រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ឆ្លងកូវីដសហគមន៍ ២០កុម្ភៈ» ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែយើងនៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ថ្លែងសាសំឡេងសម្តេចនាថ្ងៃទី២០ ខែធ្នូ នេះ ដោយប្រកាសបិទបញ្ចប់ «ព្រឹត្តិការសហគម៍២០ កុម្ភៈ» សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីការលំបាកនានារបស់រាជរដ្ឋាភិបាល និងប្រជាជនបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមកង «ទ័ពអាវស» បានចូលរួមប្រយុទ្ធប្រឆាំងប្រកបដោយឆន្ទៈយ៉ាងមុះមុតបំផុត ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សម្រេចបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ គឺមានរយៈពេល១០ខែ គិតត្រឹមថ្ងៃទី២០ធ្នូ ២០២១នេះ ដែលមានប្រជាពលរដ្ឋ១២៤០២៣នាក់ បានឆ្លងកូវីដ១៩ និងស្លា.ប់៣០០៥នាក់ ។
សម្តេចតេជោមានប្រសាសន៍ថា បន្ទាប់ពីប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លារយៈពេល ១០ខែ នៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ។
សម្តេចតេជោបញ្ជាក់ថា ការប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នោះទេ ។ ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្ត និងសូមកុំអោយកើតមានព្រឹត្តិការណ៍ដទៃៗទៀតផងដែរ ៕