តើអ្វីជាជំងឺឆ្កួតជ្រូក ?
ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ ។ ការប្រកាច់នេះគឺកើតដោយសារតែ សន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី ។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹង ការគ្រប់គ្រងសាច់ដុំ, ចលនា, ការនិយាយស្តី, ការមើលឃើញ ឬ ស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង ។ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និង កាត់បន្ថយនូវការប្រកាច់ ។
ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬ អសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ មិនប៉ះពាល់ដល់ការគិត ឬ ការរៀនសូត្ររបស់អ្នកជំងឺទេ។ អ្នកមិនអាចឆ្លងជំងឺឆ្កួតជ្រូក ពីនរណាម្នាក់ ( ដូចជាជំងឺផ្តាសាយទេ) ហើយពួកគេ ក៏មិនអាចទទួលយកវាពីអ្នកផងដែរ ។
តើរោគសញ្ញារបស់ជំងឺឆ្កួតជ្រូកមានអ្វីខ្លះ ?
រោគសញ្ញាសំខាន់ៗរបស់ជំងឺឆ្កួតជ្រូក គឺ ជាការប្រកាច់ផ្ទួនៗដែលកើតមាន ដោយមិនមានការព្រមានទុកមុន។ បើមិនមានការព្យាបាលនោះទេ ការប្រកាច់អាចនឹងបន្ត រួចថែមទាំងមានសភាពអាក្រក់ជាងមុននិង កាន់តែញឹកញាប់ជាងមុន។
ការប្រកាច់មានប្រភេទផ្សេងៗគ្នា ។ អ្នកអាច នឹងមានប្រភេទតែមួយនៃការប្រកាច់របស់ជំងឺឆ្កួតជ្រូកនេះ ។ហើយមានអ្នកខ្លះទៀត អាចមានការប្រកាច់ច្រើនជាងមួយប្រភេទ ។ វាអាស្រ័យទៅលើថា តើការប្រកាច់ប្រភេទណាដែលអ្នកមាន ៖
- ញាណរបស់អ្នក អាចនឹងដំណើរការមិនបានត្រឹមត្រូវ ។ ឧទាហរណ៍ អ្នកអាចសំគាល់ពីក្លិន ឬ សំលេងចំលែក។
- អ្នកអាចបាត់បង់ នូវការគ្រប់គ្រងសាច់ដុំរបស់អ្នក ។
- អ្នកអាចនឹងដួល ហើយខ្លួនប្រាណរបស់អ្នកអាចកន្ត្រាក់ ឬ អង្រន់ ។
- អ្នកអាចនឹងសំលឹងចុះមកក្រោម ។
- អ្នកអាចនឹងសន្លប់ ( បាត់បង់ស្មារតី ) ។
មិនមែនអ្នករាល់គ្នាដែល មានការប្រកាច់សុទ្ធតែកើតមានជំងឺឆ្កួតជ្រូកនោះទេ ។ ពេលខ្លះ ការប្រកាច់អាចកើតឡើងដោយសារតែការរបួស , ជំងឺ ឬ បញ្ហាផ្សេងៗដទៃទៀត ។ នៅក្នុងករណីទាំងនេះ ការប្រកាច់នឹងឈប់ នៅពេលដែល បញ្ហាទាំងនោះមានភាពប្រសើរ ឬ បាត់ទៅវិញ ៕