ពី ៧ ទៅ ៩ ម៉ោង គឺជាបរិមាណនៃការគេងរាល់យប់ដែលត្រូវបានណែនាំ។ ហើយភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការគេងមិនគ្រប់ ឬតិចពេក គឺអាចបង្កប៉ះពាល់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ ប៉ុន្តែចុះប្រសិនបើគេងលើសពីនេះវិញនោះថាតើល្អ ឬអាក្រក់ទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពមួយចំនួនដែលអ្នកអាចនឹងជួបប្រទះ ឬប្រឈមមុខ ប្រសិនបើគេងយូរពេក ៖
១. បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២
រាងកាយនឹងអសកម្មនៅពេលអ្នកចំណាយពេលគិតតែពីគេងច្រើនពេកដែលនេះបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យព្រួយបារម្ភ។ ការគេងលើសកំណត់អាចបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលងាយវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ណាស់។ ដូច្នេះដើម្បីជាការប្រសើរ អ្នកចាំបាច់គួរឆាប់ក្រោកចំនាយពេលធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយកុំភ្លេចប្រកាន់ខ្ជាប់នូវរបបអាហារសុខភាពល្អផង។
២. អាចមានអារម្មណ៍អស់កម្លាំងសឹងតែគ្រប់ពេល
ការគេងច្រើនពេកនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងស្វាហាប់ពោរពេញដោយថាមពលនោះទេ។ ផ្ទុយទៅវិញ, អ្នកអាចនឹងប្រែជាអស់កម្លាំង ហើយគ្មានអារម្មណ៍ចង់ធ្វើអ្វីឡើយ។ បរិមាណនៃការគេងដែលត្រូវបានណែនាំ គឺចន្លោះពី ៧ ទៅ ៩ ម៉ោងសម្រាប់មនុស្សពេញវ័យ។ ប្រសិនបើអ្នកគេងលើសពីនេះ, ខួរក្បាលនឹងមិនស្រឡះហើយធ្វើឱ្យអ្នកពិបាកផ្ដោតអារម្មណ៍។
៣. ងាយនឹងឈឺក្បាលញឹកញាប់
នេះជាអាការៈទូទៅបំផុតមួយនៃការគេងច្រើនពេកដែលជះផលប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទ។ ការគេងច្រើនពេកជាធម្មតានាំមកនូវអាការៈឈឺក្បាលតឹងណែន (tension)។ បន្ថែមពីនេះ, ប្រសិនបើអ្នកស្រមុកផងនោះ គឺងាយនឹងក្រោកមកឈឺក្បាលណាស់។ យោងតាមការធ្វើស្ថិតិមួយបានបង្ហាញថា ប្រមាណ ៦០ភាគរយនៃអ្នកដែលគេងស្រមុក គឺងាយនឹងជួបប្រទះនូវបញ្ហានេះ។
៤. ស្ថានភាពរ៉ាំរ៉ៃកាន់តែយ៉ាប់ខ្លាំងឡើង
ជាញឹកញយការគេងច្រើនពេកធ្វើឱ្យបញ្ហាសុខភាពដូចជាជំងឺធ្លាក់ទឹកចិត្ត និងស្ថានភាពផ្សេងទៀតរួមមានឈឺខ្នងកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើង។
៥. កាន់តែឆាប់មានអារម្មណ៍មួរម៉ៅ
ជំនួសឱ្យការមានអារម្មណ៍សប្បាយចិត្តនិងពោរពេញដោយថាមពល អ្នកប្រែជាក្រោកមកជាមួយអារម្មណ៍មិនល្អស្រស់ស្រាយទៅវិញ។ ការក្រោកមកជាមួយភាពអស់កម្លាំងបាត់ទៅហើយនោះ គឺធ្វើឱ្យអ្នកកាន់តែមិនចង់ធ្វើអ្វី និងឆាប់ខឹងមួរម៉ៅទៅវិញ។
៦. ចាស់មុនវ័យ
មិនត្រឹមតែមុខឆាប់ចាស់លឿនប៉ុណ្ណោះទេ ប៉ុន្តែខួរក្បាលក៏រងគ្រោះដែរ។ ការគេងច្រើនពេកជះផលប៉ះពាល់ដល់ការចងចាំនិងការប្រមូលផ្ដុំអារម្មណ៍គួរឱ្យកត់សម្គាល់។ បន្ថែមពីនេះការគេងលើសកំណត់អាចពន្យឺតការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនាំឱ្យកើនទម្ងន់ដែលមិនចង់បាន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕