ការឈឺចាប់ គឺជារបៀបមួយដែលរាងកាយនឹងបង្ហាញឱ្យដឹងនៅពេលមានអ្វីមិនស្រួលកើតឡើង។ ថាតើការឈឺចាប់ត្រង់តំបន់ផ្ចិតអាចបណ្ដាលមកពីកត្តាអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីកត្តាចម្បងៗមួយចំនួននៅពីក្រោយការឈឺចាប់នេះ ៖
១. ជំងឺរលាកខ្នែងពោះវៀន
ទោះបីជាជំងឺទូទៅបំផុតមួយ ប៉ុន្តែជំងឺរលាកខ្នែងពោះវៀននៅតែចាំបាច់ត្រូវទទួលបានការព្យាបាលត្រឹមត្រូវភ្លាមៗតាមរយៈការវះកាត់ពីសំណាក់គ្រូពេទ្យជំនាញ។ បើមិនដូច្នេះទេខ្នែងពោះវៀនអាចបែក ឬផ្ទុះដែលនាំឱ្យមានបញ្ហាដោយបង្កជាការឆ្លងមេរោគរាលដាលពេញក្នុងពោះជាមិនខាន។ ជាធម្មតាការឈឺចាប់ដោយសារជំងឺរលាកខ្នែងពោះវៀនអាចលេចឡើងនៅផ្នែកខាងខ្វងនៃតំបន់ផ្ចិត ខណៈដែលខ្នែងពោះវៀនមានទីតាំងខាងក្រោមផ្នែកខាងឆ្វេងនៃពោះ។ ក្រៅពីការឈឺចាប់វាអាចបង្កនូវអាការៈមួយចំនួនផ្សេងទៀតរួមបញ្ចូលទាំងការបាត់បង់ចំណង់អាហារ, ចង្អោរចង់ក្អួត, ក្អួត និងគ្រុនក្ដៅកម្រិតស្រាល។
២. ការមានផ្ទៃពោះ
ដោយសារមានទារកកំពុងលូតលាស់ក្នុងផ្ទៃរបស់អ្នក, វាធម្មតាណាស់ដែលក្បាលពោះប្រែជារីកធំជាងមុនដើម្បីឱ្យទារកនៅបានស្រួល។ ជាលទ្ធផលនៃការសន្ធឹងនៃតំបន់ពោះ, អ្នកប្រាកដជាអាចជួបប្រទះនូវអាការៈឈឺចាប់ខ្លះនៅក្នុងតំបន់ផ្ចិតដែលនេះជារឿងធម្មតាទេ។ ទោះជាយ៉ាងណាករណីកម្រខ្លះនៃការឈឺត្រង់ម្ដុំផ្ចិតកំឡុងពេលមានផ្ទៃពោះអាចជាអាការៈមួយដែលលេចឡើងដោយសារទារកកំពុងជួបបញ្ហា។ ការឈឺចាប់អាចមានរយៈពេលយូរថ្ងៃ។ ដើម្បីជាការប្រសើរអ្នកគួរប្រញាប់ទៅជួបទទួលការពិនិត្យឱ្យបានច្បាស់លាស់ពីសំណាក់គ្រូពេទ្យជំនាញ។
៣. ជំងឺក្រួសក្នុងថង់ទឹកប្រមាត់
ជាទូទៅការឈឺចាប់ដែលបង្កឡើងដោយសារបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់ចាប់ផ្ដើមពីផ្នែកខាងលើនៃតំបន់ពោះ ហើយផ្លាស់ទីយ៉ាងលឿនទៅកាន់តំបន់ផ្ចិត។ ការឈឺចាប់អាចមានលក្ខណៈភ្លាមៗនិងកាន់តែខ្លាំងឡើងៗ។ អ្នកក៏អាចមានអារម្មណ៍ឈឺខ្នងចន្លោះស្លាបស្មា និងឈឺស្មាផ្នែកខាងស្ដាំផងដែរ។
៤. បញ្ហាពោះវៀន
មានបញ្ហាច្រើនណាស់ទាក់ទងនឹងស្ថានភាពនៃពោះវៀនតូចដែលអាចបង្កការឈឺចាប់ក្នុង ឬជុំវិញតំបន់ផ្ចិត។ មួយក្នុងចំណោមនោះរួមមានជំងឺរលាកពោះវៀន, ជំងឺ celiac និងជំងឺ crohn’s។ ការហូរឈាមក្នុងពោះវៀនតូច និងជំងឺមហារីកពោះវៀនក៏អាចជាកត្តាបង្កការឈឺចាប់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកចាំបាច់គួរប្រញាប់ទៅជួបទទួលការពិនិត្យធ្វើរោគវិនិឆ្ឆ័យពីសំណាក់គ្រូពេទ្យជំនាញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕