ការមិនបានថែរក្សាស្បែក អោយបានត្រឹមត្រូវល្អ អាចផ្តល់នូវផលអាក្រក់ ហើយពេលខ្លះទៀត វាអាច នឹងធ្វើ អោយស្ថានភាពស្បែក កាន់តែអាក្រក់ជាងមុន ជាងការដែលមិនបានធ្វើការថែទាំវា ទាល់តែសោះ ទៅទៀត ។
ចំណុចដំបូង ដែលអ្នកគួរដឹងនោះគឺថា អ្នកមិនត្រូវប្រើ ក្រែម ឬ ឡេលាបស្បែក ដែលសម្រាប់ប្រើ នៅក្នុងរដូវក្តៅ យកមកប្រើនៅក្នុងរដូវរងារ នោះទេ ពីព្រោះថា ពួកវាមានផ្ទុកជាតិទឹក ដែលអាចនឹង បឺត ស្រូបចូលទៅក្នុងស្បែក ហើយអាចនឹងកកបាន នៅពេលដែលវា ត្រូវប្រឈមទៅនឹង អាកាសធាតុត្រជាក់ ។ ហេតុដូចនេះហើយ វាអាចនឹង ទាញសន្ធឹងនូវ កោសិកាស្បែក និង អាចបណ្តាលអោយ អ្នក មានស្នាម ជ្រាវជ្រួញមុនអាយុបាន ។ នេះជាមូលហេតុដែលអ្នកត្រូវប្រើ ឡេលាបស្បែក ដែលមាន សភាពក្រាស់ និង មានជាតិប្រេងច្រើនជាងមុន ដែលត្រូវបានរៀបចំសម្រាប់ អាកាធាតុត្រជាក់ និង ធ្លាក់ខ្យល់ ។
ប្រសិនបើអាកាសធាតុត្រជាក់ កើតមាន ហើយអ្នកមិនបានត្រៀមឡេលាបស្បែក ទុកជាមុន នោះអ្នកអាច បង្កើត ឡេលាបស្បែកបានដោយខ្លួនឯងភ្លាមៗ ដោយអ្នក គ្រាន់តែយក ប្រេងអូលីវ ពីរបីតំណក់ មក លាបនៅលើមុខ ដែលមធ្យោបាយនេះ គឺជាវិធីការពារមួយដ៏មានប្រសិទ្ធិភាព ។
អ្នកត្រូវកត់សម្គាល់ផងដែរថា ឡេលាបស្បែកដែលមានជាតិប្រេងផ្សំពីបន្លែ អាចជាវិធីព្យាបាលដ៏ល្អ សម្រាប់ ស្បែកដែលឆាប់មានប្រតិកម្ម, មានរន្ធញើសរីកធំ និង អាចប្រើបានសម្រាប់ស្បែកគ្រប់ប្រភេទ។ ពួកវាក៏អាចជួយផ្តល់សំណើម និង ការពារស្បែក ក៏ដូចជាជម្រុញអោយកោសិកាស្បែកថ្មី មានការលូតលាស់ឡើងវិញ អោយបានច្រើនផងដែរ។
សម្រាប់ស្បែកដែលស្ងួត និង ឆាប់មានប្រតិកម្ម ក៏ដូចជាស្បែក ដែលមានស្នាមជ្រាវជ្រួញ នោះប្រេងផ្កា កូឡាបអាចនឹង មានប្រសិទ្ធិភាពបានយ៉ាងពិសេស។ វាជួយធ្វើ អោយស្បែកធ្វើយុវកម្ម និង បង្កើតស្បែក ថ្មី ខណៈពេលដែល វាក៏នឹងជួយបង្កើននូវ ភាពតឹងណែនរបស់ស្បែកបានផងដែរ។ ជាធម្មតា ប្រេងផ្កាម្លិះ, ប្រេង ផ្លែអាប្រីកុត (apricot) និង ភីជ(peach) ក៏អាចជួយបន្ទន់ស្បែក និង ផ្តល់សំណើមដល់ស្បែក របស់អ្នក បានផងដែរ ។
អ្នកត្រូវធ្វើការពិគ្រោះជាមួយ នឹងគ្រូពេទ្យជំនាញផ្នែកសើរស្បែកអោយបានត្រឹមត្រូវមុន ពេលសម្រេចចិត្ត ថានឹង ជ្រើសរើសយកប្រភេទឡេណាមួយ ដែលល្អសាកសម ជាពិសេសសម្រាប់ស្បែកអ្នក ហើយគ្រូពេទ្យ នឹងអាចធ្វើការណែនាំ នូវវិធីសាស្ត្រមួយចំនួន ក្នុងការថែរក្សាស្បែកទៅតាមប្រភេទរបស់ អ្នក អោយបានត្រឹមត្រូវល្អ៕