ពិតណាស់ការការពារតែងប្រសើរជាងការព្យាបាល។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសញ្ញាព្រមានចំនួន ៨ ដែលលេចឡើង ១ខែមុនជំងឹគាំងបេះដូងវាយប្រហារ ៖
១. អស់កម្លាំង
ភាពអស់កម្លាំងខុសប្រក្រតីជារោគសញ្ញាចម្បងមួយដែលចង្អុលបង្ហាញអំពីហានិភ័យនៃជំងឺគាំងបេះដូង។ ស្ត្រីជាអ្នករាយការណ៍អំពីរោគសញ្ញាប្រភេទនេះច្រើនជាងបុរស។ សកម្មភាពផ្លូវកាយរ ឬចិត្តមិនមែនជាមូលហេតុតែមួយនៃភាពអស់កម្លាំងនោះទេ, ហើយវាអាចកើនឡើងនៅចុងបញ្ចប់នៃថ្ងៃរបស់អ្នក។ រោគសញ្ញានេះជាញឹកញយលេចឡើងយ៉ាងច្បាស់ដែលងាយនឹងសម្គាល់បានណាស់។ ពេលខ្លះអ្នកអាចនឹងអស់កម្លាំងសូម្បីតែក្នុងការធ្វើភារកិច្ចធម្មតាៗដូចជារៀបចំកន្លែងគេង ឬងូតទឹក។
២. ឈឺក្នុងពោះ
ការឈឺចាប់ក្នុងពោះ, ចង្អោរនៅពេលពោះទទេរ ឬបន្ទាប់ពីញ៊ាំឆ្អែត ឬសូម្បីតែហើមពោះក៏អាចជារោគសញ្ញាទូទៅបំផុតផងដែរ។ វាអាចកើតមានទាំងចំពោះស្ត្រីនិងបុរស។ ការឈឺក្នុងពោះមុនពេលគាំងបេះដូង គឺមានលក្ខណៈបែបបន្ទាប់ពីធូរស្រាលហើយ ឆាប់ត្រឡប់មកជាឈឺវិញក្នុងរយៈពេលខ្លី។ ភាពតានតឹងនៃរាងកាយអាចបណ្ដាលឱ្យអាការៈឈឺពោះកាន់តែធ្ងន់ធ្ងរឡើង។
៣. គេងមិនលក់
ការគេងមិនលក់ក៏អាចមានទំនាក់ទំនងផ្សារភ្ជាប់នឹងការកើនឡើងនូវហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាលផងដែរ។ ជាញឹកញយច្រើនកើតមានលើស្ត្រី! រោគសញ្ញារួមបញ្ចូលទាំងភាពពិបាកក្នុងការចាប់ផ្ដើមគេង, ពិបាកក្នុងការរក្សាដំណេក និងឆាប់ដឹងខ្លួននៅពេលព្រឹកព្រលឹមតែម្ដង។
៤. ភាពខ្លីនៃដង្ហើម
អ្នកអាចនឹងមានអារម្មណ៍ពិបាកដកដង្ហើម ឬជាអារម្មណ៍ខ្លាំងមួយនៃការមិនអាចដកដង្ហើមចូលជ្រៅបាន។ វាជាញឹកញយកើតមានទាំងក្នុងចំណោមបុរសនិងស្ត្រីសម្រាប់រយៈពេលដល់ទៅ ៦ខែមុននឹងការកើតមានជំងឺគាំងបេះដូង។ វាជាធម្មតា គឺជាសញ្ញាព្រមានមួយនៃបញ្ហាសុខភាពគួរឱ្យបារម្ភ។ ក្រៅពីភាពខ្លីនៃដង្ហើម អ្នកថែមទាំងអាចមានអារម្មណ៍ហាក់ដូចជាមិនអាចទទួលបានខ្យល់គ្រប់គ្រាន់ និងវិលមុខផងដែរ។
៥. ជ្រុះសក់
ការជ្រុះសក់ក៏អាចចាត់ទុកថាជារោគសញ្ញាគួរឱ្យកត់សម្គាល់មួយនៃជំងឺបេះដូងដែលច្រើនកើតមានលើបុរសវ័យលើសពី ៥០ឆ្នាំ។ ទោះជាយ៉ាងណាស្ត្រីមួយចំនួនក៏អាចស្ថិតក្នុងក្រុមដែលទទួលរងហានិភ័យគួរឱ្យកត់សម្គាល់។ ភាពទំពែកក៏មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនូវកម្រិតនៃអ័រម៉ូន cortisol។ ដូច្នេះអ្នកមិនគួរធ្វេសប្រហែសមិនអើពើឡើយ!
៦. ចង្វាក់បេះដូងលោតខុសប្រក្រតី
ចង្វាក់បេះដូងលោតមិនប្រក្រតី ឬការកើនឡើងនូវអត្រានៃចង្វាក់បេះដូងច្រើនកើតមានជាពិសេសក្នុងចំណោមស្ត្រី។ លំហាត់ប្រាណរាងកាយអាចផ្ដល់នូវការជម្រុញបន្ថែមដល់ការកើនឡើងនៃអត្រាចង្វាក់បេះដូង ជាពិសេសក្នុងករណីជំងឺក្រិនសសៃអាកទែ (atherosclerosis)។ ចង្វាក់បេះដូងលោតខុសប្រក្រតីអាចមានរយៈពេលយូរបំផុតត្រឹមតែពី ១ ទៅ ២នាទីប៉ុណ្ណោះ។ ប្រសិនបើមិនព្រមបាត់ទៅវិញទេ ហើយអ្នកមានអារម្មណ៍វិលមុខនិងអស់កម្លាំងខ្លាំង ចូរប្រញាប់ខលរកជំនួយភ្លាម។
៧. បែកញើសហួសប្រមាណ
ការបែកញើសច្រើនហួសប្រមាណ ឬខុសប្រក្រតីអាចជាសញ្ញាព្រមានដំបូងមួយនៃជំងឹគាំងបេះដូង។ វាអាចកើតឡើងគ្រប់ពេលមិនថាថ្ងៃ ឬយប់។ រោគសញ្ញានេះមានឥទ្ធិពលលើស្ត្រីច្រើនជាងបុរសនិងជាធម្មតាត្រូវបានយល់ច្រឡំជាមួយអាការៈនៃបញ្ហាអស់រដូវ។ អ្នកចាំបាច់គួរជួបទទួលការពិនិត្យឱ្យបានច្បាស់លាស់ប្រសិនបើការបែកញើសហួសប្រមាណមានអមមកជាមួយនូវរោគសញ្ញាដូចនៅពេលឈឺគ្រុនផ្ដាសាយ, ស្បែកស្អិតៗ ឬបែកញើសកំឡុងពេលសីតុណ្ហភាពមិនក្ដៅសោះ ឬមិនបានធ្វើសកម្មភាពរាងកាយគួរឱ្យកត់សម្គាល់ណាមួយ។ ការបែកញើសអាចកើតមានខ្លាំងនៅពេលយប់ដោយធ្វើឱ្យកម្រាលពូកសើមដល់ព្រឹកទៀត។
៨. ឈឺទ្រូង
ទាំងបុរសនិងស្ត្រីសុទ្ធតែអាចជួបប្រទះនូវអាការៈឈឺទ្រូង ប៉ុន្តែក្នុងទម្រង់ខុសពីគ្នា។ ចំពោះបុរស, រោគសញ្ញានេះសំដៅលើរោគសញ្ញាដំបូងសំខាន់បំផុតនៃការគាំងបេះដូងជិតកើតមានឡើងដែលមិនគួរត្រូវបានមើលរំលងឡើយ! ទោះជាយ៉ាងណារោគសញ្ញានេះជះផលប៉ះពាល់តែត្រឹម ៣០ភាគរយប៉ុណ្ណោះចំពោះស្ត្រី។ ការឈឺទ្រូងអាចរីករាលដាលទៅជាអារម្មណ៍មិនស្រួលត្រង់ដៃម្ខាង ឬទាំងសងខាង (ជាញឹកញយច្រើនកើតមានលើដៃផ្នែកខាងឆ្វេង), ចង្ការក្រោម, ក, ស្មារ ឬពោះ។ វាអាចកើតមានជាប់ជានិច្ច ឬត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕