ជំងឺមហារីកដោះ គឺជាការលូតលាស់កើនឡើងនៃកោសិកាដោះដែលមិនអាចគ្រប់គ្រងបាន (an uncontrolled growth of breast cells)។ ដើម្បីអាចយល់បានល្អអំពីជំងឺមហារីកដោះ គេត្រូវយល់ដឹងសិនថា តើជំងឺមហារីកវាកើតឡើងយ៉ាងដូចម្តេច ។
ជំងឺហារីកគឺជាលទ្ធផលនៃការបរិវត្តន៍(mutations) ឬការផ្លាស់ប្តូរមិនប្រក្រតី(abnormal changes) នៃហ្សែនដែលទទួលខុសត្រូវលើការចាត់ចែងការលូតលាស់របស់កោសិកា និងរក្សាវាឲ្យមានសុខភាពល្អ។ ហ្សែននោះមាននៅក្នុងស្នូលរបស់កោសិកា(cell’s nucleus) ហើយធ្វើសកម្មភាពរបៀបជា “បន្ទប់ត្រួតពិនិត្យ” (control room) របស់កោសិកា។ តាមធម្មតា កោសិកានៅក្នុងរាងកាយយើងធ្វើការផ្លាស់ប្តូរខ្លួនទៅតាមដំណើរការរីកលូតលាស់ដ៏មានសណ្តាប់ធ្នាប់មួយ គឺកោសិកាថ្មីមួយដែលមានសុខភាពល្អត្រូវចូលខ្លួនមកជំនួសកោសិកាចាស់ណាមួយដែលបានស្លាប់បាត់ទៅ។ ក៏ប៉ុន្តែជួនកាលបរិវត្តន៍អាចធ្វើឲ្យហ្សែនមួយសកម្មឡើង(turn on) ហើយធ្វើឲ្យហ្សែនមួយទៀតអសកម្មទៅ(turn off) នៅក្នុងកោសិកាមួយ។ កោសិកានេះក៏ប្រែទៅជាមានសមត្ថភាពអាចបំបែកខ្លួនដោយគ្មានសណ្តាប់ធ្នាប់ បង្កើតកោសិកាថ្មីច្រើនលើសពីតម្រូវការ ធ្វើឲ្យមានដុំសាច់(tumor)ឡើង។
ដុំសាច់មួយអាចជាដុំសាច់ធម្មតាមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីទេ(benign – ពោលគឺមិន មានគ្រោះថ្នាក់អ្វីដល់សុខភាពទេ) ឬដុំសាច់កាចសាហាវ(malignant)ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់ ជីវិត។ ពកសាច់ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វី មិនមែនជាមហារីកទេ។កោសិកា របស់វាស្ទើរ តែដូចគ្នាបេះបិទទៅនឹងកោសិកាធម្មតា ហើយវារីកលូតលាស់យឺតៗ មិនឈ្លានពាន ទៅលើជាលិកា ជិតខាង ឬមិនរាលដាលទៅលើផ្នែកឯទៀតរបស់រាងកាយទេ។ ផ្ទុយទៅវិញពកសាច់ដែលមានគ្រោះថ្នាក់គឺជាដំបៅមហារីកហើយ។ បើសិនជាគ្មានការត្រួតពិនិត្យទេ កោសិកាមហារីកអាចរីករាលដាលហួសពីពកសាច់ដើម ទៅលើផ្នែកផ្សេងៗទៀតរបស់រាងកាយ។
ពាក្យថា “មហារីកដោះ” សំដៅទៅលើដុំសាច់កាចសាហាវដែលបានកើតឡើងចេញពីកោសិកានៅក្នុងដោះ។
តាមធម្មតា មហារីកដោះអាចកើតចេញពីកោសិការបស់ពកតូចៗ(lobules) ដែលជាក្រពេញ ផលិតទឹក ដោះ ឬចេញពីបំពង់(ducts)ដែលបង្ហូរទឹកដោះពីពកតូចៗនោះ ទៅកាន់ក្បាលដោះ(nipple)។ ប៉ុន្តែមហារីកដោះក៏អាចកើតចេញម្តងមួយកាលពីជាលិកាទម្រ (stromal tissues) ផងដែរ ដែលរួមមានជាលិកាតភ្ជាប់របស់ដោះដែលមានជាតិខ្លាញ់និងសរសៃៗ(fatty and fibrous connective tissues)។
ដល់យូរៗទៅ កោសិកាមហារីកអាចរាលដាលទៅលើជាលិកាដោះដែលមានសុខភាពល្អផ្សេងទៀត រួចបន្តរហូតទៅដល់lymph nodes (សរីរាង្គតូចៗមានរាងមូលដូចបាល់ដែលដើរតួនាទីជាផ្នែកមួយនៃប្រព័ន្ឋការពាររាងកាយ។នៅក្នុងភាសាសាមញ្ញគេច្រើនហៅថាកូនកណ្តុរ)នៅក្រោមក្លៀក។ នៅពេលណាកោសិកាមហារីកចូលទៅដល់lymph nodes ហើយ វាមានច្រកសម្រាប់ រីករាលដាលទៅដល់ចំណែកផ្សេងៗទៀតនៃរាងកាយ បានហើយ។ ដំណាក់កាលរបស់មហារីកដោះសំដៅយកថាតើកោសិកាមហារីកបានរីករាលដាលទៅបានឆ្ងាយប៉ុនណាហើយ ចេញពីពកសាច់ដើមទៅ។
ជានិច្ចជាកាល មហារីកដោះបណ្តាលមកពីភាពខុសប្រក្រតីខាងហ្សេនេទិក (a genetic abnormality គឺកំហុសឆ្គងនៅក្នុងសារធាតុហ្សេនេទិក)។ បើទោះជាយ៉ាងណាក្តី មានមហារីកចំនួនពី៥ទៅ១០% ដែលកើតឡើងដោយសារភាពខុសប្រក្រតីតពូជពីម្តាយឬឪពុកមក។ មហារីកដោះចំនួនប្រមាណជា៩០%បណ្តាលមកពីភាពខុសប្រក្រតីខាងហ្សេនេទិក ដែលកើតមានឡើងជាលទ្ធផលនៃការចាស់ទៅ និងការប្រើប្រាស់ច្រើន (wear and tear) ក្នុងជីវិតជាទូទៅ។
បើទោះបីជាមានដំណាក់កាលផ្សេងៗជាច្រើនដែលមនុស្សម្នាក់ៗ អាចអនុវត្តដើម្បីជួយរាងកាយឲ្យនៅមានសុខភាពល្អតាមដែលអាចធ្វើទៅបាន (ដូចជាមានរបបហូបចុកដែលមានការថ្លឹងថ្លែងល្អ មិនជក់បារី កាត់បន្ថយការសេពសុរា និងហាត់ប្រាណជាប្រចាំ ជាដើម) ក៏ប៉ុន្តែជំងឺមហារីកដោះមិនមែនជាកំហុសរបស់នរណាម្នាក់នោះទេ។ ការដែលគិតថាមានកំហុស ឬនិយាយថាកើតមហារីកដោះដោយមកពីបានធ្វើអ្វីមួយខុស មិនត្រឹមត្រូវទេ៕