ទម្លាប់ពេលយប់មួយចំនួនអាចមានឥទ្ធិពលលើទម្ងន់រាងកាយគួរឱ្យកត់សម្គាល់! មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់គួរចៀសវាងបើមិនចង់ធាត់ ៖
១. ញ៊ាំអាហារហឹរពេលល្ងាច ឬយប់
ផលវិបាក ៖
– គ្រឿងទេសនិងអាហារហឹរៗអាចបណ្ដាលឱ្យការរំលាយអាហារមានសភាពខ្សោយ
– ពិបាកគេងបានស្កប់ស្រួល
– ខណៈពេលគេងអ្នកនឹងមិនអាចទទួលទានអ្វីអស់រយៈពេលច្រើនម៉ោង ហើយកំឡុងពេលនេះអាហារហឹរអាចបង្កជាអាការៈក្រហាយទ្រូង
ការណែនាំ៖ អាហារហឹរអាចជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ អ្នកមិនចាំបាច់តមអត់ញ៊ាំតែម្ដងឡើយ ប៉ុន្តែគ្រាន់តែកុំញ៊ាំនៅពេលល្ងាច ឬយប់មុនចូលគេងអី។
២. គេងមិនបានគ្រប់គ្រាន់
ផលវិបាក៖
– វាជះផលប៉ះពាល់លើការដុតរំលាយអាហារធ្វើឱ្យដំណើរការយឺតជាងមុន
– គេងមិនបានគ្រប់គ្រាន់ធ្វើឱ្យអ្នកងងុយគេង
– បង្កើនកម្រិតនៃអ័រម៉ូនស្ត្រេស cortisol
– ធ្វើលំហាត់ប្រាណបានតិចជាងមុនដោយសារមានអារម្មណ៍អស់កម្លាំង
ការណែនាំ ៖ ដើម្បីជាការប្រសើរអ្នកគួរគេងឱ្យបានយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់។
៣. ញ៊ាំអាហារពេលល្ងាច ឬយប់ច្រើនពេក
ផលវិបាក៖
– អ្នកទទួលទានច្រើនពេកជាពិសេសប្រភេទអាហារពិបាករំលាយដែលនាំឱ្យការរំលាយអាហារមានសភាពយឺត ជាពិសេសកំឡុងពេលយប់
– អ្នកមានទំនោរញ៊ាំផងមើលទូរទស្សន៍ផងដែលធ្វើឱ្យភ្លេចខ្លួនញ៊ាំកាន់តែច្រើន
ការណែនាំ៖ ចូរជ្រើសរើសប្រភេទនៃអាហារសម្រាប់ទទួលទានឱ្យបានត្រឹមត្រូវដែលមានផ្ទុកប្រូតេអ៊ីននិងបន្លែ។
៤. គេងភ្លាមៗក្រោយញ៊ាំអាហារល្ងាច ឬយប់
– វាធ្វើឱ្យមានការប្រមូលផ្ដុំកោសិកាខ្លាញ់កាន់តែច្រើន
– បង្កបញ្ហាប្រព័ន្ធរំលាយអាហារ
ការណែនាំ៖ អ្នកចាំបាច់គួររងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១ម៉ោងកន្លះទៅ ២ម៉ោងក្រោយពេលញ៊ាំអាហាររួចសិន សឹមចូលគេង។
៥. ទទួលទានអាហារចៀនបំពងនៅពេលល្ងាច ឬយប់
ផលវិបាក៖
– អាហារប្រភេទនេះអាចមានផ្ទុកកាឡូរីច្រើនដែលអ្នកគ្មានពេលគ្រប់គ្រាន់នឹងដុតបំផ្លាញ
– បង្កើនកោសិកាខ្លាញ់កាន់តែច្រើន
– ពិបាកគេងលក់បានស្កប់ស្រួល
ការណែនាំ៖ ដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានអាហារប្រភេទដុត, អាំង ឬចំហុយវិញនៅពេលយប់។
៦. ទទួលទានបង្អែមនៅពេលយប់
ផលវិបាក៖
– ស្ករសនិងម្សៅនៃបង្អែមអាចក្លាយជាកោសិកាខ្លាញ់
– អ្នកមិនអាចដុតបំផ្លាញកាឡូរីទាំងនោះនៅពេលយប់ឡើយ
ការណែនាំ៖ បើចង់ញ៊ាំបង្អែមលាងមាត់ ចូរជ្រើសរើសទទួលទានផ្លែឈើ។ វាអាចផ្ដល់សុខភាពល្អ ហើយអ្នកក៏មិនចាំបាច់ព្រួយរឿងឡើងគីឡូដែរ។
៧. រំលងមិនញ៊ាំអាហារពេលល្ងាច
ផលវិបាក៖
– ការរំលងអាហារពេលល្ងាច ឬយប់មិនអាចជួយឱ្យអ្នកស្រកទម្ងន់បានច្រើនឡើយដោយសារវាពន្យឺតដល់ការដុតរំលាយអាហារ
– វាមានតែធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងជាងមុនប៉ុណ្ណោះនៅម៉ោងអាហារបន្ទាប់
– ការរំលងម៉ោងអាហារអាចធ្វើឱ្យថប់បារម្ភ
– អ្នកបាត់បង់កោសិកាសាច់ដុំ ហើយស្បែកប្រែជាយារធ្លាក់
ការណែនាំ៖ ទោះបីជាគ្មានពេលដើម្បីញ៊ាំអាហារថ្ងៃត្រង់ ឬល្ងាចក៏ដោយ, យ៉ាងហោចណាស់ចូរព្យាយាមទទួលទានផ្លែឈើបន្តិច។
៨. ទទួលទានគ្រឿងស្រវឹង ឬកាហ្វេអ៊ីន
ផលវិបាក៖
– អាហារ ឬភេសជ្ជៈប្រភេទទាំងនេះនេះជះផលប៉ះពាល់ដល់ដំណេក
– មានផ្ទុកកាឡូរីច្រើន
ការណែនាំ៖ ជ្រើសរើសភេសជ្ជៈក្រឡុកបែបធម្មជាតិ ឬទឹកដោះគោក្ដៅៗ។ ទោះជាយ៉ាងណាគួរបញ្ចប់ថ្ងៃរបស់អ្នកដោយការទទួលទានទឹក ១កែវ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕