ស្នាមសង្វារកើតឡើងដោយសារតែការធាត់ភ្លាមៗ ដែលអាចកើតឡើងនៅពោះ កំប៉េះគូថ សុដន់ ភ្លៅ និងដើមដៃ។ នៅពេលរាងកាយលូតលាស់លឿនជាងស្បែក ធ្វើឱ្យជាតិសរសៃយឺតនៅក្រោមស្បែករហែក និងបណ្តាលឱ្យកើតជាសង្វារតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏មានវិធីសាស្ត្រដែលអាចជួយបំបាត់ស្នាមសង្វារបានដែរ។
ទឹកក្រូចឆ្មារ
ជាតិអាស៊ីតក្នុងទឹកក្រូចឆ្មារនឹងជួយលុបបំបាត់ស្នាមសង្វារ ហើយក៏អាចកាត់បន្ថយការមើលឃើញស្នាមសង្វារនោះបានដែរ។
- ចូរត្រដុសចំណិតក្រូចឆ្មារលើស្នាមសង្វារ និងទុកចោល ១០ ទៅ១៥នាទីចាំលាងវាចេញ
- លាយទឹកក្រូចឆ្មារជាមួយទឹកត្រសក់ ឬទឹកដំឡូងបារាំង រួចយកទៅលាបលើកន្លែងដែលមានស្នាមសង្វារ ហើយទុកចោល ពីរបីនាទីសិនចាំលាងជាមួយទឹកក្តៅឧណ្ហៗ។
ប្រេងអូលីវ
ប្រេងធម្មជាតិគឺជាប្រភពដ៏អស្ចារ្យមួយសម្រាប់ព្យាបាលបញ្ហាស្បែកភាគច្រើន។ ប្រេងអូលីវផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងមានមុខងារយ៉ាងល្អក្នុងការលុបបំបាត់ស្នាមសង្វារក្នុងរយៈពេលមួយ។
- ចូរលាបប្រេងអូលីវលើស្នាមសង្វារ ហើយម៉ាស្សានៅកន្លែងនោះថ្នមៗ។ ចូរធ្វើបែបនេះម្តង ឬពីរដងរាល់ថ្ងៃ។ ពេលលាបហើយចូរទុកវាចោលមួយយប់ទៅដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អ។
- លាយប្រេងអូលីវជាមួយទឹកក្រូចឆ្មារ និងស្ករ ហើយយកវាទៅម៉ាស្សាលើស្នាមសង្វារ។ នៅពេលជាតិស្កររលាយហើយ ចូរទុកវាចោលលើស្បែក ១៥នាទីសិនចាំលាងជាមួយទឹកក្តៅឧណ្ហៗចេញ។
ប្រេងផ្លែអាលម៉ុន
ប្រេងផ្លែអាលម៉ុនគឺជាប្រភពនៃវីតាមីន E ដ៏អស្ចារ្យ និងមានមុខងារយ៉ាងពូកែ សម្រាប់សុខភាព ស្បែក។ ប្រេងផ្លែអាលម៉ុនក៏អាចប្រើក្នុងការផ្សំគ្នានឹងប្រេងផ្សេងៗទៀតដើម្បីបំបាត់ស្នាមសង្វារដែរ។
- ចូរលាយប្រេងផ្លែអាលម៉ុនជាមួយប្រេងផ្កាឡាវេនឌឺ ហើយយកវាទៅត្រដុសនឹងស្នាមសង្វារ។ ចូរធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។ ពេលលាបរួច ចូរទុកវាចោលមួយយប់ទៅ។
- ចូរម៉ាស្សាជាមួយនឹងប្រេងនេះរាល់ថ្ងៃដើម្បីបំបាត់ស្នាមសង្វារ៕