ចៀសវាងការធាត់លើសទម្ងន់
ការធាត់ជ្រុល គឺជាមូលហេតុដ៏ចម្បងមួយ នៃជំងឺមហារីកសុដន់ក្រោយរាំងរដូវ ហើយវាក៏ជាពេលវេលាដែលជំងឺនេះ ច្រើនតែកើតមានញឹកញាប់ដែរ។ ចូរចៀសវាងការធាត់លើសទម្ងន់ និងព្យាយាមរក្សាសន្ទសន៍ទម្ងន់ធៀបនឹងកំពស់ក្រោម ២៥។
ញ៉ាំអាហារផ្តល់សុខភាព
ចូរបង្កើនការញ៉ាំរបបអាហារ សម្បូរជាតិបន្លែ និងផ្លែឈើ ព្រមទាំងបន្ថយភេសជ្ជៈមានជាតិផ្អែម អាហារសម្បូរជាតិខ្លាញ់។ ចូរញ៉ាំប្រូតេអ៊ីន ដូចជា សាច់ត្រី ឬទ្រូងមាន់ និងញ៉ាំសាច់ក្រហម ត្រឹមតែកម្រិតមធ្យមបានហើយ។ ចូរញ៉ាំគ្រាប់ធញ្ញជាតិឱ្យបានច្រើន និងជ្រើសរើសប្រេងរុក្ខជាតិមកប្រើប្រាស់។
រក្សាភាពសកម្មរបស់រាកាយ
ការស្រាវជ្រាវបានឱ្យដឹងថា ការបង្កើនសកម្មភាពរាងកាយ ទោះបីជាទើបតែចាប់ផ្តើម នៅអាយុច្រើនក៏ដោយ ក៏អាចកាត់បន្ថយការប្រឈម នឹងជំងឺមហារីកសុដន់ពី ១០ ទៅ ៣០ ភាគរយដែរ។ អ្វីដែលគួរតែធ្វើនោះ គឺហាត់ប្រាណកម្រិតមធ្យម ដូចជា ការដើរយៈពេល ៣០ នាទី ចំនួន ៥ ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីទទួលបានឥទ្ធិពល នៃការការពារដូចខាងលើ។
ញ៉ាំគ្រឿងស្រវឹងតិចតួច
គ្រឿងស្រវឹង មានទំនាក់ទំនងនឹងការប្រឈម ជំងឺមហារីកសុដន់កាន់តែខ្លាំង។ ស្ត្រីគួរតែកាត់បន្ថយ ការញ៉ាំគ្រឿងស្រវឹងតិចជាង ឬកុំឱ្យច្រើនជាងម្តងក្នុងមួយថ្ងៃ មិនថាគ្រឿងស្រវឹង បែបណាក៏ដោយ។
កុំជក់បារី
ការស្រាវជ្រាវបានឱ្យដឹងថា ការជក់បារីរយៈពេលវែង មានទំនាក់ទំនងនឹង ជំងឺមហារីកសុដន់ កាន់តែខ្លាំង លើស្ត្រីមួយចំនួន។
បើសិនជាអ្នកកូនតូច ចូរបំបៅដោះកូនឱ្យបានយូរបំផុត តាមតែអាចធ្វើទៅបាន
ស្ត្រីដែលបំបៅដោះកូន រយៈពេលយ៉ាងហោចណាស់ មួយឆ្នាំ គឺអាចកាត់បន្ថយការប្រឈមនឹង ជំងឺមហារីកសុដន់ នៅថ្ងៃក្រោយបាន។
ចៀសវាងការប្រើថ្នាំអ័រម៉ូន
ការព្យាបាលដោយប្រើអ័រម៉ូន នៅពេលរាំងរដូវ ធ្វើឱ្យប្រឈមកាន់តែខ្លាំងនឹង ជំងឺមហារីកសុដន់។ បើសិនជាអ្នកត្រូវការប្រើ ដើម្បីគ្រប់គ្រងរោគសញ្ញាមែននោះ ចូរចៀសវាងថ្នាំណា ដែលមានជាតិ Progesterone និងកាត់បន្ថយការប្រើប្រាស់វាកុំឱ្យដល់ ៣ ឆ្នាំ។
ពិនិត្យរកមហារីកសុដន់ជាទៀងទាត់
ចូរធ្វើការណែនាំរបស់គ្រូពេទ្យ ដើម្បីសម្រេចចិត្តថា នឹងធ្វើការពិនិត្យអ្វី ដែលអ្នកត្រូវការ និងញឹកញាប់ប៉ុណ្ណា ក្នុងការតាមដានរកជំងឺមហារីកសុដន់។
បើសិនជាអ្នកកំពុងតែប្រឈមកាន់តែខ្លាំង នឹងជំងឺមហារីកសុដន់ ដូចជា មានហ្សែន ពិសេស BRCA ឬគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺ ឬមានដុំសាច់ក្នុងសុដន់ កាលពីមុននោះ ចូរពិគ្រោះជាមួយគ្រូពេទ្យផងទៅ៕