បបូរមាត់ឡើងខ្មៅឬស្រអាប់ បង្ករឡើងយដោយការផលិតជាតិមេឡានីនច្រើនពេក។ ការជក់បារី ការប្រើប្រាស់ថ្នាំមួយចំនួន និងរបបអាហារសុទ្ធតែអាចបង្ករឲ្យមានការកើនឡើងនៃមេឡានីន។ បន្ថែមពីលើនេះទៀត ក្រែមលាបមាត់ បញ្ហាអាឡែហ្ស៊ី កង្វះជាតិទឹក និងការប៉ះត្រូវនឹងកម្តៅថ្ងៃ ក៏អាចបង្ករឲ្យបបូរមាត់ឡើងខ្មៅដែរ។ ប៉ុន្តែយើងមានវិធីសាស្ត្រតាមធម្មជាតិជាច្រើន ដើម្បីជួយឲ្យបបូរមាត់របស់អ្នកមានពណ៌ស្រស់ឡើងវិញ។
១. ការខាត់និងសារធាតុសំណើម៖ ចូរខាត់សម្អាតស្រទាប់លើរបស់ស្បែកបបូរមាត់របស់អ្នកថ្នមៗ ដោយប្រើក្រណាត់សើម ឬច្រាស់ដុសធ្មេញដែលទន់។ ចូរលាប petroleum, ប៊ឺរកាកាវ, ឬសារធាតុសំណើមធម្មជាតិផ្សេងទៀតលើបបូរមាត់របស់អ្នកយ៉ាងតិច ៥ដង ក្នុងមួយថ្ងៃ រួមទាំងពេលព្រឹង និងពេលរៀបចូលគេងផងដែរ។
២. កាហ្វេ តែ និងនីកូទីន៖ កាហ្វេ តែ និងនីកូទីន នឹងធ្វើឲ្យធ្មេញនិងបបូរមាត់របស់អ្នកឡើងពណ៌ខ្មៅ។ ជាតិនីកូទីនក្នុងបារីបង្កើនការផលិតមេឡានីនក្នុងរាង្គកាយ ដូច្នេះអ្នកត្រូវបញ្ឈប់ឬកាត់បន្ថយការជក់បារី នោះអ្នកនឹងអាចកាត់បន្ថយបញ្ហាបបូរមាត់ខ្មៅបានដែរ។ កាហ្វេ និងតែ បន្សល់ជាតិពណ៌ខ្មៅនៅលើបបូរមាត់ប្រសិនបើអ្នកទទួលទានក្នុងកម្រិតច្រើន។ ចូរកំហិតការទទួលទានភេសជ្ជៈប្រភេទនេះដើម្បីជួយឲ្យបបូរមាត់របស់អ្នកមានពណ៌ស្រស់ឡើងវិញ។ ជំនួសទៅវិញ ចូរទទួលទានទឹកធម្មតាឲ្យបានពី ៦ ទៅ ៨កែវក្នុងមួយថ្ងៃ ដើម្បីផ្តល់ជាតិសំណើមដល់ស្បែក។
៣. ទឹកក្រូចឆ្មារ៖ អាស៊ីតស៊ីទ្រិច (citric acid) ដែលមាននៅក្នុងក្រូចឆ្មារ មានប្រសិទ្ធភាពក្នុងការជួយឲ្យស្បែកភ្លឺរលោង។ ចូរលាបទឹកក្រូចឆ្មារលើបបូរមាត់របស់អ្នកដោយប្រើចុងម្រាមដៃឬសម្លីត្បាល់ត្រចៀក ឬយកចំណិតក្រូចឆ្មារដែលទើបនឹងហាន់មកលាបលើបបូរមាត់ក៏បាន។ អ្នកអាចលាយជាមួយទឹកឃ្មុំដើម្បីឲ្យមានជាតិផ្អែម និងកាន់តែមានប្រសិទ្ធភាព។ ទឹកឃ្មុំមានអង់ស៊ីមម្យ៉ាងដែលហៅថា glucose oxidase ដែលផលិតអ៊ីដ្រូហ្សែនផឺរ៉ូស៊ីត ដែលជាភ្នាក់ងារខាត់ស្បែកឲ្យស។ បន្ទាប់មក ចូរលាបសារធាតុសំណើមគ្របលើវា។ ចូរធ្វើបែបនេះឲ្យបានពីរដងក្នុងមួយថ្ងៃ ប្រហែលជាពីរបីសប្តាហ៍ នោះអ្នកនឹងឃើញលទ្ធផល។
៤.ប្រេងអាល់ម៉ុន៖ ប្រេងអាល់ម៉ុនគឺជាវិធីដ៏ងាយស្រួលមួយក្នុងការជួយឲ្យបបូរមាត់ភ្លឺ និងបន្ថែមសារធាតុសំណើមដល់បបូរមាត់។ មានវិធីជាច្រើនក្នុងការលាបប្រេងអាល់ម៉ុលលើបបូរមាត់របស់អ្នក។ ដំបូងអ្នកត្រូវកិនអាល់ម៉ុនពីរគ្រាប់ឲ្យម៉ដ្ឋ ហើយលាយជាមួយនឹងទឹកឃ្មុំ ឬទឹកដោះគោ មួយស្លា្បព្រាកាហ្វេ។ ម្សៅអាល់ម៉ុន ឬប្រេងអាល់ម៉ុនលាយជាមួយនឹងគ្រឿងផ្សំទាំងនេះគឺសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា។ បន្ទាប់មកយកវាទៅលាបលើបបូរមាត់របស់អ្នក ហើយទុករយៈពេលយ៉ាងតិច ៣០នាទី។ អ្នកអាចទុកវាមួយយប់ក៏បាន។ ចូរបន្តអនុវត្តវិធីនេះពីរទៅបីសប្តាហ៍ នោះអ្នកនឹងឃើញពីលទ្ធផល។
៥. ទឹកដោះគោ និងទឹកឃ្មុំ៖ ទឹកដោះគោឆៅមានប្រសិទ្ធភាពក្នុងការធ្វើឲ្យបបូរមាត់ភ្លឺ មិនថាប្រើវាតែឯង ឬលាយជាមួយអាល់ម៉៉ុន ឬទឹកឃ្មុំនោះទេ។ អ្នកអាចលាយទឹកដោះគោពីរស្លាបព្រាកាហ្វេជាមួយនឹងទឹកឃ្មុំឬប្រេងអាល់ម៉ុន ហើយលាបវាលើបបូរមាត់របស់អ្នក និងទុកវាយ៉ាងតិច ៣០នាទី។
៦. ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើត្រូវបានគេដឹងថាមានប្រសិទ្ធភាពក្នុងការខាត់ស្បែក។ វាថែមទាំងផ្តល់សារធាតុសំណើមដល់ស្បែកទៀតផង។ ចូរលាបប្រទាលកន្ទុយក្រពើស្រស់ ឬជែលប្រទាលកន្ទុយក្រពើលើបបូរមាត់របស់អ្នកយ៉ាងតិច ១៥នាទី ក្នុងមួយថ្ងៃ។ អ្នកអាចនឹងឃើញលទ្ធផលក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែវាអាចយូរឬឆាប់ទៅតាមស្បែករបស់មនុស្សម្នាក់ៗ។ ចូរបន្តប្រើវារហូតដល់អ្នកបានទទួលលទ្ធផលដែលអ្នកចង់បាន៕