ដល់ពេលនេះ អ្នកមិនចាំបាច់ទៅអោយគេចាក់ថ្នាំ ឬវះកាត់ដើម្បីកែសម្ផស្សលើស្បែក ឬកន្លែងណាដែលមានស្នាមជ្រីវជ្រួញទៀតទេ ព្រោះយើងមានវិធីសាស្ត្របែបធម្មជាតិច្រើនណាស់ដែលអាចជួយស្តារភាពក្មេងរបស់អ្នកមកវិញ ដោយមិនមានការឈឺចាប់ និងចំណាយថវិការតិចទៀតផង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយបំបាត់ស្នាមជ្រីវជ្រួញបាន។
គេងផ្ងារ
គេបានណែនាំថា របៀបដែលអ្នកគេងអាចជាមូលហេតុនាំអោយមានស្នាមជ្រីវជ្រួញលើស្បែកបាន។ ដូច្នេះហើយ យកល្អ អ្នកគួរតែគេងផ្ងារអោយបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះកាលណាអ្នកគេងផ្កាប់ ឬផ្អៀង វានឹងធ្វើអោយស្បែកទៅជាផ្នត់ៗបែបជ្រីវជ្រួញបាន។
ធ្វើតេស្តភាពច្បាស់របស់ភ្នែក
វិធីសាស្ត្រដ៏ល្អមួយផ្សេងទៀតដើម្បីយកឈ្នះភាពជ្រីវជ្រួញនៅខាងក្រោមភ្នែក គឺចៀសវាងការសម្លឹងមើលអ្វីដោយស្រលៀងភ្នែក។ ការស្រលៀងភ្នែកអាចបង្កើតបានជាភាពជ្រីវជ្រួញនៅជុំវិញ និងក្រោមភ្នែកបាន។ ដូច្នេះ ចូរប្រាកដថា អ្នកបានទៅអោយពេទ្យធ្វើតេស្តភ្នែកជាទៀងទាត់ហើយ។ ជាមួយគ្នានេះដែរ ចូរពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យផង នៅពេលដែលមានអាកាសធាតុក្តៅ ដើម្បីការពារភ្នែក និងបញ្ឈប់ប្រើភ្នែកមើលស្រលៀងទៀត។
ញ៉ាំសណ្តែកសៀងអោយបានច្រើន
ការស្រាវជ្រាវបានអោយដឹងថា សណ្តែកសៀងអាចពង្រឹងដល់ភាពរឹងមាំ និងរចនាសម្ព័ន្ធរបស់ស្បែក ព្រមទាំងសម្រួលដល់អាការៈស្បែកជ្រីវជ្រួញបានទៀតផង។ ការសិក្សាមួយបានអោយដឹងទៀតថា អ្នកដែលប្រើប្រាស់សណ្តែកសៀងជាអាហារបំប៉នឃើញថា អាចសម្រួលដល់ភាពរឹងមាំរបស់ស្បែកបានក្រោយពីប្រើប្រាស់រយៈពេល ៦ ខែ។
សាកល្បងប្រើទឹកដោះគោ និងទឹកឃ្មុំដើម្បីលាងសម្អាត
ជាតិឡាក់ទិចអាស៊ីតដែលមានក្នុងទឹកដោះគោអាចប្រើសម្រាប់លាងស្បែកបាន ហើយទឹកឃ្មុំនឹងធ្វើអោយស្បែកកាន់តែមានប្រសិទ្ធភាពបឺតស្រូបជីវជាតិ និងរក្សាភាពមានសំណើម។ ការលាងសម្អាតស្បែកជាមួយទឹកឃ្មុំ និងទឹកដោះគោនឹងធ្វើអោយរន្ធញើសស្អាតល្អ ផ្តល់ជីវជាតិដល់ស្បែក និងពង្រឹងដល់ភាពយឺតរបស់ស្បែកផងដែរ។
ប្រើស៊ុតពណ៌សធ្វើជាម៉ាសបិទមុខ
ស៊ុតពណ៌សអាចជាវិធីសាស្ត្រដែលលឿន ប៉ុន្តែ វាអាចផ្តល់ភាពរលោងដល់ស្បែកបានបណ្តោះអាសន្នដែរ។ ដូច្នេះ ចូរយកតែផ្នែកសៗរបស់ស៊ុតទៅលាបលើតំបន់ណាដែលមានភាពជ្រីវជ្រីញ រួចទុកចោល ៥ នាទីចាំលាងជម្រះចេញ។ ស៊ុតផ្នែកសៗនឹងដើរតួនាទីផ្តល់ជាភាពស្វិត និងតឹងដល់ស្បែក។
ម៉ាស្សាស្បែក
វិធីសាស្ត្របន្ទាប់ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅក្រោមភ្នែក គឺផ្តល់ការម៉ាស្សាថ្នមៗដល់ស្បែកទៅ។ ការម៉ាស្សាយ៉ាងលឿនអាចនឹងផ្តល់ភាពរឹងមាំដល់ស្បែកអ្នកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ចូរធ្វើការម៉ាស្សាថ្នមៗនៅជុំវិញ និងក្រោមភ្នែកដោយប្រើចង្អុលដៃអ្នកទៅ។
ធ្វើម៉ាសបិទមុខដោយប្រើផ្លែបឺ
ខាងក្រោមនេះ គឺជាគ្រឿងផ្សំដ៏អស្ចារ្យមួយសម្រាប់ទប់ស្កាត់ភាពចាស់ នោះគឺម៉ាសបិទមុខដែលធ្វើដោយខ្លួនឯង។ ផ្លែបឺផ្ទុកទៅដោយសារធាតុប្រឆាំងនឹងភាពចាស់ ព្រមទាំងអាចផ្តល់នូវភាពអស្ចារ្យមួយចំនួនផងដែរ។ ចូរលាយផ្លែបឺមួយចំហៀងជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយ ហើយយកវាទៅលាបលើផ្ទៃមុខ។ ចូរទុកចោលរយៈពេល ៥ នាទីសិន ទើបលាងជម្រះដោយទឹកក្តៅឧណ្ហៗ។
ញ៉ាំត្រីអោយបានច្រើន
វិធីសាស្ត្រដ៏ល្អមួយទៀតដើម្បីបំបាត់ភាពជ្រីវជ្រួញនៅក្រោមភ្នែកនោះគឺការញ៉ាំត្រីអោយបានច្រើន ជាពិសេសត្រីសាលម៉ុងតែម្តង ព្រោះត្រីប្រភេទនេះផ្ទុកទៅដោយជាតិប្រូតេអ៊ីនច្រើន ដែលអាចធ្វើអោយស្បែក ក្រចក និងសក់មានសុខភាពល្អបាន ហើយក្រៅពីនេះ សារធាតុខ្លាញ់អាស៊ីតអូមេហ្គាបីក៏ជួយផ្តល់ជីវជាតិដល់ស្បែកផងដែរ៕