មនុស្សភាគច្រើន តែងមើលរំលងនូវការថែរក្សាប្រអប់ជើងរបស់ខ្លួនឯង ជាពិសេសគឺម្រាមជើងតែម្តង។ ជាការពិត មិនខុសពីផ្នែកផ្សេងៗទៀតនៃ រាងកាយពួកវា ក៏ត្រូវការ ការយកចិត្តទុកដាក់ និង ថែរក្សាអោយបានឌិតដល់ផងដែរ។
ខាងក្រោមនេះ គឺជាវិធីងាយៗ ៥យ៉ាងក្នុងការថែរក្សាម្រាមជើងអ្នក អោយមានសោភ័ណភាពល្អ ៖
១.ការព្យាបាលដោយការផ្សើមទឹក
វិធីដ៏ប្រសើរបំផុត ក្នុងការថែរក្សាម្រាមជើងរបស់អ្នក គឺអ្នកត្រូវអនុវត្តនូវ ការព្យាបាលដោយវិធីផ្សើមប្រអប់ជើងអោយបាន ១ម្តងក្នុងមួយសប្តាហ៍។ អ្នកគួរធ្វើការផ្សើមប្រអប់ជើងរបស់អ្នក ទៅក្នុងទឹក អោយបានពី ១០ ទៅ ១៥នាទី។ នេះគឺជាវិធីធម្មជាតិម្យ៉ាង ដែលអាចយកចេញនូវ កោសិកាងាប់ៗ ចេញពីម្រាមជើងរបស់អ្នក។ បន្ទាប់ពីអ្នកលើកជើងចេញពីទឹកហើយ អ្នកត្រូវធ្វើការម៉ាស្សាវាថ្នមៗ ជាមួយនឹងក្រែម ម៉ាស្សាប្រអប់ជើង ដែលផ្តល់សំណើមបានល្អដល់ស្បែក។ វិធីនេះ ក៏អាចសម្អាតនូវស្បែកកខ្វក់ និង ធ្វើអោយចរន្តឈាមរត់នៅប្រអប់ជើង អ្នកមានដំណើរការបានល្អផងដែរ ។
២. ធ្វើការហាត់ប្រាណនៅម្រាមជើង
អ្នកប្រហែលជាធ្លាប់បានដឹងពីវាមុនខ្លះរួចមកហើយ នូវប្រភេទនៃលំហាត់ប្រាណមួយចំនួន ដែលអ្នក អាចអនុវត្តនៅនឹងម្រាមជើងរបស់អ្នកបាន។ អ្នកអាចពត់ម្រាមជើងរបស់អ្នក ទៅមុខ និង ទៅក្រោយ។ ដោយប្រើជំនួយពីដៃរបស់អ្នក អាចធ្វើការបង្វិលម្រាមជើងនីមួយៗ ជាចលនារង្វង់ថ្នមៗ ។ វាអាចនឹងជួយ អោយពួកវា មានភាពបត់បែនបានល្អ ជាងមុន ហើយវាក៏នឹងអាចជួយ បង្កើននូវចរន្តឈាមរត់ នៅនឹងប្រអប់ជើងនោះ អោយបានប្រសើរផងដែរ។
៣. ធ្វើការម៉ាស្សាម្រាមជើងរបស់អ្នកអោយបានជាប្រចាំ
វិធីដ៏មានប្រសិទ្ធិភាពផ្សេងទៀត នោះគឺអ្នកត្រូវធ្វើការថែរក្សាប្រអប់ជើងរបស់អ្នក ដោយការជ្រើសរើស យកការម៉ាស្សាម្រាមជើង និង ប្រអប់ជើងអោយបានជាប្រចាំ។ អ្នកអាចប្រើនូវ ប្រេងដូង ឬ ប្រេងអូលីវ យកមកម៉ាស្សាប្រអប់ជើងអ្នកបាន។ វិធីនឹងជួយកំចាត់ស្បែកដែលជ្រាវជ្រួញ ជម្រុះចោលកោសិកាចាស់ៗ និង ធ្វើអោយស្បែកជើងអ្នកមានពន្លឺ និង សំណើមបានយ៉ាងល្អផងដែរ។
៤. ធ្វើការជូតសម្ងួតប្រអប់ជើងអោយបានស្អាតល្អ
មនុស្សភាគច្រើន តែងមើលរំលងនូវការជូតសម្ងួតស្បែកត្រង់ចន្លោះម្រាមជើង អោយបានស្ងួតល្អ បន្ទាប់ពីពួកគេ បានងូតទឹក ឬ លាងជើងរួច។ បញ្ហានេះ អាចធ្វើអោយវាមាននូវកន្ទួលរមាស់ និង បង្កើតបានជាការបង្ករោគរបស់ជំងឺផ្សិតបាន។ ដូច្នេះ វាជាការចាំបាច់ណាស់ ដែលអ្នកត្រូវធ្វើការជូតសម្ងួត ស្បែកម្រាមជើងរបស់អ្នក អោយបានសព្វល្អ។
៥. ត្រូវជ្រើសរើសស្បែកជើងដែលសាកសមទៅនឹងប្រអប់ជើងរបស់អ្នក
ស្ត្រីភាគច្រើនចូលចិត្ត ជ្រើសរើសយកម៉ូតស្បែកជើងដែលស្រស់ស្អាត ដោយមិនខ្វល់ពីភាពសុខស្រួលរបស់ប្រអប់ជើងនោះទេ។ វាជាការចាំបាច់ សម្រាប់សុខភាពម្រាមជើង និង ប្រអប់ជើងរបស់អ្នក ដូច្នេះ អ្នកគួរជ្រើសរើសប្រភេទស្បែកជើងណា ដែលអាចផ្តល់ផាសុកភាពដល់អ្នក នៅពេលដែលអ្នកពាក់វា ។ ការពាក់ស្បែកដែលហប់ណែនតឹង នឹងធ្វើអោយជើងអ្នក បែកញើសធំក្លិនមិនល្អ និង អាចបណ្តាលអោយ មានជំងឺផ្សិតថែមទៀតផង៕