បញ្ហារន្ធញើសធំលើស្បែកមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយព្យាបាលបញ្ហារន្ធញើសធំ ៖
១. រូបមន្តផ្លែល្ហុង
មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលអាចជួយកាត់បន្ថយទំហំនៃរន្ធញើសដែលបើក ឬរីកធំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ទាប់ពីលាងសម្អាតស្បែកមុខស្អាត និងជូតផ្ដិតថ្នមៗស្ងួតរួច ចូរលាបម៉ាស្សាផ្លែល្ហុងទុំស្រស់ដែលកិនម៉ដ្ឋលើស្បែកមុខដែលមានបញ្ហាជាការស្រេច។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
២. រូបមន្តគ្រាប់អាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនគ្រាប់អាល់ម៉ុនប្រមាណ ៥ស្លាបព្រាបាយក្នុងម៉ាស៊ីនកិនក្រឡុក រួចចាក់ទឹកធម្មតាចូលបន្តិច និងរងចាំឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខដែលមានបញ្ហាដោយប្រើចលនារុញពីក្រោមឡើងលើដើម្បីរក្សាស្បែកមិនឱ្យយារធ្លាក់។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗសម្រាប់លាងសម្អាតស្បែកចេញក្រោយរយៈពេល ៣០នាទី។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. យ៉ាអួរ, ក្រូចឆ្មារ, ទឹកឃ្មុំ និងផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ និងផ្លែប៉ោម ១ចំណិត រួចបន្ថែមយ៉ាអួរចូលក្រឡុកឱ្យសព្វក្លាយជាល្បាយម៉ាស។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខដោយប្រើចលនារុញពីក្រោមឡើងលើ និងរងចាំសម្រាប់រយៈពេល ១៥នាទី ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ម៉ាស្សាផ្សំឡើងពីក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតា រួចសឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ និងលាបផ្ដិតថ្នមៗលើស្បែកមុខ។ លាងសម្អាតចេញជាមួយទឹកត្រជាក់ក្រោយរយៈពេល ៣០នាទី។
៥. ទឹកដោះគោស្រស់, ផ្លែប៉ោម, ត្រសក់ និងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតផ្លែប៉ោម និងត្រសក់ ១ផ្លែជាចំណិតៗ រួចសឹមដាក់ក្នុងម៉ាស៊ីនកិនក្រឡុក។ បន្ទាប់មកបន្ថែមស៊ុត ១គ្រាប់ និងទឹកដោះគោមួយចំនួនចូល។ កិនឱ្យសព្វក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើស្បែកមុខដោយប្រើចលនារុញពីក្រោមឡើងលើ។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕