អាហារសំបូរទៅដោយប្រូតេអ៊ីន ជាពិសេសសាច់ត្រី អាចបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកដែលទទួលទានប្រូតេអ៊ីនសាច់ខ្ពស់នៅក្នុងរបបអាហាររបស់ពួកគេ ហាក់ដូចជាមិនងាយទទួលរងជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ បើធៀបទៅនឹងអ្នកដែលបានញ៉ាំប្រូតេអ៊ីនតិច។
អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានប្រូតេអ៊ីន ២០ ក្រាមក្នុងមួយថ្ងៃ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានថយចុះចំនួន ២៦%។ ប្រូតេអ៊ីនសត្វមានប្រយោជន៍ការពារទ្វេដងបើធៀបនឹងប្រូតេអ៊ីនបន្លែ។ ប្រូតេអ៊ីនសត្វបានបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ២៩% ខណៈដែលប្រូតេអ៊ីនដែលបានពីបន្លែអាចបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលត្រឹមតែ ១២% ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងជំងឺដាច់សរសៃឈាមខួរក្បាល បានព្រមានប្រឆាំងទៅនឹងការស្រាវជ្រាវថ្មីនេះ ដោយសារការស្រាវជ្រាវមានទំហំតូចពេក។ ប្រភពនៃប្រូតេអ៊ីនដែលបានមកពីសាច់សត្វ មានជាតិខ្លាញ់ខ្ពស់ ដែលអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវនេះមិនមានន័យថា សាធារណៈជនគ្រប់រូបគួរតែចាប់ផ្តើមញ៉ាំប័រហ្គឺរ និងសាច់ក្រហមនោះទេ៕