បញ្ហាអាឡែកស៊ីស្បែកមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយព្យាបាលបញ្ហាអាឡែកស៊ីស្បែកតាមបែបធម្មជាតិ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ផ្ទាល់លើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទីសឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃដើម្បីឆាប់ជាសះស្បើយ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូងសុទ្ធ ១០០ភាគរយបន្តិចលើបាតដៃ រួចញីប្រេងឱ្យក្ដៅបន្តិចសិន សឹមលាបផ្ទាល់លើស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ។ ទោះជាយ៉ាងណាប្រេងដូងមិនសាកសមសម្រាប់គ្រប់ប្រភេទស្បែកឡើយ, ដូច្នេះដើម្បីជាការប្រសើរចូរសាកល្បងលាបបន្តិចលើស្បែកត្រង់កន្លែងផ្សេងសិន មុនពេលលាបលើតំបន់ស្បែកដែលមានបញ្ហា។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយនេះ រួចលាបលើស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញី ១បន្ទះ ឬ១ចំណិតក្នុងទឹក ១ពែង រួចយកទៅដាក់ដាំឱ្យពុះ និងរម្ងាស់សម្រាប់រយៈពេល ៥នាទី។ ត្រងកាកខ្ញីចេញ និងទុកឱ្យត្រជាក់សិន សឹមប្រើប្រាស់ដុំសំឡីជ្រលក់ចូល ហើយលាបលើស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃជាប្រចាំ។ ខ្ញីមានលក្ខណៈសម្បត្តោប្រឆាំងការរលាកនិងប្រឆាំងពពួកមេរោគ។ ដូច្នេះវាដើរតួនាទីយ៉ាងអស្ចារ្យក្នុងការព្យាបាលស្បែកដែលអាឡែកស៊ី និងបំបាត់ការរលាក ព្រមទាំងភាពរមាស់ដែលមានទំនាក់ទំនងជាមួយគ្នានេះ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕