ពោតបារាំង ជាបន្លែដ៏ពេញនិយមមួយ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ។ ទោះបីជាចូលចិត្តញ៊ាំក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃពោតបារាំងចំពោះសុខភាពឡើយ! ថាតើវាល្អយ៉ាងណាខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឥទ្ធិពលវិជ្ជមានដំបូងគេនៃពោតបារាំងនោះ គឺវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់។ វាជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន A, វីតាមីន C, វីតាមីន B, វីតាមីន K, សារធាតុ folate, ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែល, ម៉ាញ៉េស្យូម, ម៉ង់កាណែស,ស័ង្កសី, សារធាតុ beta-carotene, lutein, និង xanthin រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀតដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវស្ថានភាពសុខភាពមួយចំនួនដែលអាចដោះស្រាយបានតាមរយៈការទទួលទានពោតបារាំង ៖
១. ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ពោតបារាំងជួយជម្រុញការផលិតកោសិកាឈាមក្រហមទប់ស្កាត់ជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម។
២. ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក ៖ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានវត្តមានក្នុងពោតបារាំងជួយទប់ស្កាត់ជំងឺមហារីក ដោយការពារប្រព័ន្ធភាពស៊ាំប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ឬបំផ្លាញកោសិកា។
៣. ជំងឺហឺត ៖ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបរិមាណនៃវីតាមីន C ខ្ពស់ ធ្វើឲ្យពោតបារាំងក្លាយជាបន្លែដ៏មានឥទ្ធិពលជួយកាត់បន្ថយអាការៈ ក៏ដូចជារោគសញ្ញាផ្សេងៗនៃជំងឺហឺត។
៤. ពង្រឹងសុខភាពឆ្អឹង ៖ សារធាតុ folate ក្នុងពោតបារាំងជួយបង្កើតឆ្អឹងរឹងមាំ និងមានដង់ស៊ីតេត្រឹមត្រូវទប់ស្កាត់ជំងឺពុកឆ្អឹង។
៥. កាត់បន្ថយកូឡេស្តេរ៉ូល ៖ ពោតបារាំង មានផ្ទុកជាតិសសៃរលាយដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ជំងឺស្ទះសសៃឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
៦. ព្យាបាលអាការៈទល់លាមក ៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, ជាតិរំអិល និងសារធាតុ laxative ធម្មជាតិដែលមានប្រសិទ្ធិភាពសម្រួលដល់ដំណើរការនៃការរំលាយអាហារ ក៏ដូចជាចលនានៃពោះវៀន។ ការទទួលទានពោតបារាំងជាប្រចាំជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ។
៧. ជំងឺទឹកនោមផ្អែម ៖ ពោតបារាំង ជួយគ្រប់គ្រងកម្រិតនៃការផលិតអាំងស៊ុយលីន ហើយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។
៨. ព្យាបាលជំងឺដំបៅក្រពះពោះវៀន ៖ នោះក៏ព្រោះពោតបារាំងមានផ្ទុកនូវជាតិរំអិលដែលមានប្រយោជន៍ព្យាបាលដំបៅក្រពះពោះវៀនគួរឲ្យកត់សម្គាល់ ហើយថែមទាំងជួយមិនឲ្យអាការៈកាន់តែរាលដាលធ្ងន់ធ្ងរឡើង។
៩. សុខភាពភ្នែក ៖ ពោតបារាំងជួយបង្កើនសុខភាពភ្នែកឲ្យមើលឃើញកាន់តែច្បាស់ ជៀសផុតពីជំងឺភ្នែកផ្សេងៗតាមរយៈបរិមាណនៃវីតាមីន A ដែលវាមានផ្ទុក។
១០. ទប់ស្កាត់ជំងឺមហារីកសុដន់ ៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃសារធាតុ Lectin ដែលមានឥទ្ធិពលសម្លាប់កោសិកាមហារីកសុដន់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ៕