កំឡុងពេលដំណាក់កាលដំបូងនៃជំងឺមហារីកបំពង់អាហារមិនបញ្ចេញនូវរោគសញ្ញាណាមួយគួរឱ្យសង្ស័យឡើយ។ ជាធម្មតាវាត្រូវបានរកឃើញដោយចៃដន្យខណៈពេលនៃការធ្វើតេស្តណាមួយរបស់វេជ្ជបណ្ឌិត។ ទោះជាយ៉ាងណានៅដំណាក់កាលបន្ទាប់ដែលពិបាលនឹងព្យាបាល, ជំងឺមហារីកបំពង់អាហារអាចបញ្ចេញនូវអាការៈគួរឱ្យកត់សម្គាល់មួយចំនួនដូចវេបសាយសុខភាព Health.com.kh បង្ហាញជូនខាងក្រោមនេះ ៖
- រោគសញ្ញា
– ពិបាកនឹងលេបអាហារ គឺជារោគសញ្ញាទូទៅបំផុតដែលអ្នកជំងឺមហារីកបំពង់អាហារបានលើកឡើង
– អាចស្រកទម្ងន់ខុសប្រក្រតីមិនអាចនឹងពន្យល់បាន
– មានអារម្មណ៍ក្រហាយៗ ឬសម្ពាធក្នុងទ្រូង ដែលអាចធ្វើឱ្យយល់ច្រឡំនឹងអាការៈក្រហាយទ្រូងច្រាលអាស៊ីតក្រពះ
– អស់កម្លាំងក៏អាចនឹងកើតឡើងផងដែរ
– ក្អួត, ត្អើក, ក្អករ៉ាំរ៉ៃ, សម្លេងប្រែជាស្អក និងរលាកសួត គឺជារោគសញ្ញាគួរឱ្យកត់សម្គាល់ផ្សេងទៀតនៃជំងឺមហារីកបំពង់អាហារ។
- គន្លឹះកាត់បន្ថយហានិភ័យ
គ្មាននរណាអាចដឹងបានប្រាកដទេថាជំងឺមហារីកបំពង់អាហារត្រូវបានទប់ស្កាត់បែបណាទើបមិនកើតឡើងតែម្ដង។ ទោះជាយ៉ាងណាអ្នកជំនាញជាច្រើននិយាយថាវាអាចទៅរួចក្នុងការកាត់បន្ថយហានិភ័យនៃជំងឺនេះតាមរយៈសកម្មភាពមួយចំនួនដូចខាងក្រោម ៖
– ចៀសវាងការជក់បារី
– ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
– រក្សាទម្ងន់រាងកាយឱ្យបានត្រឹមត្រូវ
– រួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ។
- កត្តាហានិភ័យនៃជំងឺមហារីកបំពង់អាហារ
១. អាយុ
វេជ្ជបណ្ឌិតជាច្រើននិយាយថាអ្នកដែលមានវ័យលើសពី ៤៥ ឆ្នាំ គឺប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺមហារីកបំពង់អាហារ។
២. ភេទ
តើអ្នកធ្លាប់ដឹងទេថាបុរសងាយនឹងទទួលរងហានិភ័យនៃជំងឺមហារីកបំពង់អាហារច្រើនជាងស្ត្រីដល់ទៅ ៣ ដង?
៣. ជំងឺមួយចំនួន
ការច្រាលទឹកអាស៊ីតក្រពះញឹកញាប់ក៏អាចជាកត្តាមួយនៃជំងឺមហារីកបំពង់អាហារផងដែរ។
៤. តំណពូជ
ប្រសិនបើសមាជិកគ្រួសារមានរបបអាហារនិងរបៀបរស់នៅដូចគ្នា នោះហានិភ័យនៃជំងឺមហារីកបំពង់អាហារអាចកើតមានចំពោះសមាជិកផ្សេងទៀតបន្តបន្ទាប់។
៥. ការជក់បារី
ទម្លាប់នៃការជក់បារីអាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែបារីមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បំផុត រួមទាំងសារធាតុ tobacco។
៦. ទទួលទានគ្រឿងស្រវឹងច្រើនពេក
មិនត្រឹមតែហានិភ័យនៃជំងឺមហារីកបំពង់អាហារប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលក៏បង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានច្រើនពេក។
៧. ទទួលទានភេសជ្ជៈក្ដៅខ្លាំងពេក
ទម្លាប់នៃការទទួលទានភេសជ្ជៈក្ដៅខ្លាំងជាប្រចាំក៏អាចបង្កើនហានិភ័យនៃជំងឺំហារីកបំពង់អាហារគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែកម្ដៅខ្លាំង ឬសីតុណ្ហភាពខ្ពស់អាចបង្កការរលាកស្រទាប់នៃបំពង់អាហារ។
៨. ទម្លាប់ទទួលទានមិនល្អ
ការទទួលទានអាហារគ្មានសុខភាពល្អដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថែមបន្លែផ្លែឈើឱ្យកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕