ការបែកញើសអាចចង្អុលបង្ហាញពីបញ្ហាសុខភាពគួរឱ្យកត់សម្គាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃការបែកញើស ព្រមជាមួយបញ្ហាសុខភាពដែលអាចកើតមាន ៖
១. ញើសមានសភាពប្រៃខ្លាំង
ក៏មិនខុសពីទឹកភ្នែកដែរ, វាធម្មតាទេដែលញើសមានសភាពប្រៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសភាពប្រៃនៃញើសហាក់ដូចជាខុសប្រក្រតីដល់ថ្នាក់ធ្វើឱ្យក្រហាយភ្នែក ឬផ្សាររបួស, នោះវាអាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតែខ្វះជាតិសូដ្យូមក្នុងរាងកាយ។ ធាតុផ្សំដ៏សំខាន់មួយនៃរាងកាយមានសុខភាពល្អ គឺការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ ហើយទោះបីជាស្ដាប់ទៅហាក់ដូចជាមិនសម ប៉ុន្តែអ្នកអាចនឹងប្រែជាខ្សោះជាតិទឹកនៅពេលខ្វះជាតិសូដ្យូមក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកអាចនឹងចង់ទទួលទានភេសជ្ជៈប៉ូវកម្លាំងកាន់តែច្រើនឡើងដើម្បីបង្កើនកម្រិតនៃអេឡេិចត្រូលីត្រជួយគ្រប់គ្រងកម្រិតនៃសូដ្យូមនិងប៉ូតាស្យូមដែលជាលទ្ធផលទប់ស្កាត់ការបែកញើសមានសភាពប្រៃខ្លាំង។
២. មិនងាយនឹងបែកញើសសោះ
រាងកាយមនុស្សម្នាក់ៗ គឺមិនដូចគ្នាឡើយ! អ្នកខ្លះបែកញើសច្រើន ខណៈដែលអ្នកមួយចំនួនទៀតមិនសូវជាបែកញើសសោះ។ ទោះជាយ៉ាងណាមិនថាជាអ្វីក៏ដោយ តែច្រើនពេក ឬតិចពេក គឺមិនមានជាសញ្ញាល្អឡើយ។ ប្រសិនបើអ្នកមិនងាយបែកញើសសោះសូម្បីស្ថិតក្រោមអាកាសធាតុក្ដៅ ឬខណៈពេលជិះកង់, នេះមានន័យថាក្រពេញញើសរបស់អ្នកកំពុងដំណើរការមិនបានល្អ។ បើជាបញ្ហាសុខភាពធ្ងន់ធ្ងរអាចហៅថាជំងឺ anhidrosis ហើយវាអាចជះផលប៉ះពាល់ដល់រាងកាយទាំងមូលតែម្ដង។ វាបណ្ដាលឱ្យឡើងកម្ដៅខ្លាំង, អស់កម្លាំងដោយសារកម្ដៅ និងសន្លប់ដោយសារកម្ដៅ ( heatstroke) ដែលអាចគម្រាមកំហែងដល់អាយុជីវិត។
៣. បែកញើសហួសប្រមាណ
ស្ថានភាពនេះហៅថា hyperhidrosis ហើយអាចសូម្បីតែកើតឡើងនៅពេលស្ថិតក្រោមអាកាសធាតុត្រជាក់ដោយគ្មានមូលហេតុ។ វាជាធម្មតាកើតមានលើស្ត្រីកំឡុងពេលអស់រដូវ។ ជួនកាលស្ថានភាពនេះអាចគ្រោះថ្នាក់ណាស់។ ប្រសិនបើអ្នកជួបប្រទះអាការៈបែកញើសនិងស្រកទម្ងន់, ជាពិសេសការបែកញើសកើតឡើងខណៈពេលគេង ឬមានអារម្មណ៍ហាក់ដូចជាមានសម្ពាធក្នុងទ្រូងខណៈពេលបែកញើស ចូរកុំស្ទាក់ស្ទើនឹងស្វែងរកជំនួយពីគ្រូពេទ្យ។ អ្នកក៏មិនគួរបារម្ភពេកដែរដោយសារវាអាចត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តត្រឹមត្រូវរបស់វេជ្ជបណ្ឌិត។
៤. ញើសមានក្លិនស្អុយ
ថាតើអ្នកធ្លាប់ដឹងទេថាតាមពិតទៅញើស គឺគ្មានក្លិនឡើយ! ប៉ុន្តែនៅពេលបាក់តេរីក្នុងស្បែកលាយជាមួយញើស, វាបង្កជាក្លិនមិនល្អ ហើយអាចជាលទ្ធផលនៃភាពស្ត្រេស។ មានញើសពីប្រភេទចេញពីក្រពេញខុសពីគ្នា៖ ប្រភេទទីមួយ គឺគ្មានក្លិនឡើយដែលចេញពីក្រពេញអង់គ្រីន ( eccrine ) នៅពេលក្ដៅខ្លាំង ហើយប្រភេទទីពីរ គឺមានក្លិនមិនល្អចេញពីក្រពេញ apocrine។
៥. ការបែកញើសដោយសារមានផ្ទៃពោះ
កំឡុងពេលមានផ្ទៃពោះ, ស្ត្រីមានទំនោរបែកញើសច្រើនជាងធម្មតា ហើយជាក៏ជាសញ្ញាដំបូងមួយនៃការមានផ្ទៃពោះផងដែរ។ រាងកាយផ្លាស់ប្ដូរក្លិននៅពេលអ្នកមានផ្ទៃពោះ, សូម្បីតែនៅមុនពេលអ្នកចាប់អារម្មណ៍ថាខ្លួនឯងកំពុងមានផ្ទៃពោះ។ មូលហេតុនៅពីក្រោយកត្តានេះ គឺការផ្គត់ផ្គង់ឈាមរបស់រាងកាយកើនឡើងកំឡុងពេលត្រូវការដឹកជញ្ជូនអុកស៊ីសែនកាន់តែច្រើន ព្រមជាមួយសារធាតុចិញ្ចឹមទៅទារក។ ការទទួលទានទឹកឱ្យបានច្រើន, ការងូតទឹករាល់ថ្ងៃ, ការស្លៀកសំលៀកបំពាក់រលុងៗ និងការមិនទទួលទានអាហារហឹរៗអាចជាដំណោះស្រាយដ៏ប្រសើរកំឡុងពេលនេះ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕