ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសុខភាពស្បែកប្រែជាឆាប់ចាស់ជ្រីវជ្រួញ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរចៀសវាងដើម្បីទប់ស្កាត់បញ្ហាស្បែកឆាប់ចាស់ជ្រីវជ្រួញ ៖
១. របបអាហារដើម្បីសម្រកទម្ងន់
អ្នកអាចនឹងមើលទៅស្លីមជាងមុនដោយសារការតមអាហារអស់រយៈពេលប៉ុន្មានសប្តាហ៍មក។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចនឹងមើលទៅចាស់ជាងមុនដោយសារតែរបបអាហារបែបនេះផងដែរ។ ដើម្បីឱ្យស្បែកមើលទៅតឹងណែន, ភ្លឺរលោង និងមានសុខភាពល្អ, អ្នកចាំបាច់ត្រូវតែផ្គត់ផ្គង់ឱ្យស្បែកនូវសារធាតុចិញ្ចឹមច្រើនគ្រប់គ្រាន់។ ការតមអាហារដើម្បីសម្រកទម្ងន់អាចធ្វើឱ្យស្បែកខ្វះនូវវីតាមីននិងជាតិរ៉ែដែលវាត្រូវការចាំបាច់សម្រាប់រក្សាសុខភាពល្អ, ស្រស់ស្អាត និងមើលទៅក្មេងជាងវ័យ។
២. មិនញ៊ាំខ្លាញ់សោះ
មិនមែនខ្លាញ់ទាំងអស់សុទ្ធតែមិនល្អឡើយ! ប្រភេទនៃខ្លាញ់ល្អដែលមានប្រភពពីត្រីសម្បូរខ្លាញ់, គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ និងស៊ុតជាដើម គឺចាំបាច់ណាស់សម្រាប់ខួរក្បាល, បេះដូង, សន្លាក់ និងស្បែក។
៣. ត្រូវកម្ដៅថ្ងៃច្រើនពេក
ការស្ថិតក្រោមកម្ដៅថ្ងៃយូរ ឬច្រើនពេកអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ គ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ការប៉ះផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យ។ វាក៏ជាមូលហេតុដែលអ្នកចាំបាច់គួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងហោចណាស់ ៣០ ជាពិសេសនៅពេលឈានជើងចេញទៅក្រៅក្រោយម៉ោង ១០ ព្រឹក និងមុនម៉ោង ៤ល្ងាច។
៤. ស្ត្រេសរយៈពេលយូរ
ថាតើជីវិតរបស់អ្នកពោរពេញទៅដោយភាពស្ត្រេសមែនទេ? នោះវាគ្មានអ្វីចម្លែកទេដែលសម្រស់ និងសុខភាពរបស់អ្នកហាក់ដូចជាមិនប្រសើរសោះ។ ភាពស្ត្រេសអាចជះផលប៉ះពាល់ច្រើនណាស់ចំពោះសម្រស់ដែលនាំឱ្យចាស់ជាងវ័យ និងបង្កជាជំងឺផ្សេងៗចំពោះសុខភាព។ វេជ្ជបណ្ឌិតជាច្រើននិយាយថាភាពតានតឹងក្នុងអារម្មណ៍ពេកសឹងតែជាប្រចាំពន្លឿនដំណើរការនៃភាពចាស់តាមវ័យ។
៥. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ គឺសំខាន់ណាស់ដើម្បីរក្សាបានសុខភាពរឹងមាំប្រសើរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក៏ចាំបាច់សម្រាប់រក្សាបាននូវសុខភាពស្បែកល្អស្រស់ស្អាតដែរ? ការទទួលទានទឹកបានប្រមាណ ២លីត្រក្នុងមួយថ្ងៃជួយរក្សាសំណើមនៃស្បែកនិងកម្ចាត់រាល់ជាតិពុល ព្រមទាំងភាពកខ្វក់ចេញពីរាងកាយមុនពេលវាបង្កផលប៉ះពាល់ដល់ស្បែក ក៏ដូចជាជាលិកានិងសរីរាង្គផ្សេងៗផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕