ក្រៅពីជួយឲ្យឆ្អឹងរឹងមាំហើយនោះ កាល់ស្យូម ក៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សារធាតុចិញ្ចឹមនេះ គឺចាំបាច់ណាស់សម្រាប់ក្រចក, ធ្មេញ, សាច់ដុំ និងសម្បូីតែប្រព័ន្ធភាពស៊ាំរាងកាយ។ ដូច្នេះការទទួលទានជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់អាចបង្កផលវិបាកជាច្រើនចំពោះសុខភាព។ ថាតើកង្វះជាតិកាល់ស្យូមបង្កបញ្ហាសុខភាពអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាដែលអ្នកនឹងជួបប្រទះ នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ ៖
១. ជំងឺពុកឆ្អឹង
ស្ថានភាពនៃជំងឺនេះត្រូវបានសម្គាល់ដោយការចុះខ្សោយនៃឆ្អឹង ក៏ព្រោះតែការបាត់បង់នូវជាលិកាឆ្អឹង។ ជំងឺពុកឆ្អឹង អាចធ្វើឲ្យឆ្អឹងងាយបាក់ ទោះបីជាបណ្ដាលមកពីការប៉ះទង្គិចស្រាលៗក៏ដោយ។ ដើម្បីទប់ស្កាត់បញ្ហាគួរឲ្យបារម្ភនេះ វាជាការសំខាន់ណាស់ដែលអ្នកគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងកុំភ្លេចធ្វើលំហាត់ប្រាណជាប្រចាំផង។
២. ពុកធ្មេញ
អ្នកប្រហែលជាគ្មានទំនុកចិត្តនឹងញញឹមចេញធ្មេញទៀតទេ ប្រសិនបើអ្នកមិនទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាត់កាល់ស្យូមជាប្រចាំ។ នោះក៏ព្រោះតែរោគសញ្ញាមួយនៃកង្វះជាតិកាល់ស្យូមក្នុងរាងកាយ គឺពុកធ្មេញ។
៣. ក្រចកផុយស្រួយឆាប់បាក់
ការបន្ថែមអាហារសម្បូរទៅដោយជាតិកាល់ស្យូមក្នុងរបបអាហារប្រចាំថ្ងៃ គឺចាំបាច់ណាស់ ប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាក្រចកផុយស្រួយឆាប់បាក់។ ក៏ដូចទៅនឹងឆ្អឹងដែរ ក្រចករឹងមាំបានប៉ុណ្ណា គឺពឹងផ្អែកលើជាតិកាល់ស្យូមដែលទទួលបាន។
៤. គេងមិនលក់
ជឿ ឬអត់ថា អ្នកអាចនឹងជួបប្រទះបញ្ហាជំងឺគេងមិនលក់ ប្រសិនបើអ្នកមិនទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមគ្រប់គ្រាន់។ ទោះបីជាពេលខ្លះកង្វះជាតិកាល់ស្យូមមិនបង្កផលប៉ះពាល់ដល់ដំណេក ប៉ុន្តែវាអាចធ្វើឲ្យអ្នកគ្មានកម្លាំងពេញលេញឡើងវិញនៅព្រឹកបន្ទាប់។
៥. រមួលសាច់ដុំ
ជាពិសេសប្រសិនបើអ្នកចូលចិត្តធ្វើលំហាត់ប្រាណរត់ត្រឹកៗ, ហែលទឹក ឬជិះកង់ ការរមួលសាច់ដុំ គឺជាអ្វីដែលអ្នកមិនចង់ឲ្យកើតឡើង។ តើអ្នកធ្លាប់ដឹងទេថាកង្វះនៃជាតិកាល់ស្យូមអាចធ្វើឲ្យសាច់ដុំងាយនឹងរមួល ឬឈឺចាប់? លើសពីនេះទៅទៀត កង្វះនៃជាតិកាល់ស្យូមក្នុងរបបអាហារអាចធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយ និងឈឺចាប់។
៦. អស់កម្លាំង
មានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃសឹងគ្រប់ពេលមែនទេ? អ្នកប្រហែលជាត្រូវការជាតិកាល់ស្យូមបន្ថែមហើយ។ អ្នកដែលជួបប្រទះបញ្ហានៃកង្វះជាតិកាល់ស្យូមងាយនឹងមានអារម្មណ៍ថាអស់កម្លាំងមែនទែន។
៧. រដូវមកមិនទៀង
អ្នកជំនាញជាច្រើននិយាយថា ស្ត្រីដែលជួបប្រទះបញ្ហានៃកង្វះជាតិកាល់ស្យូម គឺងាយទទួលរងបញ្ហាមករដូវមិនទៀង។ លើសពីនេះទៅទៀត ពួកគេអាចនឹងជួបប្រទះនូវហានិភ័យនៃការហូរឈាមច្រើន ក៏ដូចជាការឈឺចាប់មុនពេលមករដូវ។
៨. ងាយនឹងកើតជំងឺ និងឆ្លងរោគ
កាល់ស្យូម គឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាបាននូវសុខភាពប្រព័ន្ធភាពស៊ាំរឹងមាំខ្លាំងក្លា។ ប្រសិនបើអ្នកឧស្សាហ៍កើតជំងឺផ្ដាសាយ, គ្រុនផ្ដាសាយ, ក្អក, អាឡែកស៊ី ហើយងាយឆ្លងមេរោគផ្សេងៗនោះ ចូរចាប់ផ្ដើមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំ។ ប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម គឺទឹកដោះគោ, ឈីស, យ៉ាអួរ, ស្ពៃតឿ, ស្ពៃក្រញ៉ាញ់, សណ្ដែកសៀង, សណ្ដែកខៀវ, គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ, ម្ស៉ៅធញ្ញជាតិ, ត្រីសាឌីន និងត្រីសាលម៉ុនកំប៉ុង៕