អាហារត្រជាក់ៗនិងអាហារក្ដៅៗអាចមានឥទ្ធិពលបែបណាចំពោះសុខភាពរាងកាយ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃអាហារក្ដៅ និងត្រជាក់ចំពោះសុខភាព ៖
១. រាងកាយពិបាកនឹងរំលាយអាហារត្រជាក់
របៀបដែលរាងកាយរំលាយអាហារ គឺតាមរយៈការនាំយកទៅកាន់សីតុណ្ហភាពស្នូល។ នេះមានន័យថានៅពេលពួកយើងទទួលទានអ្វីដែលត្រជាក់, រាងកាយត្រូវប្រឹងប្រែងទ្វេដងដើម្បីកម្ដៅអាហារសិនមុននឹងរំលាយតាមក្រោយ។ ជាឧទាហរណ៍ស៊ុបក្ដៅៗប្រើពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីរំលាយដោយក្រពះ។ ចំណែកឯផលិតអាហារផ្សំឡើងពីទឹកដោះគោ ជាពិសេសការ៉េមត្រជាក់ៗត្រូវការពេលពី ៣០នាទី ទៅ ២ម៉ោងឯណោះដើម្បីរំលាយ។ ទោះជាយ៉ាងណានេះមិនមែនមានន័យថាអ្នកគួរឈប់ញ៊ាំអាហារត្រជាក់ៗតែម្ដងឡើយគិតចាប់ពីផ្លែឈើនិងបន្លែ។ អ្វីដែលអ្នកគួរធ្វើនោះ គឺទំពារវាក្នុងមាត់ឱ្យបានយូរដូច្នេះទើបអង់ស៊ីមរំលាយអាហារអាចចាប់ផ្ដើមបំបែកវា ខណៈពេលជួយកម្ដៅផងដែរ។
២. អាហារក្ដៅអាចផ្ដល់សារធាតុចិញ្ចឹមច្រើនជាង
អាហារក្ដៅ ឬក្ដៅឧណ្ហៗ គឺផ្ដល់ភាពងាយស្រួលក្នុងការរំលាយជាងដែលលទ្ធផលធ្វើឱ្យសារធាតុចិញ្ចឹមទាំងអស់ត្រូវបានស្រូបយកបានច្រើន ហើយរាងកាយដោយរាងកាយ។ មិនត្រឹមតែប៉ុណ្ណឹងឡើយ ប៉ុន្តែនៅពេលបន្លែមួយចំនួនដូចជាប៉េងប៉ោះ ត្រូវបានចម្អិន បរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene នឹងកើនឡើង។ ទោះជាយ៉ាងណា, បន្លែនិងផ្លែឈើមួយចំនួនត្រូវបាត់បង់នូវវីតាមីននៅពេលចម្អិន។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរចម្អិនឱ្យនៅមានសភាពស្រួយៗ មិនទន់រលួយ។
៣. ទឹកត្រជាក់ត្រូវបានស្រូបចូលលឿនជាងទឹកក្ដៅ
ទឹកត្រជាក់ត្រូវបានផ្ទេរចេញពីក្រពះលឿនជាងទឹកក្ដៅដែលធ្វើឱ្យរាងកាយអាចស្រូបយកបានលឿនផងដែរ។ អត្ថប្រយោជន៍ផ្សេងទៀតនោះ គឺទឹកត្រជាក់ជួយបង្កើនភាពស៊ូទ្រាំសម្រាប់អ្នកដែលហ្វឹកហាត់រាល់ថ្ងៃជាប្រចាំ ឬញឹកញយ។ វាក៏ត្រូវបានរកឃើញផងដែរថា ទឹកក្ដៅឧណ្ហៗនឹងធ្វើឱ្យអ្នកទទួលទានបានក្នុងបរិមាណតិចតួចដែលជាអ្វីមួយបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ សីតុណ្ហភាពទឹកត្រជាក់ដែលប្រសើរបំផុតសម្រាប់ទទួលទាន គឺ ១៦អង្សារសេ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងបំពង់អាហារ ចូរប្រយ័ត្នក្នុងការទទួលទានទឹកត្រជាក់។ ខណៈដែលទឹកក្ដៅឧណ្ហៗជួយផ្ដល់ភាពធូរស្រាលដល់បំពង់អាហារបានច្រើនជាង។
៤. អាហារក្ដៅៗជួយឱ្យឆ្អែតបានយូរ
មូលហេតុដែលរឿងនេះកើតឡើង គឺអាហារក្ដៅៗមិនធ្វើឱ្យចំណង់អាហារបស់អ្នកត្រឡបមកវិញលឿន។ នេះដោយសារតែសារធាតុចិញ្ចឹមដែលត្រូវបានបញ្ចេញពីអាហារ, ធ្វើឱ្យវាមានរសជាតិកាន់តែប្រសើរ។ ដូច្នេះអារម្មណ៍នៃភាពឆ្អែតរបស់អ្នក គឺកើនឡើងខ្ពស់ ហើយល្បឿននៃការញ៊ាំត្រូវថយចុះ។ ខណៈពេលអ្នកទទួលទានយឺតៗ, ខួរក្បាលនឹងទទួលបានសញ្ញាថាអ្នកចាប់ផ្ដើមឆ្អែតហើយ។
៥. អាហារត្រជាក់និងអាហារក្ដៅៗអាចបង្កើនសីតុណ្ហភាពនៃរាងកាយ
គ្មានអ្វីដែលគួរឱ្យសង្ស័យនោះទេដែលភេសជ្ជៈ ឬអាហារក្ដៅៗដូចជាកាហ្វេ, តែ និងស៊ុប អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅនិងសប្បាយចិត្ត។ ប៉ុន្តែក៏មានអាហារនិងភេសជ្ជៈត្រជាក់ៗមួយចំនួនទៀតដែលអាចរួមចំណែកក្នុងការបង្កើនសីតុណ្ហភាពនៃរាងកាយផងដែរ។ ការ៉េមជាឧទាហរណ៍! វាជាអាហារដែលមានរសជាតិឆ្ងាញ់និងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ត្រជាក់នៅពេលញ៊ាំដំបូង ប៉ុន្តែក្រោយមកធ្វើឱ្យមានអារម្មណ៍កក់ក្ដៅវិញ។ នេះក៏ព្រោះតែបរិមាណនៃជាតិខ្លាញ់និងប្រូតេអ៊ីនដែលវាមានផ្ទុកធ្វើឱ្យរាងកាយកើនកម្ដៅខណៈពេលរំលាយអាហារ។ រាងកាយក៏ត្រូវការប្រើថាមពលកាន់តែច្រើនដើម្បីរំលាយជាតិខ្លាញ់ដែលធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ហើយអ្នកនឹងមានអារម្មណ៍ក្ដៅ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕