អាហារអ្វីខ្លះអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារអ្នកគួរញ៊ាំពេលចង់មានអារម្មណ៍ល្អ ៖
១. ស្ពៃពួយឡេង
កង្វះវីតាមីន b12 មានទំនាក់ទំនងផ្សារភ្ជាប់នឹងបញ្ហាខួរក្បាលដែលបង្កជាអាការៈថប់បារម្ភ, ជំងឺធ្លាក់ទឹកចិត្ត Depression, អស់កម្លាំង និងសូម្បីតែជំងឺវិកលចរិក។ ការទទួលទានបន្លែបៃតងដូចជាស្ពៃពួយឡេងអាចជួយរក្សាកម្រិតនៃវីតាមីន B។ បន្ថែមពីនេះវាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ folate, ជាតិដែក, សេលេញ៉ូម និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាអារម្មណ៍ល្អប្រសើរ។
២. តៃបៃតង
ជាប្រភពនៃសារធាតុ Theanine និងសមាសធាតុ Polyphenol ជួយរំញោចការផលិតសារធាតុ dopamine ដែលគ្រប់គ្រងអារម្មណ៍និងធ្វើឱ្យប្រសើរឡើង ហើយស្ងប់ជាងមុន ព្រមទាំងប្រឆាំងជំងឺពាក់ព័ន្ធខួរក្បាលទៀតផង។
៣. គ្រាប់អាល់ម៉ុន
មានផ្ទុកសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រក្សាសុខភាពផ្លូវចិត្ត ជាពិសេសសារធាតុ folate និងអាស៊ីតអាមីណូ tyrosine។
៤. សាច់, សាច់មាន់ និងស៊ុត
សារធាតុបញ្ជូនសសៃប្រសាទភាគច្រើន គឺត្រូវបានបង្កើតឡើងពីអាស៊ីតអាមីណូពីអាហារដែលពួកយើងទទួលទាន ជាពិសេសអាស៊ីតអាមីណូ tryptophan និង tyrosine។ ប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតអាមីណូទាំងនេះរួមមានសាច់, សាច់មាន់ និងស៊ុត។
៥. ត្រីសាឌីន
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា បុគ្គលដែលទទួលទានអាស៊ីតខ្លាញ់អូមេហ្កា ៣ មិនបានគ្រប់គ្រាន់ជាញឹកញយជួបប្រទះនូវអាការៈធ្លាក់ទឹកចិត្ត Depression និងអារម្មណ៍មិនល្អ។ ត្រីសាឌីនជាប្រភេទត្រីសម្បូរខ្លាញ់មួយប្រភេទដូចនឹងត្រីសាលម៉ុនដែរ គឺជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលរួមចំណែកក្នុងការផលិតសារធាតុបញ្ជូនសរសៃប្រសាទ ឬសារជាតិគីមីបញ្ជូនដំណឹងនៃខួរក្បាល។ មួយក្នុងចំណោមនោះ គឺសារធាតុ dopamine ដែលជួយក្នុងការគ្រប់គ្រងអារម្មណ៍ អាកប្បកិរិយា និងការយល់ដឹង។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕