កាលពីអ្នកទើបនឹងកើត ស្បែករបស់អ្នករលោងស្អាត ជាពិសេសស្បែកនៅលើផ្ទៃមុខ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក វាក៏ចាប់ផ្តើមផ្លាស់ប្តូរ។ កត្តាជាច្រើន ដូចជារបបអាហារ ភាពតានតឹង កំដៅ ខ្យល់ រដូវត្រជាក់ គ្រឿងសំអាង ការបំពុលបរិស្ថាន និងអ្វីៗផ្សេងទៀតជាច្រើនបានចាប់ផ្តើម ដើម្បីធ្វើអោយស្បែករបស់អ្នកផ្លាស់ប្តូរ។
ដូច្នេះ ដើម្បីថែរក្សាស្បែកអោយនៅតែស្អាត អ្នកគួរសាកល្បងវិធីងាយៗដូចជា ៖
១. លាបក្រូចឆ្មារ ទឹកឃ្មុំ និងប្រេងអូលីវលើមុខ ៖ ទឹកឃ្មុំមានមុខងារពីរ គឺសម្អាតស្បែក និងប្រឆាំងការរលាក ពីព្រោះវាប្រឆាំងនឹងការខូចខាតស្បែក និងចប្រឆាំងជាមួយសារធាតុអុកស៊ីតកម្ម ដើម្បីកាត់បន្ថយភាពចាស់របស់ស្បែក។ ក្រូចឆ្មារមានជាតិវីតាមីន C ក៏ដូចជាការសារធាតុចិញ្ចឹមដទៃផ្សេងទៀត ដែលអាចជួយកាត់បន្ថយស្នាមអុចខ្មៅ និងធ្វើអោយស្បែកភ្លឺរលោង។ ស្ត្រីនៅសម័យបុរាណប្រើប្រេងអូលីវដើម្បីជួយអោយស្បែកស្រស់ស្អាត ព្រោះវាមានធាតុផ្សំដែលអាចផ្តល់នូវពន្លឺ និងជួយអោយស្បែកតឹងល្អ។ វិធីធ្វើម៉ាសបិទមុខនេះ គឺយកប្រេងអូលីវ ទឹកឃ្មុំ និងក្រូចឆ្មារក្នុងបរិមាណស្មើគ្នា រួចយកសំឡីជ្រលក់លាបលើមុខទុក ២០ នាទី ចាំលាងវាចេញជាមួយទឹកក្តៅឧណ្ឌៗ ឬទឹកធម្មតា។
២. ការពារខ្លួនអ្នកពីកំដៅព្រះអាទិត្យ ៖ កំដៅព្រះអាទិត្យ គឺជាប្រភពដ៏ធំបំផុតនៃការខូចខាតស្បែក ដូច្នេះ អ្នកគួរតែការពារវា ដើម្បីជៀសវាងការខូចខាតស្បែក ដូចជាស្បែកគ្រើម ស្បែកស្ងួត អាចម៍រុយ ជ្រួញ និងមហារីកស្បែក។ វិធីដ៏ល្អបំផុតដើម្បីជៀសវាងកំដៅព្រះអាទិត្យដែលខ្លាំងបំផុត គឺនៅចន្លោះពីម៉ោង ១០ ព្រឹក និងម៉ោង ៤ រសៀល ហើយប្រសិនបើអ្នកត្រូវតែទៅក្រៅ អ្នកគួរពាក់ខោអាវ ឬមួកបិទបាំងស្បែករបស់អ្នកអោយបានច្រើនតាមដែលអ្នកអាចធ្វើបាន។ អ្នកក៏គួរប្រើឡេការពារកំដៅថ្ងៃដែលមាន SPF ចាប់ពី ១៥ ឡើងទៅ។
៣. រក្សារបបអាហារអោយបានត្រឹមត្រូវ ៖ ប្រសិនបើអ្នកចង់អោយស្បែករបស់អ្នកនៅរលោងស្អាត អ្នកគួរតែបរិភោគអាហារដែលមានវីតាមីន B1 វីតាមីន B6 វីតាមីន A និងវីតាមីន C ខ្ពស់។ វាក៏ជាគំនិតដ៏ល្អមួយក្នុងការបរិភោគអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់អូមេហ្គាបី ក៏ដូចជាវីតាមីនពីផ្លែឈើ បន្លែ និងតែ ដើម្បីជួយការពារស្បែករបស់អ្នកពីជំងឺ និងរក្សាអោយវារលោងស្អាត៕