ការប្រឆាំងនឹងជំងឺមុន អាចជារឿងមួយស្មុគស្មាញណាស់ ហើយត្រូវទៅពិគ្រោះ ជាមួយអ្នកជំនាញ ខាងជំងឺសើរស្បែក ឬប្រើថ្នាំលាបផ្សេង ដើម្បីអាចព្យាបាលវាបាន ប៉ុន្តែ ពេលខ្លះ ការទទួលបានជោគជ័យ គឺមិនសូវច្រើននោះទេ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ នូវវិធីព្យាបាលងាយៗ ដែលអាចបំបាត់ជំងឺមុន លើស្បែកមុខបាន។
ញ៉ាំទឹក ឱ្យបានច្រើន ក្នុងមួយថ្ងៃ
ស្បែករបស់យើង គឺជាសរីរាង្គដ៏សំខាន់ ហើយក៏មានទំហំ ធំជាងគេបំផុត នៃសរីរាង្គទាំងអស់ របស់រាងកាយដែរ ទោះបីជាវាមើលទៅ មិនដូចសរីរាង្គសំខាន់ៗផ្សេងៗទៀត ដូចជាតម្រងនោម ឬបេះដូងក៏ដោយ។ សរីរាង្គ ត្រូវការជីវជាតិត្រឹមត្រូវ ដើម្បីអាចបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អ។ អ្វីដែលជាតម្រូវការដ៏សំខាន់ របស់ស្បែកនោះ គឺទឹក។ ដូច្នេះ ចូរញ៉ាំទឹកគ្រប់ពេលទាំងអស់ ដែលអ្នកស្រេក។ ដើម្បីចង់ដឹងថា អ្នកទទួលទានទឹកបានគ្រប់គ្រាន់ ឬអត់នោះ គឺការមើលពណ៌របស់ទឹកនោម។ បើសិនជាទឹកនោមថ្លា មានន័យថា គ្រប់គ្រាន់ហើយ តែបើសិនជាលឿងវិញ អ្នកគួរតែធ្វើយ៉ាងណា ញ៉ាំទឹកបន្ថែមទៀត។
ចូរព្យាយាមញ៉ាំទឹក ជំនួសភេសជ្ជៈមានជាតិហ្គាស ភេសជ្ជៈមានជាតិផ្អែម ឬភេសជ្ជៈប៉ូវកម្លាំង។ ការសិក្សាមិនទាន់បានសន្និដ្ឋានអំពី ឥទ្ធិពលនៃជាតិស្ករ ចំពោះការផលិតជាតិខ្លាញ់សេបូម ឬមុននៅឡើយទេ ទោះបីជាការណែនាំមួយចំនួន នាពេលថ្មីៗប្រាប់ថា វាមានទំនាក់ទំនងគ្នាក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្រដឹងថា របបអាហារមានជាតិស្ករច្រើន មិនមែនជារឿងល្អឡើយ ព្រោះក្រៅពីធ្វើឱ្យប្រឈមនឹងជំងឺទឹកនោមផ្អែម និងធាត់ជ្រុលនោះ អាំងស៊ុយលីន ដែលកើតច្រើន ដោយសារជាតិស្ករក្នុងខ្លួនច្រើន នឹងធ្វើឱ្យមានការរលាកក្នុងរាងកាយបាន។
យកចិត្តទុកដាក់ ចំពោះអ្វីដែលអ្នកញ៉ាំ
ចូរធ្វើយ៉ាងណា ឱ្យមានតុល្យភាពចំណីអាហារ ដោយមានដូចជា បន្លែ និងផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ សាច់ ជាមួយនឹងអាហារ ដែលជំរុញដល់សុខភាពពោះវៀន។ ចូរចៀសឱ្យឆ្ងាយ ពីអាហារកែច្នៃ ដូចជា សាច់មាន់ចៀន ដែលប្រើខ្លាញ់មិនល្អ ឬភីហ្សាក្លាសេ។ ចូរព្យាយាមកាត់បន្ថយការញ៉ាំបាយស ឬនំបុ័ង ប៉ុន្តែ អ្នកគួរតែញ៉ាំសណ្តែក អង្ករសម្រូប និងគ្រាប់ធញ្ញជាតិច្រើនវិញ។
ប្រើពេល ដើម្បីបន្ថយស្ត្រេស
ទោះជាអ្នកវិទ្យាសាស្ត្រ មិនដឹងច្បាស់អំពីទំនាក់ទំនងរវាងជាតិស្ករ និងមុនក៏ដោយ ក៏ពួកគេយល់ច្បាស់អំពី ទំនាក់ទំនងរវាងស្ត្រេស និងមុនដែរ។ រឿងដែលស្រួលយល់នោះគឺថា កាលណាស្ត្រេសកាន់តែច្រើន អ្នកកាន់តែកើតមុន។ កោសិកាដូចៗគ្នា ដែលបង្កើតខ្លាញ់សេបូម ដែលឱ្យទៅជាមុននោះ ក៏មានកន្លែងទទួលដំណឹង សម្រាប់អ័រម៉ូនស្ត្រេសដែរ។ រឿងមួយដែលត្រឹមត្រូវនោះគឺថា គ្រប់ពេលទាំងអស់ ដែលអ្នកស្ត្រេស រាងកាយអ្នក នឹងផលិតជាតិខ្លាញ់សេបូម កាន់តែច្រើន។
សំណាងដែរ មានរឿងមួយចំនួន ដែលអ្នកអាចបំបាត់អាការៈស្ត្រេសបាន ដូចជា ៖
• មិនត្រូវមានអារម្មណ៍ស្មុគស្មាញច្រើនពេក ចំពោះមុនដែលកំពុងតែកើតឡើយ។ យុវវ័យភាគច្រើន តែងតែខ្វល់ខ្វាយ អំពីជំងឺមុនតែម្តង។ ដូច្នេះ ចូរធ្វើយ៉ាងណា ផ្តល់ផាសុខភាពដល់ផ្លូវចិត្តខ្លួនឯង ដោយយល់ពីការពិតថា វាគឺជាអាការៈកើតមាន ទៅតាមអាយុ ហើយយល់ថា អ្នកក៏មិនមានមុនអ្វីច្រើនដែរ។ កាលណាអ្នកបារម្ភកាន់តែខ្លាំង មុននោះ នឹងកើតកាន់តែធ្ងន់ធ្ងរទៅៗទេ។
• បន្ថយស្ត្រេស តាមរយៈការគេងនៅពេលយប់ ៖ ចូរធ្វើយ៉ាងណាគេងឱ្យបាន ៨ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការសិក្សាបានឱ្យដឹងថា មនុស្សយើង នឹងកើនស្ត្រេស ១៤ ភាគរយ ជារៀងរាល់ម៉ោងដែលពួកគេ មិនបានគេងនៅពេលយប់។
• ហាត់ប្រាណ បន្ថយស្ត្រេស ៖ ការហាត់ប្រាណ គឺជាឱសថដ៏អស្ចារ្យមួយ ព្រោះវាអាចបន្ថយស្ត្រេស បានយ៉ាងពិសេស។ ចូរប្រើពេលវេលារបស់អ្នក ជាមួយនឹងការដើរ ជិះកង់ ហែលទឹក ឬហាត់ប្រាណនៅក្លិប។
បង្កើតទម្លាប់សម្អាត ដ៏មានសុខភាព
ចូរលាងសម្អាតមុខរបស់អ្នក ជាមួយសាប៊ូលាងមុខមួយថ្ងៃពីរដង ព្រឹកម្តង និងយប់ម្តង។ ចូរផ្តល់សំណើមដល់ផ្ទៃមុខ ក្រោយពីលាងមុខរួច ឬត្រូវការដើរហាលថ្ងៃ។ ចូរប្រើផលិតផលជម្រះកោសិកាស្បែកងាប់ៗ មិនឱ្យច្រើនជាងម្តង ក្នុងមួយសប្តាហ៍។ អ្វីដែលអ្នកអាចធ្វើបាននោះគឺថា មិនត្រូវញេចមុនឡើយ ព្រោះវាអាចធ្វើឱ្យមានស្នាកស្នាម ហើយប្រឈមនឹងការរាលដាល របស់បាក់តេរី ទៅកន្លែងផ្សេងៗទៀតនៃស្បែក៕