្នុងរាងកាយ និងបញ្ចេញចោលនូវវីរុសដែលបង្កបញ្ហា។ ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ក៏ចាំបាច់សម្រាប់ពន្លឿនភាពជាសះស្បើយរបស់រាងកាយផងដែរ។
៣. ទទួលទានខ្ញីមួយចំណិត
ខ្ញីមានផ្ទុកទាំងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងមេរោគដែលចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងមេរោគគ្រប់ប្រភេទក្នុងរាងកាយ។ វាជួយឱ្យចលនាពោះវៀនមានភាពប្រសើរឡើង, ព្យាបាលការរលាកនិងរោគសញ្ញាដទៃទៀតដែលបង្កឡើងដោយការឆ្លងមេរោគពោះវៀន។ អ្នកគ្រាន់តែកិនខ្ញី ១បន្ទះឱ្យក្លាយជាល្បាយខាប់ៗ បន្ទាប់មកសឹមលាបចូលពោះតែម្ដង។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ អ្នកក៏អាចច្របាច់ខ្ញីពី ២ ទៅ ៣បន្ទះ ឬចំណិតយកទឹកខ្ញីស្រស់ៗលាយជាមួយទឹកធម្មតា ១ពែង រួចបន្ថែមទឹកឃ្មុំបន្តិចចូល និងកូរឱ្យសព្វ សឹមទទួលទាន។
៤. ទឹកក្រូចឆ្មារស្រស់
ប្រសិនបើអ្នកត្រូវការសម្អាតពោះវៀន ព្រមទាំងកម្ចាត់ភាពមិនបរិសុទ្ធផ្សេងៗដែលបង្កការឆ្លងមេរោគពោះវៀន និងបញ្ហាស្ទះពោះវៀន, នោះអ្នកគួរចាប់ផ្ដើមទទួលទានភេសជ្ជៈក្រូចឆ្មារស្រស់ហើយ។ នេះក៏ព្រោះតែក្រូចឆ្មារមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យចលនាពោះវៀនមានភាពប្រសើរឡើង និងសម្រាលអាការៈដែលបង្កឡើងដោយការឆ្លងមេរោគពោះវៀន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗជាមួយអំបិល និងទឹកឃ្មុំក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនញ៊ាំអាហារពេលព្រឹករហូតដល់អ្នកឃើញនូវភាពប្រសើរឡើង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕