មានកត្តាជាច្រើន ដែលធ្វើអោយអ្នកទំពែកបាន ហើយហេតុផលរបស់វាគឺខុសៗគ្នា និង អាស្រ័យទៅតាម បុគ្គលម្នាក់ៗ វាអាចដោយសារតែការបញ្ហាសុខភាព, ភេទរបស់អ្នក ឬ ដោយសារតែចំណង់ចំណូលចិត្ត របស់អ្នកថែមទៀតផង។ ជាការពិតណាស់ មនុស្សប្រុសហាក់នឹង ប្រឈមនឹងបញ្ហានេះ ច្រើនជាងមនុស្សស្រី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិនមែនបានន័យថា មនុស្សស្រីអាចគេចផុតពីវាបានដែរ។
ធ្វើអោយរបបអាហាររបស់អ្នកប្រសើរជាងមុន
កង្វះសារជាតិប្រូតេអ៊ីន ឬ ជាតិដែក អាចជះឥទ្ធិពលទៅដល់ ការលូតលាស់របស់សក់ ហើយជាលទ្ធផល វានឹងធ្វើអោយអ្នកជ្រុះសក់បានយ៉ាងឆាប់។ ជាទូទៅ គេតែងតែធ្វើការណែនាំ អោយអ្នកដែលជួបបញ្ហាជ្រុះសក់ ឬ ទំពែកនេះ ទទួលយករបបអាហារណា ដែលសម្បូរទៅដោយសារជាតិប្រូតេអ៊ីន និង ជាតិដែក ។
ភាពទំពែកដោយសារតែកត្តាអាយុ
អាយុក៏ជា មូលហេតុមួយ ដែលបង្កអោយអ្នកមានភាពទំពែកបាន ដោយសារតែវា មានឥទ្ធិពលទៅលើ អរម៉ូន និង ធ្វើអោយប្រព័ន្ធភាពសាំចុះខ្សោយ។ យើងអាចធ្វើការ គ្រប់គ្រងនូវការជ្រុះសក់របស់យើងបាន ដោយការយកចិត្តទុកដាក់ និង ចាត់វិធានការណ៍ជាចំបង ក្នុងការបំប៉ន និង ថែរក្សាវាអោយបានត្រឹមត្រូវ ឡើងវិញ។ ប៉ុន្តែអ្នកត្រូវចាំថា ពេលខ្លះមូលហេតុដោយសារតែអាយុនេះ អាចនឹងធ្វើអោយអ្នកទំពែក ជារៀងរហូតបាន ប្រសិនបើឬសសក់របស់អ្នកបានងាប់បាត់ទៅហើយ ។
ការជ្រើសរើសម៉ូតសក់អោយបានត្រឹមត្រូវ
ការចងសក់ទៅក្រោយតឹងពេក ឬ ការក្រងសក់ គឺសុទ្ធតែអាចធ្វើអោយសក់របស់អ្នក ដាច់ជ្រុះបានយ៉ាងងាយ។ ប្រសិនបើស្បែកក្បាលរបស់អ្នកឡើងតឹង នោះចលនាចរន្តឈាមរត់ ទៅឬសសក់ នឹងត្រូវបានកាត់បន្ថយ ហើយបន្ថែមពីនេះនោះវានឹងធ្វើអោយសក់របស់អ្នកជ្រុះបាន។ ប្រសិនបើបញ្ហានេះកើតមាន វាជាការប្រសើរបំផុត ក្នុងការជ្រើសរើសយកម៉ូតសក់ណា ដែលមិនសូវដាក់សម្ពាធទៅដល់ឬសសក់ និង ស្បែកក្បាលរបស់អ្នក ៕