អាហារអ្វីខ្លះអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារអ្នកគួរញ៊ាំពេលចង់មានអារម្មណ៍ល្អ ៖
១. ចេក
ជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលជាសារធាតុចិញ្ចឹមផ្សារភ្ជាប់នឹងការកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត (Depression)។ ការទទួលទានចេកអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបានយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះវាក៏ជួយផ្ដល់នូវថាមពល និងមានផ្ទុកប៉ូតាស្យូមខ្ពស់ដែលបន្ថយហានិភ័យនៃបញ្ហាអត្រាចង្វាក់បេះដូងលោតញាប់ពេក, ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺរលាកសន្លាក់។
២. ត្រីសាលម៉ុន
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយប្រយុទ្ធប្រឆាំងនឹងភាពប្រែប្រួលភ្លាមៗនៃអារម្មណ៍និងជំងឺធ្លាក់ទឹកចិត្ត Depression។ អាស៊ីតខ្លាញ់សុខភាពល្អនេះក៏ជម្រុញដល់ការចងចាំធ្វើឱ្យអ្នកផ្ដោតអារម្មណ៍បានប្រសើរផងដែរ។ អ្នកអាចញ៊ាំត្រីសាលម៉ុនជាមួយបន្លែមួយចានក៏បាន ដើម្បីទទួលបានសុខភាពល្អថែមទៀត។
៣. ស៊ុត
មិនត្រឹមតែជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលជួយដល់ការលូតលាស់និងរក្សាសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែស៊ុតក៏មានផ្ទុកសម្បូរដោយវីតាមីន D, អាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលដើរតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងលើកកម្ពស់អារម្មណ៍ល្អប្រសើរ។
៤. ផ្លែបឺរ
ជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រងអ័រម៉ូនអារម្មណ៍រីករាយសេរ៉ូតូនីន។ វាជួយខួរក្បាលគ្រប់គ្រងមុខងារជាច្រើន, ផ្លែបឺរអាចប្រយុទ្ធប្រឆាំងអាការៈអស់កម្លាំងនិងបង្កើនកម្រិតអ័រម៉ូនរីករាយ។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕