យើងខ្ញុំមានកិត្តិយស និងជម្រាបជូនថា ក្រុមហ៊ុនខនហ្វីរេលបានឈ្នះពានរង្វាន់លេខ១ ក្នុងការចូលរួមប្រកួតប្រជែង សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅថ្មីៗនេះ។
នេះជាការប្រកួតថ្នាក់ជាតិលើកទី២ ហើយដែលត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ រួមជាមួយសហគ្រិនខ្មែរ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ។ ការប្រកួតប្រជែងនេះ មានបេក្ខភាពចំនួន២០០រូប មកពីសហគ្រាសធុនតូច និងមធ្យមមកពីគ្រប់បណ្តាខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយមានម្ចាស់សហគ្រាសឆ្នើមចំនួនតែ ២០ រូបប៉ុណ្ណោះ ដែលបានឆ្លងចូលមកដល់វគ្គផ្តាច់ព្រ័ត្រ។
សមាជិកទាំងប្រាំពីរនៃគណៈវិនិច្ឆ័យត្រូវថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយសម្រាប់បេក្ខជនចុងក្រោយ បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់បេក្ខជននីមួយៗ ពន្យល់ពីយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេ សមត្ថភាពនៃការច្នៃប្រឌិត គំរូអាជីវកម្មរបស់ពួកគេ និងផលប៉ះពាល់សហគមន៍របស់ពួកគេ។
លោក ហ៊ីម ពិសិដ្ឋ នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ខនហ្វីរេល ដែលតំណាងឲ្យលោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល បានប្រឹងប្រែងពន្យល់បកស្រាយជូនគណៈវិនិច្ឆ័យអំពីភាពពាក់ព័ន្ធនៃគំរូអាជីវកម្មរបស់ក្រុមហ៊ុន ខនហ្វីរេល ដែលមានគោលបំណងលើកកម្ពស់ និងចែករំលែកដល់យុវជនជំនាន់ក្រោយពីធនធានរបស់ប្រទេសកម្ពុជា និងចំណេះដឹងថ្នាក់ជាតិរបស់យើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ប្រកបដោយសមត្ថភាពច្នៃប្រឌិត វត្ថុធាតុដើមនៃដីកម្ពុជា ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិសម្រាប់ផលិតផលអាហារសរីរាង្គលំដាប់ថ្នាក់ខ្ពស់របស់ខនហ្វីរេល។
«គំរូអាជីវកម្មរបស់ក្រុមហ៊ុនខនហ្វីរេល បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករ រួមទាំងសង្គមកម្ពុជាទាំងមូល។ លើសពីនេះ ខនហ្វីរេល គឺជាក្រុមហ៊ុនដ៏រឹងមាំ និងមានសមត្ថភាពបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ទាំងនៅអឺរ៉ុប និងអាស៊ី», នេះជាការប្រកាសដោយគណៈវិនិច្ឆ័យទើបខនហ្វីរេលក្លាយជាជម្រើសរបស់ពួកគេ។
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០០១ ក្រុមហ៊ុនខនហ្វីរេល និងផលិតផលជាច្រើនរបស់ខ្លួនបាននាំមកនូវពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជា និងនៅឯបរទេស ។ ដូចជា ទទួលបានពានរង្វាន់ត្នោតមាសនៅក្នុងពិព័រណ៍អន្តរជាតិ Natexpo 2005 នៅទីក្រុងប៉ារីសប្រទេសបារាំង ហើយជាគ្នានេះដែរក្នុងឆ្នាំ ២០១៧ ទទួលបានពានរង្វាន់លេខ១ ASEAN BEST PRODUCTS FIRST PRIZE ក្នុងសន្និសីទកំពូលអាស៊ានស្តីពីចំណីអាហារលើកទី១៥ (15th ASEAN Food Conference) នៅទីក្រុងហូជីមិញប្រទេសវៀតណាម។
ជានិច្ចកាលយើងតែងតែជឿជាក់ថា តាមរយៈការនាំយកផលិតផលជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ ដែលយើងអាចសម្រេចបេសកកម្មរបស់យើងក្នុងការជួយដល់ការរស់ឡើងនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ជនបទទាំងមូល។ ពានរង្វាន់នេះ ទទួលបាន ២០ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមរបស់យើង វាបានបង្ហាញពីការពង្រឹងវិធីសាស្ត្ររបស់យើង និងការប្តេជ្ញាចិត្តរបស់យើង។
ខណៈពេលដែលនគរូបនីយកម្មនៃប្រទេសប្រឈមនឹងការបាត់ដើមត្នោតជាច្រើនដើម – ត្នោតជាភាសាខ្មែរ – ខនហ្វឺល ឆ្លៀតឱកាសនេះស្នើដល់រាជរដ្ឋាភិបាលជួយគាំទ្រឲ្យមានទិវាត្នោតជាតិ ដើម្បីលើកទឹកចិត្តដល់កូនខ្មែរទាំងអស់គ្នាឲ្យចូលរួមគាំទ្រកេរដំណែលដូនតារបស់យើង ហើយក៏សូមសំណូមពរផងដែរដល់រាជរដ្ឋាភិបាលឲ្យលោកចូលរួមប្រើប្រាស់ស្រាសំប៉ាញទឹកត្នោតនេះសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិជាពិសេសសម្រាប់ប្រើប្រាស់ក្នុងពិធីសម្ពោធនូវសមិទ្ធផលនានា ដែលលោកបានកសាងទុកជាកេរដំណែលសម្រាប់ការដឹកនាំដ៏ឆ្លាតវៃទុកដល់កូនចៅជំនាន់ក្រោយ។ ស្រាត្នោតផលិតចេញពីដើមត្នោត គឺជាភាពផ្តាច់មុខរបស់ពិភពលោក ដែលបង្ហាញថាការច្នៃប្រឌិតធ្វើឱ្យវាអាចទាញយកប្រយោជន៍ពីធនធានធម្មជាតិរបស់ព្រះរាជាណាចក្រ៕