ថាតើអ្នកធ្លាប់ជួបប្រទះនូវអាការៈឈឺក្បាលក្រោយពេលញ៊ាំអាហារ ឬភេសជ្ជៈផ្អែមៗរួចដែរទេ? វាអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន! មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុនៅពីក្រោយអាការៈឈឺក្បាលពេលញ៊ាំអាហារ ឬភេសជ្ជៈផ្អែមៗរួច ៖
១. ខ្សោះជាតិទឹកក្នុងរាងកាយ
ការទទួលទានស្ករច្រើនពេកអាចបណ្ដាលឱ្យរាងកាយប្រែជាខ្សោះជាតិទឹក និងបង្កអាការៈឈឺក្បាលទៀតផង។ នៅពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈផ្អែមៗ, លំហូរឈាមនឹងមានផ្ទុកពោរពេញទៅដោយគ្លុយកូសដែលជាប្រភពនៃថាមពលចម្បងសម្រាប់កោសិកា។ ទោះជាយ៉ាងណាក៏ដោយ, វាមិនធម្មតាឡើយនៅពេលគ្លុយកូសលើសលប់ត្រូវបានចរាចរពេញកនុងរាងកាយក្នុងពេលតែមួយ។ ជាលទ្ធផលដើម្បីកម្ចាត់ជាតិស្ករ ឬគ្លុយកូសដែលលើស, ជាតិទឹកត្រូវបានទាញចេញពីប្រភព ឬផ្នែកផ្សេងៗក្នុងរាងកាយ ហើយបញ្ជូនទៅក្នុងចរន្តឈាមដើម្បីរួមចំណែកកម្ចាត់គ្លុយកូសតាមរយៈតម្រងនោម។ មូលហេតុនេះហើយដែលធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមមានទំនោរឈឺនោមញឹកញាប់ជាងធម្មតា ខណៈដែលរាងកាយរបស់ពួកគេកំពុងព្យាយាមគ្រប់គ្រងកម្រិតនៃគ្លុយកូសក្នុងលំហូរឈាម។
២. ការពុល
ស្ករចម្រាញ់ក៏មិនខុសពីផលិតផលអាហារសំយោគដទៃទៀតដែរដោយនៅពេលទទួលទានច្រើនពេកអាចបង្កជាជាតិពុលចំពោះរាងកាយ។ បន្ថែមពីនេះនៅមានឥទ្ធិពលអវិជ្ជមានច្រើនទៀតដែលអាចលេចឡើងប្រសិនបើលំហូរឈាមមានផ្ទុកសម្បូរទៅដោយស្ករចម្រាញ់។ មួយក្នុងចំណោមនោះ គឺការរលាកក្នុងរាងកាយ! យោងតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ក្រៅពីជំងឺទឹកនោមផ្អែម, ធាត់ជ្រុល, ជំងឺមហារីក និងជំងឺបេះដូង នោះបញ្ហាទូទៅបំផុតមួយដែលកើតឡើងដោយសារការរលាកក្នុងរាងកាយ គឺអាការៈឈឺក្បាល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕