មិនមាននរណាម្នាក់ដឹងយ៉ាងច្បាស់ថាតើមុននឹងមានរយៈពេលប៉ុន្មានចំពោះមនុស្សនីមួយៗនោះទេ។ មនុស្សជាច្រើនរកឃើញថា មុនរបស់ពួកគេមានភាពប្រសើរឡើងមកវិញនៅពេលដែលពួកគេក្លាយជាចាស់ និងវាស្ទើរតែបាត់តែម្តងនៅពេលដែលពួកគេចូលវ័យ២០ឆ្នាំរបស់ពួកគេ។ អ្នកខ្លះវិញមានមុនច្រើនទៅវិញនៅពេលពេញវ័យ។
ព័ត៌មានដ៏ល្អមួយគឺថា មុនអាចត្រូវបានព្យាបាលបាន ហើយការចេញមុនអាចត្រូវបានការពារបាន។ ការការពារទាក់ទិនទៅនឹងការថែទាំសុខភាពស្បែក។ កូនប្រុសរបស់អ្នកគួរតែលាងសម្អាតមុខរបស់គាត់២ដងក្នុងមួយថ្ងៃ (និងក្រោយការបែកញើស)។ជាមួយនឹងសាប៊ូលាងមុខ និងទឹកក្តៅអ៊ុនៗ។ សូមប្រាកដថា គាត់បានលាងសម្អាតថ្នមៗ, ជួនកាលមនុស្សវ័យជំទង់ដុសសម្អាតមុខខ្លាំងៗដើម្បីចង់លុបបំបាត់មុន។ នេះអាចធ្វើអោយរលាកស្បែក និងជាទូទៅធ្វើអោយមុនប្រែទៅជាអាក្រក់ទៅវិញ។
ឡេការពារកម្តៅថ្ងៃ, ទឹកអោយស្បែកមានសំនើម និងការផាត់មុខគួរតែជាផលិតផលមិនមានជាតិប្រេង។ សក់ និងផលិតផលសម្រាប់លេងម៉ូតសក់គួរតែត្រូវបានគេប្រើកុំអោយប៉ះមុខ និងសក់គួរតែត្រូវបានកក់ជារៀងរាល់ថ្ងៃ។
កូនប្រុសរបស់អ្នកគួរតែព្យាយាមកុំប៉ះមុខរបស់គាត់។ ប្រសិនបើអនាម័យស្អាតមិនជួយដល់ការចេញមុនទេនោះ, កូនប្រុសរបស់អ្នកអាចសាកល្បងប្រើក្រេម ឬជែលសម្រាប់ការកើតមុនដែលមានលក់តាមទីផ្សារ។ សូមប្រាកដថា គាត់ធ្វើតាមការណែនាំដោយប្រុងប្រយ័ត្ន និងមិនប្រើវាលើសពីការណែនាំ។
ប្រសិនបើមុនរបស់គាត់នៅតែមិនធូរស្រាល, គាត់អាចត្រូវការការជួយបន្ថែមពីគ្រូពេទ្យឯកទេសជំងឺសើស្បែក។ គ្រូពេទ្យអាចណែនាំពីការព្យាបាលដែលល្អបំផុតសម្រាប់គាត់ និងផ្តល់វិធីសាស្ត្រដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះបញ្ហាមុននេះ៕