មិនថាអ្នកមានជំងឺទឹកនោមផ្អែម, អ្នកតែងវាស់កម្រិតនៃជាតិស្ករក្នុងឈាមជាប្រចាំ ឬគ្រាន់តែបារម្ភអំពីការរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមត្រឹមត្រូវ ប៉ុន្តែវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីប្រភេទនៃអាហារដែលអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)្ ការរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមត្រឹមត្រូវ គឺជាចំណុចសំខាន់បំផុតដែលអ្នកអាចធ្វើបានសម្រាប់ទម្ងន់, អារម្មណ៍ និងសូម្បីតែសុខភាពបេះដូងល្អប្រសើរ។ ជួនកាលអាហារធម្មតាដែលអ្នកមិនធ្លាប់គិតសោះថាអាចបង្កផលប៉ះពាល់អ្វីនោះ បែរជាអាចផ្ដល់ផលវិបាកចំពោះកម្រិតនៃជាតិស្ករក្នុងឈាមគួរឲ្យព្រួយបារម្ភ។ ដូច្នេះហើយដើម្បីជៀសផុតពីបញ្ហា អ្នកគួរដឹងអំពីប្រភេទនៃអាហារឲ្យច្បាស់សិនមុននឹងទទួលទាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ៖
១. ជាតិផ្អែមសិប្បនិមិត្ត
ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិផ្អែមសិប្បនិមិត្តដូចជា ភេសជ្ជៈកំប៉ុងគ្មានជាតិស្ករ និងជាតិផ្អែមសិប្បនិមិត្តផ្សេងទៀតដែលយកមកបន្ថែមក្នុងតែ ឬកាហ្វេជំនួសស្ករធម្មតា អាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម និងបញ្ហានៃការចាញ់គ្លុយកូសគួរឲ្យព្រួយបារម្ភ។ លើសពីនេះទៅទៀត ភេសជ្ជៈ ឬអាហារដែលមានផ្ទុកជាតិផ្អែមសិប្បនិមិត្ត ក៏បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។ អ្នកជំនាញជាច្រើនបានណែនាំថា ការទទួលទានក្នុងបរិមាណសមល្មម គឺប្រសើរ ប៉ុន្តែក៏មិនគួរទទួលទានភេសជ្ជៈកំប៉ុងផ្សេងៗជាប្រចាំដែរ។
២. អាហារសម្បូរជាតិខ្លាញ់
ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ មិនបង្កឲ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបណ្ដាលឲ្យរាងកាយធន់នឹងអាំងស៊ុយលីន។ នេះក៏ព្រោះតែវាត្រូវការពេលយូរដើម្បីរំលាយដែលអាចប៉ះពាល់នាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណា វាមិនមែនមានន័យថាអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៊ាំបានក្នុងបរិមាណ ឬកម្រិតសមល្មម។
៣. អាហារកញ្ចប់
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឲ្យផុតពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាមបង្កទៅជាបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភ។ លើសពីនេះទៅទៀត ការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម។
៤. បាយស
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ចូរដកបាយសចេញពីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ យោងតាមការសិក្សាស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ JAMA Internal Medicine អ្នកស្រាវជ្រាវជាច្រើនពីសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យហាវ៉ាដ សហរដ្ឋអាមេរិកបានបង្ហាញថា អ្នកដែលទទួលទានបាយស ៥ ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ បានកើនឡើងនូវហានិភ័យនៃការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឲ្យព្រួយបារម្ភ។ ប៉ុន្តែចំពោះអ្នកទទួលទានបាយអង្ករសម្រូបវិញ គឺបែរជាអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានដល់ទៅ ១៦ ភាគរយ។ មូលហេតុនោះ គឺបាយសមានផ្ទុកជាតិសសៃតិចណាស់ បើប្រៀបទៅនឹងអង្ករសម្រូប។ ហើយជាតិសសៃអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព។
៦. ទឹកដោះគោឆៅ (Whole Milk)
តើអ្នកធ្លាប់ដឹងឬអត់ថាផលិតផលផ្សំឡើងពីទឹកដោះគោឆៅ ក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត (saturated fats) ដែរ? ការទទួលទានជាតិខ្លាញ់ឆ្អែត ឬជាតិខ្លាញ់មិនល្អជាកត្តាចម្បងបំផុតមួយប៉ះពាល់ដល់សុខភាពបេះដូងបង្កជាជំងឺធ្ងន់ធ្ងរគម្រាមកំហែងអាយុជីវិតគួរឲ្យព្រួយបារម្ភ។ លើសពីនេះទៅទៀត អាហារមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្ពស់ គឺផ្សារភ្ជាប់ទៅនឹងជំងឺធាត់ជ្រុល ក៏ដូចជាបណ្ដាលឲ្យរាងកាយធន់នឹងអាំងស៊ុយលីនបង្កជំងឺទឹកនោមផ្អែមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់ ឬអាហារដែលផ្សំឡើងពីទឹកដោះគោ ១ភាគរយ៕