ការរលាកខ្នែងពោះវៀន គឺជាមូលហេតុមួយដែលបណ្តាលអោយមាន ការឈឺចាប់នៅក្នុងពោះយ៉ាងធ្ងន់ធ្ងរ ។ វាកើតមាន នៅពេលដែលខ្នែងពោះវៀន ដែលវាជាផ្នែកមួយនៃពោះវៀនធំ ក្លាយទៅជារលាក និង មានការចំលងរោគ ។

ជំងឺរលាកខ្នែងពោះវៀន គឺតែងតែកើតមានចំពោះមនុស្សដែលមានអាយុចន្លោះពី ១០ ទៅ ៣០ ឆ្នាំ ទោះបីជាវាអាចកើតមានចំពោះមនុស្សគ្រប់វ័យក៏ដោយ។
រោគសញ្ញាទូទៅរបស់ជំងឺរលាកខ្នែងពោះវៀនរួមមានដូចជា ៖
· ឈឺចាប់នៅត្រង់ពោះ។ ការឈឺចាប់នេះ អាចចាប់កើតមាននៅជុំវិញផ្ចិត ។
· ការឈឺចាប់នៅត្រង់ពោះ ដែលចាប់ឈឺខ្លាំងឡើង និង រាលដល់ផ្នែកខាងក្រោមផ្ចិត ទៅកាន់ផ្នែកខាងក្រោមស្តាំនៃពោះ ។
· មានការឈឺចាប់មិនព្រមបាត់ និង កាន់តែមានសភាពអាក្រក់ឡើងៗ នៅពេលដែលអ្នកធ្វើចលនា, ដើរឬ ក្អក ។
· ឈឺចាប់នៅផ្នែកណាមួយនៃពោះ ឬ នៅចំហៀងពោះ។
· ចង្អោរ, ក្អួត និង មានអារម្មណ៍ថាមិនចង់បរិភោគអ្វីទាល់តែសោះ ។
· មានការទល់លាមក, ឈឺចង្កេះ និង មានគ្រុនក្តៅបន្តិចបន្តួច ។
· មានអារម្មណ៍ជាទូទៅថាខ្លួនមានជំងឺ និង មានការឈឺចាប់ដែលពិបាកនឹងបរិយាយ។
ប្រសិនបើខ្នែងពោះវៀនដែលមានការរលាក មិនត្រូវបានវះកាត់យកចេញនោះទេ និង ការចំលងរោគមានសភាពកាន់តែអាក្រក់ ជញ្ជាំងរបស់ខ្នែងពោះវៀនអាចនឹងធ្លាយរហែក។ នៅពេលនោះវា អាចធ្វើអោយការចំលងរោគរាលដាលទៅកាន់ តំបន់ក្នុងពោះ ដែលវានឹងបណ្តាលអោយមានការរលាកស្រោមពោះ ។ ការរលាកស្រោមពោះគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលជាកម្រ វាអាចនាំអោយមានសេចក្តីស្លាប់ ។
រោគសញ្ញា
រោគសញ្ញាសំខាន់របស់ជំងឺរលាកខ្នែងពោះវៀន គឺការឈឺចាប់នៅត្រង់ពោះ ។ ការឈឺចាប់នេះអាចអោយអ្នកមានអារម្មណ៍ដូចជា មិនមានការរលាយអាហារ ឬ ក៏ហាក់ដូចជា អ្នកត្រូវការធ្វើចលនាពោះវៀន ឬ បញ្ចេញខ្យល់។មានអ្នកជំងឺភាគច្រើន មានអារម្មណ៍ឈឺចាប់ដំបូង នៅជិតផ្ចិត។បន្ទាប់មកទៀតវាធ្វើដំណើរទៅកាន់ផ្នែកខាងក្រោមស្តាំនៃពោះ ។
ប៉ុន្តែការឈឺចាប់នេះ អាចស្ថិតនៅផ្នែកផ្សេងទៀតនៃពោះ ឬ ស្ថិតនៅផ្នែកចំហៀងនៃពោះរបស់អ្នក។ការឈឺចាប់នេះ នឹងមានសភាពកាន់តែអាក្រក់ ប្រសិនបើអ្នកធ្វើចលនា ,ដើរ ឬ ក្អក។ អ្នកក៏អាចមាន គ្រុនក្តៅ ឬមានអារម្មណ៍ថា ឈឺក្រពះផងដែរ ។
មនុស្សជាច្រើនដែលមានជំងឺរលាកខ្នែងពោះវៀននេះ និយាយថា ការឈឺចាប់នេះគឺពិបាកនឹងបរិយាយណាស់។វា អាចមិនមានអារម្មណ៍ថាឈឺចាប់ដូចអ្វី ដែលអ្នកធ្លាប់ឈឺពីមុនមកនោះទេ។ វាក៏អាចថែមទាំង មិនមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែអ្នកប្រហែលជាអាចមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីកើតឡើងចំពោះអ្នក ។ ប្រសិនបើអ្នកមានការឈឺចាប់នៅក្នុងពោះក្នុងកំរិតមធ្យម ហើយវាមិនបានថមថយទាល់តែសោះ បន្ទាប់ពីរយៈពេល ៤ម៉ោងសូមហៅទូរស័ព្ទទៅកាន់គ្រូពេទ្យរបស់អ្នក ។ ហើយប្រសិនបើអ្នក មានការឈឺចាប់នៅក្នុងពោះធ្ងន់ធ្ងរ អ្នកត្រូវប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យអោយបានឆាប់រហ័ស ។
អ្នកប្រហែលជាអាចមានជំងឺរលាកខ្នែងពោះវៀន ប្រសិនបើ ៖
· អ្នកមានការឈឺចាប់នៅក្នុងពោះរបស់អ្នក។ ការឈឺចាប់នេះ អាចចាប់ផ្តើមនៅជុំវិញផ្ចិត។
· ការឈឺចាប់នៅក្នុងពោះអាចខ្លាំងជាងមុន និង ធ្វើដំណើរទៅកាន់ផ្នែកខាងក្រោមនៃផ្ចិតរបស់អ្នកចំហៀងខាងស្តាំ (នៅមួយភាគបួននៃពោះផ្នែកខាងក្រោមស្តាំ ) ។ នេះគឺជាកន្លែងដែលតែងតែកើតមាន នូវអារម្មណ៍ ឈឺចាប់នៅពេលដែលអ្នកមានជំងឺរលាកខ្នែងពោះវៀន ។
· ការឈឺចាប់នេះ គឺមិនបាត់ទៅណានោះទេ ហើយវានឹងមានសភាពកាន់តែអាក្រក់នៅពេលដែលអ្នក ធ្វើចលនា, ដើរ ឬ ក្អក ។
· អ្នកមានការឈឺចាប់នៅផ្នែកណាមួយនៃពោះ ឬ នៅចំហៀងពោះរបស់អ្នក ។
· អ្នកមានអារម្មណ៍ចង្អោរ ឬ ក្អួតមកពីរបីដង ។ អ្នកក៏អាចមានអារម្មណ៍ថា មិនចង់បរិភោគអ្វីទាល់តែសោះ។
· អ្នកមានការទល់លាមក, ឈឺចង្កេះ, គ្រុនក្តៅបន្តិចបន្តួច ឬ ហើមពោះ ។
មានអ្នកជំងឺខ្លះ មិនមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះទេ។ មនុស្សវ័យចាស់, កុមារដែលមានអាយុតិចជាងពីរឆ្នាំ និង ស្ត្រីមានផ្ទៃពោះអាចនឹងមិនមានការឈឺចាប់ នៅត្រង់ចំនុចផ្នែកខាងក្រោមស្តាំនៃពោះរបស់ពួកគេទេ។ មានអ្នកជំងឺផ្សេងទៀត មានអារម្មណ៍ថាឈឺចាប់ នៅចំហៀងនៃពោះ ដោយសារតែខ្នែងពោះវៀនរបស់ពួកគេ ស្ថិតនៅក្នុងស្ថានភាពផ្សេងគ្នាខុសពីសភាពប្រក្រតី ។
ការឈឺចាប់នៅក្នុងពោះ គឺជារឿងមួយដែលតែងតែកើតមាន។ វាក៏មានរោគសញ្ញាផ្សេងជាច្រើនទៀតដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងជំងឺរលាកខ្នែងពោះវៀននេះផងដែរ ។ ប៉ុន្តែដោយសារតែជំងឺនេះ អាចក្លាយទៅជាមានសភាពធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លី សូមទូរស័ព្ទទៅកាន់គ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ។
ការព្យាបាលនឹងមាន ភាពងាយស្រួលជាង ប្រសិនបើវាពុំមានការធ្លាយរហែក ។ចំពោះមនុស្សភាគច្រើន ជំងឺរលាកខ្នែងពោះវៀននេះ គឺមិនមានការធ្លាយរហែកនោះទេ រហូតដល់ពួកគេមានអារម្មណ៍ថាឈឺចាប់ខ្លាំង ក្នុងរយៈពេលយ៉ាងហោចណាស់ ២៤ម៉ោង ។
ការព្យាបាល
ការព្យាបាលតែមួយគត់សំរាប់ជំងឺរលាកខ្នែងពោះវៀន គឺការវះកាត់យកខ្នែងពោះវៀនដែលរលាកនេះចេញ ។គោលដៅចំបងនោះគឺ ដើម្បីយកខ្នែងពោះវៀននេះចេញ មុនពេលវាមានការធ្លាយបែក និង បាចសាចការចំលងរោគនៅក្នុងពោះ (ដែលនាំអោយមានការរលាកស្រោមពោះ) ។
ប្រសិនបើគ្រូពេទ្យមិនប្រាកដថាអ្នកមានជំងឺនេះឬទេ អ្នកអាចនឹងត្រូវរង់ចាំក្នុងរយៈពេលជាច្រើនម៉ោង នៅឯផ្ទះឬ នៅក្នុងមន្ទីរពេទ្យ មុនពេលធ្វើការសំរេចចិត្តទទួលយកការវះកាត់ ។គ្រូពេទ្យ អាចនឹងអោយអ្នកត្រលប់ទៅផ្ទះនិង អោយអ្នកត្រលប់មកវិញនៅក្នុង រយៈពេល ៦ ទៅ ៨ម៉ោងដើម្បីធ្វើការពិនិត្យសារឡើងវិញ ។
ការវះកាត់យកខ្នែងពោះវៀនចេញ អាចធ្វើទៅបានដោយវិធីណាមួយក្នុងចំណោមវិធីពីរយ៉ាងគឺ ៖
ការវះកាត់ដោយប្រើឧបករណ៍ថតឆ្លុះពោះ ( laparoscopic) ឬ តាមវិធីវះកាត់តាមបែបបុរាណ។
អ្នកជំនាញមិនបាន យល់ស្របថាវិធីណាល្អជាងគេនោះទេ ។ វាជារឿយៗ គឺវាអាស្រ័យទៅលើអ្វី ដែលគ្រូពេទ្យជំនាញវះកាត់របស់អ្នកចូលចិត្តជាង។
ការវះកាត់ដោយប្រើឧបករណ៍ថតឆ្លុះ គឺប្រើនូវវិធីវះកាត់ ២ទៅ ៣ឆ្នូត ឯ ការវះកាត់បើកពោះតាមបែបបុរាណគឺប្រើស្នាមវះធំតែមួយគត់។ អ្នកជំងឺភាគច្រើនមានអារម្មណ៍ថាបានធូរស្រាលភ្លាមៗ បន្ទាប់ពីទទួលបានការវះកាត់រួច។ហើយមានអ្នកជំងឺខ្លះ អាចថែមទាំងត្រលប់ទៅផ្ទះវិញនៅក្នុងថ្ងៃដដែលនេះផងដែរ ។
ប្រសិនបើខ្នែងពោះវៀនរបស់អ្នកត្រូវបានធ្លាយបែក រួចវាមានការចំលងរោគនៅក្នុងពោះរបស់អ្នក អ្នកអាចនឹងត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលយូរជាងនេះ ។ ការព្យាបាលរបស់អ្នក ក៏រួមមានបញ្ចូលផងដែរនូវការចាក់សេរ៉ូម និង ប្រើនូវថ្នាំផ្សះ។ ការវះកាត់សំរាប់ខ្នែងពោះវៀនដែលធ្លាយបែក អាចនឹងមានភាពស្មុគស្មាញ ។
ប្រសិនបើអ្នកមានខ្នែងពោះវៀនដែលធ្លាយបែក អ្នកវិទ្យុព្យាបាល អាចនឹងដាក់បំពង់ ទៅក្នុងពោះរបស់អ្នកដើម្បីជួយយកចេញនូវការចំលងរោគមួយចំនួន មុនពេលអ្នកទទួលនូវការវះកាត់យកវាចេញ ។ នៅក្នុងករណីនេះ ខ្នែងពោះវៀននឹង ត្រូវបានយកចេញក្នុងរយៈពេល ២ទៅ៣សប្តាហ៍ក្រោយមកទៀត ។ បន្ទាប់ពីអ្នកបានយកខ្នែងពោះវៀននេះចេញមកហើយ គ្រូពេទ្យអាចនឹងទុកអោយស្នាមវះនេះចំហ ដើម្បីអោយវាជាសះពីផ្នែកខាងក្នុង ចេញមកក្រៅវិញ ។ អ្នកក៏អាច ត្រូវបានដាក់បំពង់បង្ហូរជាមួយនឹងមុខរបួស ដើម្បីបង្ហូរយកមេរោគចេញមកក្រៅ ។
អ្នកក៏អាចនឹងត្រូវ សម្រាកក្នុងមន្ទីរពេទ្យយូរជាងនេះ ប្រសិនបើអ្នកមានបញ្ហាសុខភាព ដែលអាចកា្លយទៅជាអាក្រក់ជាងមុន បន្ទាប់ពីការវះកាត់រួច ។
ពេលខ្លះវេជ្ជបណ្ឌិតនឹង ណែនាំអ្នកអោយទទួលយកការវះកាត់ ទោះជាពួកគេមិនប្រាកដថាអ្នកមានជំងឺរលាកខ្នែងពោះវៀននេះឬទេ។ ការវះកាត់អាចលុបចោលនូវឱកាស ដែលខ្នែងពោះវៀនអាចមានការធ្លាយបែក ។ប្រសិនបើអ្នកទទួលការវះកាត់ ហើយឃើញថា ខ្នែងពោះ វៀន របស់អ្នក មានសភាពធម្មតាក៏ដោយ ក៏វានៅតែត្រូវបានគេយកចេញ ដូច្នេះវានឹងមិនបណ្តាល អោយអ្នកមានបញ្ហាអ្វីនៅថ្ងៃអនាគតនោះទេ ។
ស្ថានភាពជំងឺផ្សេងទៀត ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺរលាកខ្នែងពោះវៀន
ការឈឺចាប់នៅផ្នែកមួយភាគបួន ផ្នែកខាងក្រោមស្តាំនៃពោះ ជារឿយៗតែងតែបង្ហាញប្រាប់ពី ជំងឺរលាកខ្នែងពោះវៀន។ ប៉ុន្តែស្ថានភាពផ្សេងទៀត អាចបណ្តាលអោយអ្នកមានការឈឺចាប់នៅត្រង់តំបន់នេះផងដែរ។
ពួកវារួមមាន ៖
· ការរលាកស្រទាប់ខាងក្នុងរបស់ក្រពះ និង ពោះវៀន ( ការរលាកក្រពះស្រួចស្រាវ acute gastroenteritis)
· ការរលាក lymph node នៅក្នុងក្រពះ ( mesenteric adenitis) .
· ជំងឺរលាកឆ្អឹងអាងត្រគាក ( Pelvic inflammatory disease) .
· កូនក្រៅស្បូន ( Ectopic pregnancey).
· ជំងឺដុំនៅអូវែ ( Ovarian cyst) ឬ ការរមួលអូវែ ( Ovarian torsion )
· ជំងឺរលាកពោះវៀនតូច និង ធំរុំារ៉ៃ (Crohn’s disease)
· Diverticulitis
· ការរលាកថង់នៃជាលិការបស់ចុងពោះវៀនតូច និងការលៀនចេញនូវពោះវៀនតូច ((Meckel’s diverticulum).
· ការរាំងស្ទះចលនាពោះវៀន (Bowel obstruction)
· ជំងឺមហារីក (Cancer )
· ជំងឺគ្រួសក្នុងតម្រងនោម ( Kidney stones)
· ការចំលងរោគតាមបំពង់នោម(Urinary tract infection) រួមមានការចំលងរោគនៅក្នុងតម្រងនោម
(Kidney infection) ផងដែរ ។