ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖
១. ត្រប់វែង
មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស anthocyanins ដែលជួយការពារខួរក្បាលពីបញ្ហាបាត់បង់ការចងចាំ។
២. គ្រាប់ល្ពៅ
ស័ង្កសី គឺសំខាន់ណាស់សម្រាប់ជម្រុញការគិតនិងជំនាញចងចាំ។ ការទទួលទានគ្រាប់ល្ពៅជាវិធីដ៏ប្រសើរបំផុតមួយដើម្បីរក្សាបរិមាណនៃជាតិស័ង្កសីគ្រប់គ្រាន់តាមការណែនាំប្រចាំថ្ងៃ។
៣. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត (Walnuts)
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយធ្វើឱ្យសមត្ថភាពនៃការវិភាគមានភាពប្រសើរឡើង និងជម្រុញការការពារខួរក្បាល។
៤. ប៉េងប៉ោះ
មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene អាចជួយការពារកោសិកាពីការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ ការខូចខាតកោសិកាទាំងនេះភាគច្រើនកើតឡើងនៅក្នុងដំណាក់កាលនៃការវិវឌ្ឍន៍ជាជំងឺវង្វេង ជាពិសេសជំងឺ Alzheimer ។
៥. កាកាវ
សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវចាប់ពី ៧០ភាគរយអាចជួយធ្វើឱ្យសមត្ថភាពនៃការចងចាំមានលក្ខណៈប្រសើរឡើង។ កាកាវជួយបង្កើនមុខងារសសៃឈាមទៅខួរក្បាល។
៦. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អ EFAS និង DHA ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់ទាំងនេះក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ បរិមាណនៃអាស៊ីតខ្លាញ់ DHA ទាបពេកមានទំនាក់ទំនងផ្សារភ្ជាប់នឹងហានិភ័យខ្ពស់នៃបញ្ហាបាត់បង់ការចងចាំនិងជំងឺវង្វេង។
៧. ប្រូខូលី ឬផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរដោយវីតាមីន K ដែលធ្វើឱ្យថាមពលខួរក្បាលមានលក្ខណៈប្រសើរឡើងនិងជម្រុញមុខងារនៃការចងចាំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕