ឥឡូវនេះវាដល់ពេលដែលអ្នកត្រូវស្វះស្វែងរកអ្វីដើម្បីទប់ស្កាត់ដំណើរការណ៍នៃការចាស់ទៅតាមអាយុហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អាហារជាច្រើនដែលអ្នកទទួលទានអាចបង្កើតបានជាភាពខុសគ្នាដ៏សំខាន់មួយនៅក្នុងស្ថានភាពវ័យរបស់អ្នកទាំងក្នុង និងក្រៅ។
របបអាហារមួយប្រភេទដែលផ្ទុកទៅដោយជាតិស្ករ និងកាបូអ៊ីដ្រាតកែច្នៃច្រើនមិនត្រឹមតែធ្វើអោយអ្នកឡើងទម្ងន់តែប៉ុណ្ណោះទេ តែវាក៏អាចបណ្តាលអោយជាតិកូឡាជែនភ្ជាប់គ្នាដែលអាចធ្វើឱ្យស្បែកមនុស្សឆាប់ចាស់ និងមានភាពជ្រៀវជ្រួញលឿនផងដែរ។ ដើម្បីថែរក្សាភាពជាយុវវ័យរបស់អ្នក ខាងក្រោមនេះគឺជាអាហារដ៏អស្ចារ្យសម្រាប់ជួយថែរក្សាសុខភាពរបស់អ្នកកុំឱ្យចាស់ទៅតាមអាយុបាន។
បឺរីពណ៌ខៀវ
ផ្លែបឺរីពណ៌ខៀវផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ ប្រភេទ Polyphenol ដែលមានខ្ពស់បំផុតក្នុងចំណោមអំបូរផ្លែបឺរីទាំងអស់ សម្រាប់សម្លាប់បាក់តេរី និងវីរ៉ុស។ អង់ទីអុកស៊ីដង់ប្រភេទនេះត្រូវបានគេរកឃើញថាជួយទប់ស្កាត់ការបំបែកកូនចៅរបស់វីរ៉ុសបង្កជំងឺរលាកថ្លើមប្រភេទ C បាន។ តាមការសិក្សាបានអោយដឹងថា ផ្លែឈើដ៏អស្ចារ្យមួយនេះក៏ផ្ទុកទៅដោយសារធាតុ Pterostilbene ដែរក្នុងការពង្រឹងដល់ភាពឈ្លាស់វៃរបស់សត្វកណ្តុរ។
សូកូឡាខ្មៅ
សូកូឡាខ្មៅដែលផលិតពី កាកៅ (Cacao) ផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ច្រើនជាងអាហារផ្សេងៗទៀត។ សារធាតុអង់ទីអុកស៊ីដង់ដែលមានក្នុងសូកូឡាខ្មៅប្រភេទនេះមានដូចជា Catechin, Epicatechin និង Procyanidins ដែលវាសុទ្ធសឹងតែជាអង់ទីអុកស៊ីដង់ខ្លាំង និងមាននាទីជួយថែរក្សាសរសៃឈាម និងការពារសរសៃប្រសាទពីការមានរបួស និងរលាក។ កាកៅក៏មានប្រយោជន៍ធ្វើអោយឆ្អែត, បង្កើនភាពឈ្លាសវៃ និងអារម្មណ៍ល្អដែរ។ ចូរប្រាកដថា ត្រូវជ្រើសរើសូកូឡាខ្មៅណាដែលមានការកែច្នៃតិចតួចបំផុត និងផ្ទុកទៅដោយកាកៅខ្ពស់យ៉ាងហោចណាស់ ៧០ភាគរយដែរ។
ផ្កាខាត់ណាពណ៌បៃតង (Broccoli)
ផ្កាខាត់ណាពណ៌បៃតងប្រហែលជាជួយកាត់បន្ថយការប្រឈមជំងឺមហារីកច្រើនប្រភេទ ព្រោះតែវាសម្បូរទៅដោយសារធាតុ Sulforaphane ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយប្រភេទសម្រាប់ទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការបំផ្លាញពីរ៉ាឌីកាលសេរី និងសារធាតុបង្កជំងឺមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ ផ្កាខាត់ណាពណ៌បៃតងពេលនៅឆៅមានជីវជាតិមួយចំនួនដែរក្នុងការជំរុញប្រសិទ្ធភាពស្នូលរបស់ Sulphoraphen ដូច្នេះគួរតែចម្អិនវាល្មមៗបានហើយពេលទទួលទាន។
ត្រីដែលសម្បូរខ្លាញ់អូមេហ្គាបី
ប្រភេទខ្លាញ់អូមេហ្គាបីគឺជាភ្នាក់ងារប្រឆាំងនឹងការរលាកពីធម្មជាតិដ៏ខ្លាំងបំផុត។ សារធាតុធ្វើអោយរលាកប្រភេទ Cytokines គឺជាអ្នកបង្កអោយមានជំងឺគ្រប់ប្រភេទ ដូច្នេះហើយ ការបង្កើនកម្រិតអូមេហ្គាបីនៅក្នុងខ្លួន អាចជួយជំនះការខូចខាតរបស់កោសិការដែលបានមកពីការរលាកក្នុងបេះដូង, ខួរក្បាល និងជាលិការផ្សេងៗទៀត។
ផ្លែអាលម៉ុន
ផ្លែអាលម៉ុនមានអត្ថប្រយោជន៍ច្រើនណាស់ដោយសារតែវាមានសារធាតុដូចជា ជាតិសរសៃ, Alpha Tocopherol (ដែលជាទម្រងរបស់វីតាមីន E), ម៉ាញ៉េស្យូម និងទងដែង។ បើយោងទៅតាមការស្រាវជ្រាវខាងវេជ្ជសាស្ត្របានអោយដឹងថាអត្ថប្រយោជន៍របស់វាមានដូចជា ជួយបញ្ចុះជាតិកូឡេស្ទើរ៉ុល និងសម្ពាធឈាម និងកាត់បន្ថយការឡើងជាតិស្ករ ដើម្បីកុំឱ្យកើតជាជំងឺ Metabolic Syndrome និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ចូរចាំថា ផ្លែអាលម៉ុនមានកាលឡូរីខ្ពស់ណាស់។
ប៉េងប៉ោះ
ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលជាម៉ូលេគុលរុក្ខជាតិម្យ៉ាងល្អចំពោះសុខភាពប្រព័ន្ធបេះដូង-សរសៃឈាម និងបង្ការកុំអោយមានជំងឺមហារីក។ យន្តការណ៍មួយរបស់វាគឺកាត់បន្ថយការភ្ញោចអោយមានដំណើរនៃការរលាក និងកាត់បន្ថយរ៉ាឌីកាលសេរី។
ខ្ទឹមស
ខ្ទឹមសផ្ទុកទៅដោយសារធាតុ Allicin ដែលល្អចំពោះសុខភាពរបស់មនុស្ស។ តាមការស្រាវជ្រាវបានឱ្យដឹងថា ខ្ទឹមសមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះប្រព័ន្ធបេះដូង-សរសៃឈាមតាមរយៈការជម្រុញឱ្យមានការបន្ធូរ ឬសម្រាករបស់សរសៃឈាម។ វាដើរតួនាទីដូចជាថ្នាំរំលាយកំណកឈាម និងពង្រឹងស្ថានភាពអង់ទីអុកស៊ីដង់តាមរយៈកាត់បន្ថយកម្រិតរ៉ាឌីកាលសេរី និងភ្ញោចឱ្យផលិតសារធាតុ Glutathione ដែលជាជីវជាតិដ៏សំខាន់សម្រាប់ច្រោះជាតិពុលនៅក្នុងថ្លើម៕