រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ទី២ លើបុរសជនជាតិអៀរ៉ង់ វ័យ២៥ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសកេនយ៉ា ។
ក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី១៧ ខែធ្នូនេះដោយបញ្ជាក់ទៀតថា បុរសវ័យ២៥ឆ្នាំ ដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។
បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរ វ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា ដែលបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិនផងដែរ ៕