ចង់មានអារម្មណ៍ស្វាងមានថាមពលពេញមួយថ្ងៃដោយមិនបាច់ផឹកកាហ្វេមែនទេ? ងាយណាស់! ខាងក្រោមវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីគន្លឹះជួយឱ្យអ្នកស្វាងមានកម្លាំងពេញមួយថ្ងៃដោយមិនបាច់ពឹងលើកាហ្វេ ៖
១. គេងសម្រាកមួយភ្លែត
សម្រាប់មនុស្សមួយចំនួន, ការគេងសម្រាកមួយភ្លែត គឺល្អណាស់សម្រាប់ធ្វើឱ្យភាពមានស្មារតីនិងភាពសកម្មកាន់តែប្រសើរឡើងជាងមុន។ ការគេងសម្រាករយៈពេលចន្លោះពី ២០ ទៅ ៣០នាទីកំឡុងពេលរសៀលពិតជាល្អណាស់សម្រាប់អ្នក។ ក្នុងករណីចង់កំណត់រយៈពេលមួយច្បាស់លាស់តែម្ដង ចូរកំណត់ពេលគេងសម្រាកថ្ងៃត្រឹម ២៦នាទី ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រសើរបំផុត។ អ្នកមិនត្រូវគេងសម្រាកថ្ងៃត្រង់យូរពេកឡើយ ក៏ព្រោះវាអាចជះផលប៉ះពាល់ដល់ការគេងនៅពេលយប់នាំឱ្យអស់កម្លាំងនៅព្រឹកបន្ទាប់។
២. កម្រិតការទទួលទានកាហ្វេអ៊ីន
ទោះបីជាកាហ្វេអ៊ីនត្រូវបានស្គាល់ថាជាសារធាតុជួយផ្ដល់នូវថាមពលបន្ថែម, ប៉ុន្តែវាសំខាន់ណាស់ក្នុងការកម្រិតបរិមាណនៃការទទួលទានពេញមួយថ្ងៃ។ ការទទួលទានលើសកម្រិតអាចផ្ដល់នូវផលប៉ះពាល់មកវិញដូចជាស្ត្រេសនិងធ្វើឱ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួន។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានលើសពី ៤០០មីលីក្រាមក្នុងមួយថ្ងៃឡើយ។
៣. ធ្វើលំហាត់ប្រាណ ជាពិសេសនៅខាងក្រៅ
ការធ្វើលំហាត់ប្រាណនៅខាងក្រៅអាចជួយបង្កើនថាមពល, កាត់បន្ថយកម្រិតនៃភាពស្ត្រេស និងធ្វើឱ្យអ្នកកាន់តែមានស្មារតីប្រសើរជាងមុន។ វាក៏មានឥទ្ធិពលល្អលើអារម្មណ៍ដូចជាបង្កើនភាពរីករាយ និងកាត់បន្ថយកំហឹង។ បន្ថែមពីលើអត្ថប្រយោជន៍ទាំងនេះ, អ្នកក៏អាចទទួលបាននូវវីតាមីន D ពីពន្លឺព្រះអាទិត្យដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរផងដែរ។
៤. ទទួលទានប្រូតេអ៊ីនឱ្យបានច្រើនជាងមុន
ការទទួលទានប្រូតេអ៊ីន គឺល្អណាស់សម្រាប់បង្កើនកម្រិតនៃថាមពលនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីសែនពេញក្នុងរាងកាយតាមលំហូរឈាម។ វាជាការប្រសើរក្នុងការចៀសវាង ឬកម្រិតនូវអាហារផ្អែមនិងសម្បូរកាបូអ៊ីដ្រាត ខណៈដែលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ប៉ុន្តែងាយនឹងធ្វើឱ្យអស់ថាមពលទៅវិញណាស់។
៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំរាល់ថ្ងៃ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីរក្សាថាមពលរាងកាយនិងភាពស្វាហាប់។ ថាតើអ្នកធ្លាប់ដឹងទេថា ភាពខ្សោះជាតិទឹកសូម្បីតែបន្តិចបន្តួចអាចកាត់បន្ថយមុខងារនៃខួរក្បាលគួរឱ្យកត់សម្គាល់។ វាក៏អាចជះផលប៉ះពាល់ដល់អារម្មណ៍, ការចងចាំ និងការផ្ដោតអារម្មណ៍ ហើយបង្កើនអាការៈឈឺក្បាលនិងអស់កម្លាំង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕