ថាតើនៅពេលកក់រាល់ថ្ងៃសក់អាចនឹងជួបបញ្ហាអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរកក់សក់រាល់ថ្ងៃ ៖
១. ពណ៌សក់ដែលបានលាបអាចឆាប់ហើរអស់
សម្រាប់អ្នកដែលចូលចិត្តលាបពណ៌សក់ ចូរពិចារណាឡើងវិញក្នុងការកក់សម្អាតរាល់ថ្ងៃ។ សារធាតុគីមីក្នុងថ្នាំពណ៌សក់ងាយរងផលប៉ះពាល់ដោយសារទឹក ហើយការកក់សម្អាតញឹកញាប់ពេកអាចជម្រះពណ៌នៃសក់ សូម្បីតែពណ៌ធម្មជាតិនៃសក់ក៏អាចរងគ្រោះដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកក់សក់រៀងរាល់ពី ២ ទៅ ៣ ថ្ងៃម្ដងបានហើយ និងកុំភ្លេចប្រើប្រាស់សាប៊ូដែលសាកសមសម្រាប់ប្រភេទ ក៏ដូចជាពណ៌នៃសក់របស់អ្នក។
២. សក់ប្រែជាកាន់តែស្ងួតខ្លាំង
សក់ស្ងួត ឬសំពោង គឺអាចជាសញ្ញាមួយបញ្ជាក់ថាអ្នកកំពុងកក់សម្អាតវាលើសកម្រិតពេក។ សាប៊ូកក់សក់ភាគច្រើនមានផ្ទុកសារធាតុគីមីហៅថា sulfates ដែលកម្ចាត់ជាតិប្រេងនិងកំទេចកំទីផ្សេងៗចេញពីសក់។ ជាលទ្ធផលកំឡុងពេលដំបូងៗសក់អាចនឹងមើលទៅស្រស់ស្អាតភ្លឺរលោង ប៉ុន្តែយូរទៅនឹងប្រែជាខូចគួរឱ្យកត់សម្គាល់។ ការកក់សម្អាតសក់ញឹកញាប់ពេកអាចធ្វើឱ្យបាត់បង់នូវជាតិប្រេងធម្មជាតិរបស់សក់, ជាលទ្ធផលស្បែកក្បាលនឹងប្រែជាស្ងួត ហើយសក់ក៏រងគ្រោះដូចគ្នា។ ដើម្បីជាការប្រសើរក្រៅពីគម្លាតថ្ងៃដែលត្រូវកក់សម្អាតសក់, អ្នកក៏គួរសាកល្បងប្រើប្រាស់ផលិតផលផ្ដល់សំណើមដើម្បីជួយឱ្យសក់ប្រែជាទន់រលោងមានទម្ងន់ឡើងវិញ ហើយជ្រើសរើសសាប៊ូកក់សក់ដែលគ្មានផ្ទុកសារធាតុ sulfate ។
៣. អង្គែកើនឡើងច្រើនជាងមុន
នៅពេលអ្នកកក់សម្អាតសក់លើសកម្រិតពេក, អ្នកកំពុងតែកម្ចាត់ជាតិប្រេងធម្មជាតិចាំបាច់ពីស្បែកក្បាលដែលជាលទ្ធផលធ្វើឱ្យស្ងួតលេចឡើងនូវអង្គែកាន់តែច្រើន។ ជួនកាលការលាងសម្អាតធម្មតាមួយក៏អាចនឹងគ្រប់គ្រាន់ដើម្បីកម្ចាត់ជាតិប្រេងដែលលើសនិងភាពកខ្វក់ហើយ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឡើងអង្គែស្រាប់ ចួរព្យាយាមប្រើប្រាស់សាប៊ូកក់សក់ផ្សំឡើងពីប្រេងដើមតែ។
៤. សក់ប្រែជាបែកចុងកាន់តែច្រើន
ប្រសិនបើអ្នកកំពុងតែជួបប្រទះបញ្ហាសក់បែកចុងស្រាប ឬមិនចង់ជួបបញ្ហានេះ ចូរកាត់បន្ថយទម្លាប់នៃការកក់សម្អាតសក់សឹងតែរាល់ថ្ងៃ។ នៅពេលសក់សើម, វាកាន់តែងាយនឹងទទួលរងគ្រោះថែមទៀត។ នេះហើយជាមូលហេតុដែលការកក់សម្អាតសក់ញឹកពេកអាចបណ្ដាលឱ្យសក់បែកចុង។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសក់បែកចុង, ចូរសាកល្បងកាត់តម្រឹម។ ក្រោយមកចូរព្យាយាមប្រើប្រាស់សាប៊ូស្ងួត។
៥. សក់មើលទៅស្រអាប់និងឡើងប្រេងខ្លាំង
នៅពេលអ្នកកក់សម្អាតសក់ជាប្រចាំ, ក្រពេញប្រេងចាប់ផ្ដើមផលិតជាតិប្រេងកាន់តែច្រើនឡើងដើម្បីបំពេញជាតិប្រេងដែលបាត់បង់ដោយសារការកក់សក់។ បន្ថែមពីនេះសូម្បីតែសក់របស់អ្នកប្រភេទឡើងប្រេងខ្លាំងក៏ដោយ, ការកក់សម្អាតសក់រាល់ថ្ងៃ គឺកំពុងតែធ្វើឱ្យស្ងួតឬសនៃសក់។ ដើម្បីជាការប្រសើរអ្នកគួរកំណត់ថ្ងៃឱ្យបានត្រឹមត្រូវសាកសមសម្រាប់កក់សម្អាតសក់។ ជាឧទាហរណ៍៖ នៅពេលចេញទៅហាត់ប្រាណ ឬចុងសប្តាហ៍នៅពេលដែលអ្នកចេញទៅក្រៅហើយធ្វើសកម្មភាពរាងកាយច្រើនជាងធម្មតា។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕