ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ជួបប្រទះនូវអាការៈហើម, អស់កម្លាំង និងឈឺចាប់ជើង ជាពិសេសអ្នកដែលចំនាយពេលឈររ៉ាប់ម៉ោងក្នុងមួយថ្ងៃៗ ព្រមទាំងអ្នកមិនឧស្សាហ៍ក្រោកធ្វើចលនា ឬលំហាត់ប្រាណ។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីលំហាត់ប្រាណងាយៗ ៥ប្រភេទជួយបំបាត់អាការៈឈឺជើងយ៉ាងឆាប់រហ័ស ៖
១. លំហាត់ប្រាណទី ១
ជាដំបូងគ្រាន់តែឈរត្រង់ខ្លួន និងដាក់ជើងទន្ទឹមគ្នា។ បន្ទាប់មកសឹមជំទើត ឬឈរដោយប្រើតែចុងម្រាមជើងឱ្យខ្ពស់តាមដែលអាចធ្វើទៅបាន និងទប់ខ្លួនបែបនេះសម្រាប់រយៈពេល ៣០វិនាទី សឹមទំលាក់ជើងឈររាបស្មើធម្មតាវិញ។ អនុវត្តសារឡើងវិញឱ្យបានពី ៥ ទៅ ១០ដង។
២. លំហាត់ប្រាណទី ២
ឈរត្រង់ខ្លួន រួចឈានជើងខាងស្ដាំទៅមុខ។ បន្ទាប់មកបោះជើងឆ្វេងទៅក្រោយ រួចប្រើម្រាមជើងទប់លំនឹងឈរបែបនេះសម្រាប់រយៈពេល ៣០វិនាទី។ អនុវត្តសារឡើងវិញ ៥ដងសម្រាប់ជើងម្ខាង។
៣. លំហាត់ប្រាណទី ៣
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទៅឈរជិតជញ្ជាំង រួចដាក់ដៃទាំងសងខាងទប់នឹងជញ្ជាំង។ បន្ទាប់មកបោះជើងខាងស្ដាំទៅក្រោយប្រើម្រាមជើងទប់ និងឈរបែបនេះសម្រាប់រយៈពេល ៣០វិនាទី។ អនុវត្តសារឡើងវិញ ៣ដងសម្រាប់ជើងម្ខាង។
៤. លំហាត់ប្រាណទី ៤
លំហាត់ប្រាណនេះអាចធ្វើបានទាំងពេលអង្គុយនិងពេលឈរ។ ជាដំបូងត្រូវដាក់កូនបាល់តូច ១ ក្រោមបាតជើង។ បន្ទាប់មកប្រើប្រាស់កម្លាំងជើងរំកិលកូនបាល់ពីកែងជើងទៅម្រាមជើង។ អនុវត្តសារឡើងវិញ ៥០ដងសម្រាប់ជើងម្ខាង។
៥. លំហាត់ប្រាណទី ៥
លំហាត់ប្រាណនេះជួយឱ្យជើងបានសម្រាកនិងបាត់ហើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគេងស្មើជិតជញ្ជាំងដោយអ្នកក៏អាចប្រើប្រាស់កន្សែងក្រាលក្រោមខ្នងផងដែរ។ បន្ទាប់មកដាក់ដៃសងខាងស្របតាមដងខ្លួន រួចសឹមដាក់ជើងត្រង់ដោយលើផ្អឹបនឹងជញ្ជាង ហើយត្រូវមុំកែងនៃដងខ្លួន។ នៅស្ងៀមបែបនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី និងអនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាការស្រេច។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕