បើយោងទៅតាមការសិក្សារបស់ប្រទេសជប៉ុនបានអោយដឹងថា បាក់តេរីដែលរស់នៅលើស្បែក និងស្បែកជើងរបស់អ្នក នឹងស៊ីញើសអ្នកជាអាហារ ពេលនោះវានឹងបង្កើតបានជាជាតិអាស៊ីតបង្កជាក្លិនលើស្បែកបាន។ វាគឺជារឿងធម្មជាតិប៉ុណ្ណោះ ប៉ុន្តែ អ្នកក៏អាចកាត់បន្ថយបាក់តេរីនេះបានដែរ តាមរយៈការមានទម្លាប់ធ្វើជើងអោយស្ងួតល្អ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗមួយចំនួន ដែលអ្នកអាចធ្វើបានដើម្បីបំបាត់បាក់តេរីលើស្បែកកុំអោយបង្កក្លិនប្រអប់ជើងបាន។
ចំពោះប្រអប់ជើង
ត្រាំជាមួយទឹកអំបិល
អំបិលនឹងជួយទាញជាតិសំណើមមកលើស្បែក ដើម្បីបន្ថយចំនួនបាក់តេរីដែលរស់នៅលើស្បែកបាន។ ចូរប្រើទឹកអំបិលមួយចានដែក ហើយដាក់ជើងត្រាំក្នុងនោះរយៈពេល ២០ នាទី។ ចូរធ្វើបែបនេះរាល់ថ្ងៃរយៈពេល ២ សប្តាហ៍។
បន្ថែមទឹកខ្មេះ
បើសិនជាអ្នកចង់បង្កើតនូវមជ្ឈដ្ឋានដែលពិបាករស់នៅដល់បាក់តេរីនោះ ចូរលាងសម្អាតម្រាមជើងរបស់អ្នកជាមួយទឹកខ្មេះ។ វាមានឥទ្ធិពលជួយអោយស្ងួត ដូច្នេះ វាក៏ពិបាកនឹងអោយបាក់តេរីរស់នៅដែរ។ ចូរលាយទឹកខ្មេះជាមួយនឹងទឹកធម្មតាមួយចានដែក។ បន្ទាប់មក ចូរត្រាំជើងក្នុងទឹកនោះរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ រយៈពេលមួយសប្តាហ៍។
ប្រើតែ
ជាតិអាស៊ីតក្នុងស្លឹកតែនឹងទៅបិទរន្ធញើស ដើម្បីបន្ថយចំនួនញើសដែលបញ្ចេញ។ វាក៏ដើរតួនាទីជាថ្នាំផ្សះធម្មជាតិមួយដែរ សម្រាប់សម្លាប់បាក់តេរីនៅប្រអប់ជើង។ ចូរបន្ថែមតែខ្មៅទៅក្នុងទឹក ហើយដាំវាអោយពុះរយៈពេល ១៥ នាទី។ ចូរត្រាំជើងនៅក្នុងល្បាយមួយនេះរយៈពេល ៣០ នាទី។ ចូរធ្វើបែបនេះអោយបានម្តងក្នុងមួយថ្ងៃ រយៈពេលមួយសប្តាហ៍។
ចំពោះស្បែកជើង
ជ្រើសរើសស្រោមជើងអោយបានត្រឹមត្រូវ
ស្រោមជើងដែលធ្វើពីជាតិលីឡុងអាចធ្វើអោយមានសំណើមនៅលើប្រអប់ជើងបាន។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះស្រោមជើងធ្វើពីសរសៃរអំបោះវិញអាចជួយអោយជើងដកដង្ហើមបាន។ ហើយបើសិនជាអ្នកងាយនឹងបែកញើសច្រើនជាងធម្មតាមែននោះ ចូរប្រើប្រាស់ស្រោមជើងបន្ថែមមួយគូទៀត ឬដាក់វានៅតាមខ្លួន ដើម្បីផ្លាស់ប្តូរនៅពេលចាំបាច់។
ប្រើស្ប្រៃយ៍បាញ់បំបាត់ក្លិន
ការប្រើស្ប្រៃយ៍បាញ់បំបាត់ក្លិន គឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយដើម្បីសង្គ្រោះដល់ស្បែកជើងចាស់ៗ ព្រោះវាផ្ទុកទៅដោយសារធាតុ Ethanol និងធាតុផ្សំផ្សេងៗទៀតដែលជួយសម្លាប់បាក់តេរី។ ដំបូងឡើយ ចូរបាញ់វានៅក្នុងស្បែកជើងអោយសព្វល្អ។ បន្ទាប់មក ចូរបាញ់វានៅលើស្រោមជើងផង ហើយទុកវាចោលរយៈពេលមួយយប់៕