មួយក្នុងចំណោមចំណុចសំខាន់ៗផ្សេងទៀតដែលអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅនឹងជំងឺនេះត្រូវធ្វើ គឺការគ្រប់គ្រងពិនិត្យកម្រិតនៃជាតិស្ករក្នុងឈាមបានត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើមិនដូច្នោះទេផលវិបាកធ្ងន់ធ្ងរជាច្រើននៃជំងឺទឹកនោមផ្អែមនឹងកើតមានឡើង។ ហើយការជ្រើសរើសនូវរបបអាហារត្រឹមត្រូវ គឺសំខាន់ណាស់ដើម្បីរក្សាបាន ឬគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមត្រឹមត្រូវធម្មតា! ថាតើអាហារបែបណាទៅដែលសាកសមជាមួយអ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីប្រភេទនៃអាហារណាដែលអ្នកគួរដាក់បញ្ចូលបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖
១. ត្រីសម្បូរខ្លាញ់
ដោយសារប្រូតេអ៊ីនមិនអាចផ្ដល់ផលប៉ះពាល់ណាមួយចំពោះកម្រិតនៃជាតិស្ករក្នុងឈាមនោះ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនឲ្យបានច្រើន។ ហើយជម្រើសនៃប្រូតេអ៊ីនដ៏ល្អបំផុតសម្រាប់សុខភាពនោះ គឺមានប្រភពចេញពីត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុន, ត្រី mackerel, ត្រី trout និងត្រី herring។ ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនល្អៗហើយនោះ ត្រីទាំងនេះក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ចាំបាច់អូមេហ្គា ៣ ល្អសម្រាប់សុខភាពសសៃឈាមបេះដូងដែលបង្កឡើងដោយសារជំងឺទឹកនោមផ្អែមផងដែរ។
២. បន្លែបៃតង
បន្លែបៃតង ជាជម្រើសនៃអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ! នោះក៏ព្រោះតែបន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកំណត់កម្រិតនៃជាតិស្ករដែលបញ្ចេញទៅក្នុងចរន្តឈាម។ ដូច្នេះវាមានន័យថា ការទទួលទានបន្លែបៃតងជួយទប់ស្កាត់បញ្ហាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសប្រក្រតី។
៣. គ្រាប់ពូជ
ការទទួលទានគ្រាប់ពូជ ដូចជា គ្រាប់ជី, គ្រាប់ល្ពៅ, គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ង ។ល។ គឺល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ក៏ព្រោះគ្រាប់ពូជ ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃ ដែលជួយគ្រងគ្រងប្រយុទ្ធប្រឆាំងកម្រិតនៃជាតិស្ករឡើងខ្ពស់ប្រកបដោយប្រសិទ្ធិភាព។
៤. គ្រាប់ធញ្ញជាតិ
អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ចូរផ្ដើមទទួលទានគ្រាប់ធញ្ញជាតិចំនួន ១ក្ដាប់ដៃពេញជាប្រចាំ។ ក៏ដូចទៅនឹងគ្រាប់ពូជដែរ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនឲ្យឡើងខ្ពស់។
៥. សូកូឡាខ្មៅ
សូកូឡាខ្មៅ មានផ្ទុកសារធាតុ catechins ដែលជួយកំណត់ការផលិតជាតិស្កររបស់រាងកាយ។ ទោះជាយ៉ាងណាត្រូវប្រាកដថា អ្នកជ្រើសរើសនូវសូកូឡាខ្មៅដែលផ្សំឡើងពីជាតិកាកាវ ៧០ ភាគរយ ហើយមិនមែនជាសូកូឡាទឹកដោះគោដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ!