បើសិនជាអ្នកចង់សម្រកទម្ងន់ អ្នកត្រូវតែញ៉ាំអាហារដែលត្រឹមត្រូវ និងហាត់ប្រាណឲ្យបានច្រើន។ ប៉ុន្តែតើមានអ្វីកើតឡើងទៅ បើសិនជាការសម្រកទម្ងន់ តែមួយគីឡូក្នុងមួយខែ មិនគ្រប់គ្រាន់សម្រាប់អ្នកនោះ? តើវានឹងយ៉ាងម៉េចទៅ បើសិនជាអ្នកចង់សម្រកទម្ងន់ ឲ្យបានលឿននោះ?
នៅពេលអ្នកកាត់បន្ថយ ការញ៉ាំភេសជ្ជៈមានជាតិហ្គាស និងស្ករគ្រាប់ ហើយចាប់ផ្តើមហាត់ប្រាណ ពីរបីដងក្នុងមួយសប្តាហ៍នោះ អ្នកគួរតែអាចធ្វើទៅតាម ទម្លាប់ដូចខាងក្រោមនេះហើយ ដើម្បីឲ្យការសម្រកជាតិខ្លាញ់អ្នក កាន់តែមានប្រសិទ្ធភាព។
ប្រើប្រាស់សីតុណ្ហភាពត្រជាក់ ដើម្បីឲ្យខ្លាញ់រំលាយកាន់តែល្អ
ជាលិកាខ្លាញ់ភាគច្រើន គឺជាខ្លាញ់ស សម្រាប់ស្តុកថាមពល ហើយអ្នកក៏មានខ្លាញ់ពណ៌ត្នោតមួយទៀត ដែលមានចំនួនតិចតួច សម្រាប់រំលាយថាមពល ដើម្បីរក្សាកម្តៅក្នុងខ្លួន។ អ្នកអាចរំលាយជាតិខ្លាញ់នេះបាន តាមរយៈរស់នៅក្នុងសីតុណ្ហភាពត្រជាក់ ដើម្បីភ្ញោចឲ្យខ្លាញ់ពណ៌ត្នោតលូតលាស់។
មានវិធីសាស្ត្រច្រើនណាស់ ដែលអាចធ្វើបែបនេះបាន។ អ្នកអាចរក្សាភាពត្រជាក់បន្តិចបន្តួចក្នុងផ្ទះ ឬស្លៀកសម្លៀកបំពាក់ស្តើងៗនៅពេលថ្ងៃ។ អ្នកអាចញ៉ាំទឹកកកមួយកែវជារៀងរាល់ព្រឹក និងរាល់ល្ងាច។ អ្នកក៏អាចស្អំរបស់ត្រជាក់ នៅលើកន្លែងដែលមានខ្លាញ់ច្រើនបានដែរ ជាពិសេស ខ្លាញ់ពណ៌ត្នោតតែម្តង ដែលស្ថិតនៅតំបន់ក ទ្រូងផ្នែកខាងលើ និងខ្នង។ ក្រៅពីនេះអ្នកអាចប្រើប្រាស់វិធីងូតទឹកផ្កាឈូកត្រជាក់ៗបាន។
ញ៉ាំទឹកឲ្យបានច្រើន ជាពិសេសឋមុនញ៉ាំអាហារតែម្តង
មនុស្សគ្រប់គ្នាដឹងហើយថា យើងត្រូវការទឹកដើម្បីរស់ ប៉ុន្តែ មានមនុស្សតិចតួចណាស់ដែលដឹងថា ត្រូវញ៉ាំទឹកច្រើនប៉ុណ្ណានោះ។ ភាគច្រើន មនុស្សយើងរស់នៅក្នុង ស្ថានភាពខ្សោះជាតិទឹកតិចតួចរ៉ាំរ៉ៃ ដែលនាំឲ្យអស់កម្លាំង និងឡើងទម្ងន់បាន។ ដើម្បីឲ្យមានសុខភាពល្អ និងរំលាយជាតិខ្លាញ់បានច្រើនបំផុតនោះ អ្នកគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ២,៩ លីត្រក្នុងមួយថ្ងៃ និងញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ កន្លះលីត្រពេលញ៉ាំអាហារម្តងៗ ហើយក៏គ្រប់ពេលដែលអ្នកយល់ថា អស់កម្លាំងដែរ។
ចំណាយពេលទំពារអាហារ ឲ្យបានយូរបន្តិច
ទ្រឹស្តីដ៏ពេញនិយមមួយ ដែលទាក់ទងទៅនឹង ការញ៉ាំអាហារឲ្យបានយឺតៗនោះ វាពិតជាជួយដល់ការសម្រកទម្ងន់បាន។ ហេតុផលមួយនោះគឺថា វានឹងពន្យារពេលវេលា នៅចន្លោះពេលអ្នកលេបអាហារ និងពេលដែលអាហារ ធ្វើឲ្យខួរក្បាលបន្ថយការឃ្លាន ដូច្នេះ អ្នកពិតជាមិនអាចញ៉ាំអាហារបានច្រើនទៀតឡើយ។
ការសិក្សាថ្មីមួយពីប្រទេសចិន បានបញ្ជាក់អំពីការពិតមួយនេះថា បុរសធាត់ជ្រុល ច្រើនតែញ៉ាំអាហារលឿនជាងបុរសដែលមិនធាត់។ គេរកឃើញទៀតថា បុរសដែលទំពារអាហារបាន ៤០ ដង នឹងសម្រកជាតិខ្លាញ់ ច្រើនជាងបុរសដែលទំពារអាហារបានតែ ១៥ ដង។ បើសិនជាអ្នកចង់សម្រកទម្ងន់ ចូរប្តេជ្ញាចិត្តទំពារអាហារ ឲ្យបានយ៉ាងហោចណាស់ ២០ ដង បន្ទាប់មក បង្កើន ៥ ដងទៀត ជារៀងរាល់សប្តាហ៍៕