ចេកគឺជាផ្លែឈើដ៏អស្ចារ្យ សម្រាប់អត្ថប្រយោជន៍របស់សុខភាពទាំងមូលរបស់យើងរាល់គ្នាជាពិសេស សម្រាប់មនុស្សវ័យកណ្តាល , អ្នកតមអាហារ ឬ ថែមទាំងចំពោះអត្តពលករ គឺថាផ្លែចេកអាចនឹង ផ្តល់ គុណសម្បត្តិចំពោះពួកគេ បានច្រើនជាងប្រភេទផ្លែឈើដទៃទៀត។ សមាសធាតុរួមផ្សំនៃ សារជាតិកាបូ អ៊ីដ្រាត និង វីតាមីនB ដែលមាននៅក្នុងផ្លែចេក គឺអាចជួយផ្តល់នូវ ការជម្រុញដល់ថាមពល ដែលអាច ធ្វើអោយពួកវាមានភាពអស្ចារ្យ ក្នុងការទទួលទានវាអោយបាន ៣០នាទី មុនពេលអ្នកចាប់ផ្តើមធ្វើ សកម្មភាពរាងកាយ ឬ ថែមទាំងអាចផ្តល់ថាមពល អោយអ្នកនៅក្នុងពេលព្រឹក នៅពេលដែលបានញ៉ាំវា ។
គុណសម្បត្តិរបស់ផ្លែចេក
· ផ្លែចេកគឺ ផ្តល់ផលល្អចំពោះ បេះដូង និង សសៃប្រសាទ
ផ្លែចេក មានផ្ទុកកម្រិតប៉ូតាស្យូមដ៏ខ្ពស់ ដែលវាជាធាតុផ្សំដ៏សំខាន់ ក្នុងការជួយរក្សាដល់ ប្រព័ន្ធ បេះដូង និង សសៃប្រសាទ អោយមានសុខភាពល្អ។ ជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ ជាពិសេស សម្រាប់ការកន្ត្រាក់របស់សាច់ដុំអោយបានត្រឹមត្រូវ ហើយវា ក៏បានដើរតួនាទីយ៉ាង សំខាន់ចំពោះ ឥទ្ធិពលនៃសកម្មភាពរបស់សាច់ដុំ រួមមានដូចជា ៖ ការច្របាច់បេះដូង ក្នុងចង្វាក់ ធម្មតា, ការរំលាយអាហារ និង ការធ្វើចលនារបស់សាច់ដុំជាដើម ។ ការសិក្សាស្រាវជ្រាវ មួយចំនួន ក៏បានបង្ហាញផងដែរ នូវទំនាក់ទំនងរវាងការទទួលទានប៉ូតាស្យូមក្នុងបរិមាណតិច ជាមួយនឹង ជំងឺលើសសម្ពាធឈាម និង ការប្រឈមមុខខ្ពស់ នឹងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ មានប្រជាជនអាមេរិកភាគច្រើន មិនបានទទួលយកសារជាតិប៉ូតាស្យូម អោយបានគ្រប់គ្រាន់ ទៅក្នុងរបបអាហាររបស់ពួកគេ នោះទេ ( តាមការណែនោះ អ្នកត្រូវទទួលយកជាតិប៉ូតាស្យូម អោយបាន ៤ក្រាម ក្នុងមួយថ្ងៃ) និង បានធ្វើការស្តីបន្ទោស ទៅលើវប្បធម៌ នៃការទទួលទាន អាហារឆ្អិនស្រាប់ភ្លាមៗ ។ ការទទួលទានផ្លែចេក អោយបានពីរផ្លែជារៀងរាល់ថ្ងៃ គឺនឹងអាចជួយ អោយអ្នក ទទួលបាននូវកម្រិតប៉ូតាស្យូម ដូចតាមការណែនាំ ។
· ផ្លែចេក គឺផ្តល់ផលល្អ ចំពោះសុខភាពតម្រងនោម និង ឆ្អឹងរបស់អ្នក
អត្ថប្រយោជន៍របស់វា ចំពោះតម្រងនោម និង ឆ្អឹង គឺកើតមានដោយសារតែ កម្រិតដ៏ខ្ពស់នៃ សារជាតិប៉ូតាស្យូម ដែលមានផ្ទុកនៅក្នុងផ្លែចេកនេះ។ ការទទួលយកនូវ កម្រិតប៉ូតាស្យូម បានធម្មតា គឺនឹងជួយដល់ការបញ្ចេញនូវសារជាតិកាល់ស្យូម ទៅក្នុងទឹកនោម និង កាត់បន្ថយនូវ ការប្រឈមនឹង ជំងឺគ្រួសក្នុងតម្រងនោម។ ហើយ នៅក្នុងហេតុផលដូចគ្នានេះផងដែរ វាបានជួយ បន្ថយនូវការបាត់បង់ ជាតិកាល់ស្យូមពីរាងកាយ ដែលហេតុដូចនេះហើយ វាបានបន្ថយនូវឱកាស នៃការប្រឈមនឹង ជំងឺពុកឆ្អឹង ។
· ផ្លែចេក អាចធ្វើអោយអារម្មណ៍អ្នកប្រសើរឡើង ឬ អាចជាថ្នាំបំបាត់ការឈឺចាប់ក្នុងកម្រិតស្រាល
ផ្លែចេក មានផ្ទុកសារជាតិ tryptophan ( ទោះបីជាវា មិនមែនជាប្រភពដ៏សំបូរ ក៏កម្រិតមធ្យមនេះ មានផ្ទុកជាតិ tryptophan ប្រហែលជា ១០,៦ ក្រាម) ។ សារជាតិនេះ គឺជាប្រភេទមួយ នៃអាមីណូ អាស៊ីតទាំង ២០ ដែលអាចកសាងនូវ បណ្តុំប្រូតេអ៊ីន។ សារជាតិ tryptophan ជួយរាងកាយអោយ ធ្វើការផលិតនូវ serotonin ដែលមានឥទ្ធិពល ក្នុងការធ្វើអោយខួរក្បាលមានភាពស្ងប់សុខ និង មាននាទី ជាថ្នាំបំបាត់ការឈឺចាប់ ក្នុងកម្រិតស្រាល។ វាត្រូវបានគេកត់សម្គាល់ផងដែរថា វិធីតែ មួយគត់ ដែលអាចអោយខ្លួនប្រាណយើង ទទួលបានសារជាតិ tryptophan នេះ នោះគឺតាមរយៈរបបអាហាររបស់យើង ហើយវាមិនត្រូវបានផលិតតាមធម្មជាតិនោះទេ ។ ហេតុ ដូចនេះ ការញុំាផ្លែចេក គឺជាវិធីមួយដ៏ងាយស្រួល ក្នុងការទទួលបានពួកវា។
· ផ្លែចេក គឺល្អចំពោះឈាមរបស់អ្នក
ផ្លែចេក គឺជាប្រភពដ៏ខ្ពស់បំផុត នៃសារជាតិវីតាមីន B6 ដែលមានពីធម្មជាតិ ។ សារជាតិនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការបំលែងសារជាតិ tryptophan អោយទៅជា serotonin និង ជួយដល់រាងកាយ ក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលវាជាធាតុផ្សំដ៏សំខាន់មួយ នៅក្នុងឈាមរបស់អ្នក។ វីតាមីន B6 មានតួនាទីយ៉ាងសំខាន់ ក្នុងការផលិតអង្គបដិបក្ខ និង ធ្វើអោយការឆ្លើយតបរបស់ប្រព័ន្ធការពារភាពសុំា មានភាពប្រសើរឡើង។ វាក៏បានជួយផងដែរ ក្នុងការបំលែង ជាតិកាបូអ៊ីដ្រាត អោយទៅជា គ្លុយកូស ហេតុដូចនេះហើយ វាបានជួយដល់ការ រក្សាកម្រិតជាតិ ស្ករក្នុងឈាម អោយបានត្រឹមត្រូវ។ ផ្លែចេក គឺមានតម្លៃថោក និង ជាមធ្យោបាយដ៏ងាយស្រួល ក្នុងការបង្កើនសារជាតិវីតាមីន នៅក្នុងខ្លួនអ្នក ។
· ផ្លែចេក គឺផ្តល់ផលល្អចំពោះកុមារ
ផ្លែចេកគឺជា អាហារមួយដែលក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាកបានធ្វើការណែនាំចំពោះកុមារ ដែលបានជាសះស្បើយ ពីបញ្ហាក្រពះពោះវៀន ជាពិសេសគឺ ជំងឺរាគ។
· ផ្លែចេកគឺជា ប្រភពដ៏ល្អនៃពពួកអាហារជាតិសសៃ
ការទទួលទានផ្លែចេកមួយផ្លែ មានផ្ទុកជាតិសសៃ ១៦ភាគរយ ដែលនេះជាចំនួនដែលត្រូវបាន ណែនាំចំពោះ មនុស្សពេញវ័យ។ អាហារជាតិសសៃ គឺធ្វើអោយ ចលនារបស់ពោះវៀនមានភាព ងាយស្រួល។ ហើយអាហារដែលសំបូរជាតិសសៃ ក៏ត្រូវបានបង្ហាញថា មានទំនាក់ទំនងផងដែរ ជាមួយនឹងការប្រឈមនឹង គ្រោះថ្នាក់ទាបនៃជំងឺ បេះដូង និង ជំងឺទឹកនោមផ្អែមប្រភេទ ទីពីរ ៕