ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ត្រឡាចអាចផ្ដល់ផលល្អអ្វីខ្លះចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុដែលអ្នកគួរញ៊ាំត្រឡាច ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ត្រឡាចមួយផ្លែអាចផ្ដល់ឱ្យរាងកាយនូវបរិមាណវីតាមីន C ច្រើនជាង ១៩ភាគរយនៃតម្រូវការវីតាមីននេះប្រចាំថ្ងៃ។ នេះហើយជាមូលហេតុដែលត្រឡាចក្លាយជាបន្លែល្អបំផុតមួយសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ វីតាមីន C អាចរំញោចការផលិតកោសិកាគ្រាប់ឈាមស ហើយក៏ដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រាល់រ៉ាឌីកាល់សេរីបង្កគ្រោះថ្នាក់ និងទប់ស្កាត់ភាពប្រែប្រួលខុសប្រក្រតីនៃកោសិកាសុខភាពល្អ។ ត្រឡាចក៏ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលចាំបាច់សម្រាប់ភាពរឹងមាំប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។
២. ពង្រឹងសុខភាពភ្នែកជួយឱ្យមើលឃើញច្បាស់
បញ្ហាទាក់ទងការមើលឃើញផ្សេងៗអាចមានទំនាក់ទំនងផ្សារភ្ជាប់នឹងកង្វះសារធាតុ riboflavin ឬវីតាមីន B2។ ត្រឡាចមានផ្ទុកសម្បូរទៅដោយវីតាមីន B2 ច្រើនជាង ១១ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុងមួយផ្លែ។ តាមរយៈការបង្កើនបរិមាណវីតាមីន B2 ក្នុងប្រព័ន្ធរាងកាយ, ហានិភ័យនៃបញ្ហាភ្នែកផ្សេងៗនឹងត្រូវបានកាត់បន្ថយ។
៣. អាចការពារបេះដូង
ជាមួយនឹងបរិមាណខ្ពស់នៃប៉ូតាស្យូមនិងវីតាមីន C, ត្រឡាច គឺល្អណាស់សម្រាប់ការពារសុខភាពសសៃឈាមបេះដូង។ ប៉ូតាស្យូមអាចជួយគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗ។ វីតាមីន C ក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។
៤. ជម្រុញការលូតលាស់និងការអភិវឌ្ឍន៍
វីតាមីន C ក្នុងផ្លែត្រឡាចមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជម្រុញដល់ការផលិតកូឡាជែនល្អសម្រាប់ការលូតលាស់នៃកោសិកា, ជាលិកា, សាច់ដុំ, ឆ្អឹង និងសសៃឈាម។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងវ័យលូតលាស់ ឬកំពុងជាសះស្បើយពីរបួស/ជំងឺ នោះអ្នកប្រាកដជាត្រូវការកម្រិតវីតាមីន C ខ្ពស់សម្រាប់ជួយដល់ការលូតលាស់និងការជួសជុល។
៥. ជួយដល់ការរំលាយអាហារ
ជាតិសសៃខ្ពស់ក្នុងត្រឡាច គឺសំខាន់ណាស់សម្រាប់ការរំលាយអាហារបានត្រឹមត្រូវនិងទប់ស្កាត់បញ្ហាក្រពះពោះវៀនជាច្រើនរួមបញ្ចូលទាំងអាការៈទល់លាមក, ហើមពោះ, ចុករមួល, ឬសដូងបាត និងឈឺពោះ។ ជាតិសសៃក៏ធញវើឱ្យប្រសិទ្ធភាពនៃការស្រូបយកសារធាតុចិញ្ចឹមនៃពោះវៀនកាន់តែមានលក្ខណៈប្រសើរឡើងជាងមុន និងកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូងផងដែរ។
៦. ធ្វើឱ្យមុខងារនៃការចងចាំកាន់តែមានលក្ខណៈប្រសើរឡើង
កម្រិតខ្ពស់នៃជាតិដែកក្នុងត្រឡាចអាចជួយសម្រួលចរន្តឈាមរត់ទៅផ្នែកខាងចុងនៃរាងកាយ។ ជាតិដែកក៏ជាសមាសធាតុចម្បងក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម, ដូច្នេះនៅពេលរក្សាបាននូវជាតិដែកគ្រប់គ្រាន់ អ្នកនឹងទទួលបាននូវចរន្តឈាមរត់ដែលមានសុខភាពល្អនិងសម្បូរអុកស៊ីសែន។ នេះមានន័យថា ត្រឡាចមិនត្រឹមតែការពារប្រឆាំងនឹងរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើយ៉ាងណារក្សាឱ្យបាននូវចរន្តឈាមរត់បានត្រឹមត្រូវទៅកាន់ខួរក្បាលដែលបង្កើនការចងចាំ, ផ្ដោតអារម្មណ៍ និងប្រមូលអារម្មណ៍បានប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕